ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កោះតៃវ៉ាន់សម្ញែងឆ្កែរ៉ូបូតល្បាត​បំពាក់អាវុធ ត្រៀមពង្រាយការពារកោះជម្លោះនៅសមុទ្រចិនខាងត្បូង​

3 ម៉ោង មុន

ទីក្រុងតៃប៉ិ៖ វិទ្យាស្ថានជាតិវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Chung-Shan ដែលជាស្ថាប័នអភិវឌ្ឍន៍អាវុធកំពូលរបស់កងទ័ពតៃវ៉ាន់ បានធ្វើការបង្ហាញជាសាធារណៈនូវ «ឆ្កែរ៉ូបូតល្បាត» ចំនួន ៣ ម៉ូដែលផ្សេងគ្នា ដែលអាចនឹងត្រូវយកទៅប្រើប្រាស់សម្រាប់ការល្បាត និងការពារសន្តិសុខនៅលើបណ្តាកោះដាច់ស្រយាលក្នុងតំបន់ជម្លោះសមុទ្រចិនខាងត្បូង នាពេលអនាគត។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២ ខែមិថុនា។

ឆ្កែយន្តជើងបួនទាំងនេះ ត្រូវបានផលិតឡើងដោយក្រុមហ៊ុន Ghost Robotics ដែលជាអ្នកផ្គត់ផ្គង់យោធាដ៏ធំរបស់សហរដ្ឋអាម៉េរិក ប៉ុន្តែត្រូវបានតៃវ៉ាន់យកមកបំពាក់បន្ថែមនូវបច្ចេកវិទ្យាផ្ទាល់ខ្លួន។

ឆ្កែរ៉ូបូតទាំង ៣ កំណែទម្រង់នេះ ត្រូវបានរចនាឡើងសម្រាប់មុខងារផ្សេងៗគ្នា រួមមាន៖ ជំនាន់ប្រមូលការសម្ងាត់​, ជំនាន់ឃ្លាំមើល​ និងជំនាន់ប្រយុទ្ធដែលបំពាក់កាំភ្លើងស្វ័យប្រវត្តិនៅលើខ្នង។ មន្ត្រីជាន់ខ្ពស់នៃវិទ្យាស្ថានបានគូសបញ្ជាក់ថា ខាងកងពលតូចម៉ារីន និងកងឆ្មាំសមុទ្រតៃវ៉ាន់ មានតម្រូវការចាំបាច់បំផុតក្នុងការប្រើប្រាស់ឧបករណ៍ទំនើបនេះ សម្រាប់ល្បាតតាមបណ្តោយឆ្នេរខ្សាច់ និងតំបន់កោះសំខាន់ៗនៅសមុទ្រចិនខាងត្បូង​ និងប្រជុំកោះដែលបច្ចុប្បន្នកំពុងរងការគំរាមកំហែងពីការកើនឡើងនៃដ្រូន និងនាវាល្បាតរបស់ចិន៕