ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ទេសឆ្អើរ​ឆ្នាំនេះឡើងថ្លៃ និងមានទីផ្សារល្អ នៅខេត្តកំពង់ឆ្នាំង​

44 វិនាទី មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​មានមុខ​របរ​ឆ្អើ​ម្ទេស​លក់ រីករាយ​សប្បាយចិត្ត ដោយសារ​ម្ទេស​ឆ្អើរ​ឆ្នាំ​នេះ បាន​ថ្លៃ​ខ្ពស់​ទ្វេ​ដង ហើយ​មិន​ពិបាក​រក​ទីផ្សារ​ទៀត ព្រោះ​ឈ្មួញ​បាន​ចុះ​មក​ទិញ ដល់​ផ្ទះ​តែ​ម្ដង​។ លោក…

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​មានមុខ​របរ​ឆ្អើ​ម្ទេស​លក់ រីករាយ​សប្បាយចិត្ត ដោយសារ​ម្ទេស​ឆ្អើរ​ឆ្នាំ​នេះ បាន​ថ្លៃ​ខ្ពស់​ទ្វេ​ដង ហើយ​មិន​ពិបាក​រក​ទីផ្សារ​ទៀត ព្រោះ​ឈ្មួញ​បាន​ចុះ​មក​ទិញ ដល់​ផ្ទះ​តែ​ម្ដង​។

លោក សេង សីហា ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​កណ្តាល សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ដែល​កំពុង​មមាញឹក ស្រុះ​ម្ទេស ក្នុង​ខ្ទះមាន​ប្រសាសន៍​ថា បច្ចុប្បន្ន​នេះ ឈ្មួញ​បាន​ចុះ​មក​ទិញ​ម្ទេស​ឆ្អើរ​ដែល​ជា​ផល​សម្រេច យក​ទៅ​លក់​នៅ​តាម​បណ្តា​ខេត្ត​នានា និង​រាជធានី​ភ្នំពេញ ។

លោក​បាន​បន្ត​ថា ការ​ផលិត​ម្ទេស​ឆ្អើរ គឺ​អ្នក​ប្រកប​មុខរបរ​នេះ​បាន​ដើរ​ទិញ ម្ទេស​ស្រស់ (​ម្ទេស​ប្លោក​) តាម​ចំការលើ​ខ្នង​កោះ​នានា រួច​យក​ម្ទេស​ប្លោក​ស្រស់​មក វះ បន្ទាប់​មក​យក​ទៅ​ស្ងោរ រួច​ស្រង់​យក​ទៅ​លាត​តម្រាប​លើ​ថែប រួច​យក​ទៅ​ហាល ។​ ម្ទេស​ស្រស់ ១​តោន ផលិត​បានជា​ម្ទេស​ឆ្អើរ សម្រេច​បាន ១៥០​គីឡូក្រាម ។ យ៉ាងនេះ​ក្តី​ពួក​គាត់​ក៏​ជួប​ការ​លំបាក ខ្លះ​ដែរ​ដោយ​ពឹងផ្អែក​លើ​កម្ដៅថ្ងៃ បើ​ថ្ងៃ​បើក​ក្តៅ​ល្អ​ម្ទេស​ក៏​ហាល​ស្ងួត​ល្អ​តាម​ហ្នឹង​ដែរ តែបើ​ថ្ងៃ​ស្រទុំ​វិញ​ម្ទេស​ក៍​មិនសូវ​ល្អ​ហើយ​ពេល​ទុក​អាច​នឹង​ដុះ​ផ្សិត អន់​គុណភាព ទៀត​ផង​។

ស្ត្រី​ឈ្មោះ សេក គឹ​ម​ឡេ​ង រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា ដែល​កំពុង​លាត​ម្ទេស​ស្ងោរ​ដាក់​លើ​ថែប យក​ទៅ​ហាល​បញ្ជាក់​ថា សព្វថ្ងៃ នេះ​មាន​តម្លៃ​ខ្ពស់​នៅ​លើ​ទីផ្សារ ដែល​ជា​ឱកាសល្អ​សម្រាប់​អ្នក​ផលិត​ដូច​ពួក​គាត់​  ។ ការ​កើនឡើង​នេះ កើតឡើង​បន្ទាប់​ពី​មានការ​បិទ​ច្រកព្រំដែន ដែល​ធ្វើ​ឱ្យ​ម្ទេស​នាំ​ចូល​ពី​ថៃ​ថយ​ចុះ ឬ​គ្មាន​ទាល់តែ​សោះ ទើប​ឈ្មួញ​ងាក​មក​ទិញ​ផលិតផល​ក្នុងស្រុក​វិញ​។ កន្លង​មក​ម្ទេស​ឆ្អើរ​យើង​​ពុំ​សូវ​មាន​ទីផ្សារ ធ្វើ​បាន​ច្រើន​ពិបាក​ក្នុង​ការ​លក់ ប៉ុន្តែ​ចាប់តាំងពី​បិទ​ច្រក​ថៃ​មក​ម្ទេស​យើង​ចាប់ផ្ដើម​មាន​ហាងឆេង​និង​ឡើងថ្លៃ ងាយស្រួល​ក្នុង​ការ​លក់ ផ្គត់ផ្គង់​ទៅ​លើ​ទីផ្សារ​ទោះបី​មាន​ចំនួន​ប៉ុន្មាន​តោន​គឺ ឈ្មួញ​ទទួល​ទិញ​យក​ទាំងអស់​  ចំណែក​តម្លៃ​វិញ​ក៏​បាន​ខ្ពស់​ផង​ដែរ​។

កាល​មិន​ទាន់​បិទ​ច្រកព្រំដែន​ថៃ ម្ទេស​ឆ្អើរ​របស់​ពួក​គាត់​  លក់​បាន​តម្លៃ​ត្រឹម ១​ម៉ឺន​រៀល ទៅ ១២០០០​រៀល ប៉ុណ្ណោះ​ក្នុង​មួយ​គីឡូក្រាម ប៉ុន្តែ​ចាប់តាំងពី​ពេល​បិទ​ច្រកព្រំដែន មក​ទល់​បច្ចុប្បន្ន​នេះ ម្ទេស​ឆ្អើរ​តម្លៃ​មាន​លំនឹង តម្លៃ​ចាប់ពី​១៨០០០​រៀល​ ទៅ​២០០០០​រៀល ក្នុង​មួយ​គីឡូក្រាម​។

ទោះជា​យ៉ាងណា​ក្តី ប្រជាពលរដ្ឋ​នៅ​តែ​បង្ហាញ​ពី​ការ​ព្រួយបារម្ភ​ចំពោះ​ការ​ធ្លាក់​ចុះ​តម្លៃ​ម្ទេស​នៅ​ពេល​ខាង​មុខ​ផង​ដែរ ។ និង​សូម​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ងាក​មក​គាំទ្រ ម្ទេស​ឆ្អើរ ដែល​ជា​ផលិតផល​ក្នុងស្រុក ដើម្បី​ជួយ​ជីវភាព​ដល់​អ្នក​ប្រកប​មុខរបរ​នេះ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ