ក្រុងសែនមនោរម្យ កាន់តែមានសោភ័ណភាព ក្រោយរដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ឋថ្មីៗ
- មណ្ឌលគិរី
ខេត្តមណ្ឌលគិរី ៖ ដើម្បីកែលម្អសោភ័ណភាព និងលើកកម្ពស់មុខមាត់ក្រុងសែនមនោរម្យ ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ទេសចរណ៍ និងវប្បធម៌ នៃភូមិភាគឦសាន រដ្ឋបាលខេត្តមណ្ឌលគិរី បាននិងកំពុងបន្តខិតខំប្រឹងប្រែងរៀបចំ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាច្រើនកន្លែង។ ក្នុងចំណោមសមិទ្ធផលទាំងនោះ រួមមាន ការរៀបចំសួនកម្សាន្ត ផ្លូវថ្មើរជើង សួនកុមារសាធារណៈ មណ្ឌលទេសចរណ៍ និងថ្មីៗនេះ អាជ្ញាធរខេត្តបានសម្រេចការសាងសង់ជញ្ជាំងថ្មភ្នំជើងទេរ និងចាក់ផ្លូវបេតុង ស្របតាមបណ្តោយផ្លូវភ្លោះសួនច្បារ ពីរង្វង់មូលគោព្រៃ ឆ្ពោះទៅវិមានឯករាជ្យមានប្រវែងសរុប ៨៨០ម៉ែត្រ។
យោងតាមការបញ្ជាក់ពី លោក ញ៉ែម រ៉ា នាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្តមណ្ឌលគិរី បានឱ្យដឹងថា គម្រោងការងាររៀបចំថ្មភ្នំជើងទេរនេះ មានប្រវែងសរុប ៨៨០ម៉ែត្រ និងមានកម្ពស់ជាមធ្យម ៤.៥០ម៉ែត្រ ដែលមានផ្ទៃក្រឡាសរុប ៣,៩៦០ម៉ែត្រការ៉េ។ មិនតែប៉ុណ្ណោះ ក្រុមការងារក៏បានរៀបចំចាក់បេតុងតាមជើងទេរ ស្របតាមបណ្តោយផ្លូវ ដោយមានទទឹងប្រហែល ៣ម៉ែត្រ ដែលធានាបានទាំងសោភ័ណភាព សុវត្ថិភាព និងភាពរឹងមាំយូរអង្វែង ក្នុងការទប់ស្កាត់ការបាក់ស្រុតដីនៅតាមជម្រាលភ្នំ។
ក្រៅពីសមិទ្ធផលខាងលើ ក្រុងសែនមនោរម្យបានផ្លាស់ប្តូរមុខមាត់យ៉ាងខ្លាំង តាមរយៈការបង្កើតឡើងនូវហេដ្ឋារចនាសម្ព័ន្ធរូបវន្តជាច្រើន ដែលរួមចំណែកធ្វើឱ្យទីក្រុងលើភ្នំមួយនេះកាន់តែមានភាពស៊ីវិល័យ។ ការរៀបចំសួនច្បារ ភ្លើងបំភ្លឺសាធារណៈ និងកន្លែងកម្សាន្តនានា បានផ្តល់ជម្រើសយ៉ាងសម្បូរបែបសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ក្នុងការមកលម្ហែកាយ។
ការអភិវឌ្ឍជាបន្តបន្ទាប់នេះ បាននិងកំពុងទទួលបានការសាទរ និងការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋក្នុងខេត្តមណ្ឌលគិរី។ បងប្អូនប្រជាពលរដ្ឋបានសម្តែងនូវក្តីរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ដែលតែងតែយកចិត្តទុកដាក់លើការកសាង និងអភិវឌ្ឍមូលដ្ឋាន។
ពួកគាត់បានលើកឡើងថា សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធទាំងនេះ មិនត្រឹមតែជួយសម្រួលដល់ការធ្វើដំណើរ និងលើកកម្ពស់សោភ័ណភាពក្រុងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាកាន់តែច្រើន ដែលជាកាតាលីករជួយបង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋក្នុងតំបន់ថែមទៀតផង។តាមរយៈចក្ខុវិស័យវែងឆ្ងាយរបស់រដ្ឋបាលខេត្តមណ្ឌលគិរី ក្រុងសែនមនោរម្យនឹងបន្តពង្រឹងកេរ្តិ៍ឈ្មោះរបស់ខ្លួនជាទីក្រុងអេកូទេសចរណ៍ធម្មជាតិដ៏មានសក្តានុពល និងជាទីក្រុងដែលគួរឱ្យចង់រស់នៅបំផុតក្នុងតំបន់ភូមិភាគឦសាន៕

















ចែករំលែកព័តមាននេះ