ទីក្រុងបេរូត៖ យោធាអ៊ីស្រាអែលបើកការវាយប្រហារតាមដែនអាកាសទៅលើប្រទេសលីបង់ភាគខាងត្បូង និងភាគខាងកើតបណ្ដាលឱ្យស្លាប់មនុស្សយ៉ាងតិច៦នាក់ និងរបួស៣នាក់។ នេះបើយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានជាតិលីបង់។ បើដូច្នេះមែន វាគឺជាការរំលោភបទឈប់បាញ់ដែលជួយសម្របសម្រួលដោយអាមេរិកកាលពីខែមេសា។ មនុស្សយ៉ាងតិច៤នាក់ស្លាប់ និង៣នាក់របួសដោយសារការវាយប្រហារពីសំណាក់យោធាអ៊ីស្រាអែលទៅលើទីក្រុងហ្សេឡាយ៉ា (Zellaya) ស្ថិតនៅប្រទេសលីបង់ភាគខាងកើត។

លោកអាលី កាសឹម អាម៉ាត (Ali Qassem Ahmad) ជាអភិបាលនៃគណៈអភិបាលក្រុងហ្សេឡាយ៉ា រួមទាំងសមាជិកគ្រួសារគាត់បីនាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារទៅលើគេហដ្ឋានរបស់គាត់នៅទីក្រុងបេកាភាគខាងកើត (Bekaa)។ យោធាអ៊ីស្រាអែលក៏បានវាយប្រហារប្រទេសលីបង់ភាគខាងត្បូងដោយប្រើប្រាស់យន្តហោះចម្បាំង និងដ្រូនជាច្រើនគ្រឿងផងដែរ។ ភូមិឈ្មោះម៉ៃហ្វាដូន (Mayfadoun) រងការផ្លោងគ្រាប់យ៉ាងជញ្ជ្រំពីសំណាក់កាំភ្លើងធំបណ្ដាលឱ្យស្លាប់មនុស្ស២នាក់។

ក្រុមហេសបូឡាអះអាងថាខ្លួនក៏បានបាញ់តដៃវិញជាមួយកងទ័ពអ៊ីស្រាអែលផងដែរ។ ហេសបូឡាអះអាងបន្តទៀតថាខ្លួនជាអ្នកវាយប្រហារទៅលើយោធាអ៊ីស្រាអែលដែលកំពុងបើកកិច្ចប្រជុំ។ យោធាអ៊ីស្រាអែលវាយប្រហារស្រុកទីរ៉េ (Tyre) ចំណែកក្រុមហេសបូឡាវាយបកវិញ។ ក្រោយមក អ៊ីស្រាអែលបានចេញបញ្ជាឱ្យមនុស្ស១២ភូមិនៅលីបង់ខាងត្បូងជម្លៀសខ្លួនជាបន្ទាន់។ អ៊ីស្រាអែលប្រាប់ឱ្យប្រជាជនរក្សាគម្លាតយ៉ាងតិច១គីឡូម៉ែត្រពីផ្ទះរបស់ពួកគេ។ ភូមិដែលប្រឈមនឹងការវាយប្រហារនោះភាគច្រើនស្ថិតនៅភាគខាងជើងទន្លេលីតានី (Litani River) ដែលជាកន្លែងមិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់យោធាអ៊ីស្រាអែលទេ។

អ៊ីស្រាអែលថ្លែងថាខ្លួនចាត់វិធានការនេះដើម្បីឆ្លើយតបទៅក្រុមហេសបូឡាដែលរំលោភបទឈប់បាញ់។ យោធាអ៊ីស្រាអែលនៅតែបន្តបើកប្រតិបត្តិការសឹករបស់ខ្លួនដើម្បីពង្រីកទីតាំងឈរជើងនៅលីបង់ខាងត្បូង។ ការវាយប្រហារលើកចុងក្រោយបង្អស់បានបង្ខំឱ្យប្រជាជនជម្លៀសខ្លួន រួមទាំងអ្នករស់នៅខាងលិចតំបន់ជ្រលងភ្នំបេកាផងដែរ។ នេះជាករណីដំបូងចាប់តាំងពីមានបទឈប់បាញ់កាលពីថ្ងៃទី១៧ ខែមេសាដែលមានការជម្លៀសខ្លួននៅទីនោះកើតឡើង។ ការប្រយុទ្ធគ្នាចាប់ផ្ដើមផ្ទុះឡើងជាថ្មីរវាងអ៊ីស្រាអែល និងហេសបូឡាកាលពីថ្ងៃទី២ ខែមីនាបន្ទាប់ពីក្រុមហេសបូឡាបាញ់រ៉ុកកែតជាច្រើនគ្រាប់ទៅលើប្រទេសអ៊ីស្រាអែល៕ ប្រភព៖ អាល់ចាស៊ីរ៉ា និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ