ខេត្តកំពង់ស្ពឺ៖ យុវជនម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកសំរោងទងធ្វើការឃាត់ខ្លួនក្រោយពីធ្វើសកម្មភាពយកកាំបិតប៉័ងតោកាប់ជនរងគ្រោះបណ្ដាលរងរបួសខណៈដែលហាមមិនឲ្យដើរចូលក្នុងចម្ការក៏ទំនាស់ពាក្យសម្ដីក្លាយជាហិង្សាតែម្តង។
ករណីហិង្សាដោយចេតនាទាញកាំបិតប៉័ងតោកាប់ជនរងគ្រោះបណ្តាលឱ្យរងរបួសបានកើតឡើងកាលពីវេលាម៉ោង៦និង២០នាទីព្រលប់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ ស្ថិតនៅក្នុងភូមិស្រែចែង ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកសំរោងទាន់បាននិយាយដឹងថានៅមុនពេលកើតហេតុកាលពីវេលាម៉ោង៦និង២០នាទី ល្ងាចថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ ឈ្មោះ ហ៊ុ រើន ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅក្នុងភូមិព្រៃកោះ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលបាននៅចាំដីចំការឬស្សីនៅក្នុងភូមិស្រែចែង ឃុំរលាំងចក ស្រុកសំរោងទង ស្រាប់តែមានឈ្មោះ ណម ណាត្រា ហៅឆាង ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិព្រៃកោះ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានដើរចូលក្នុងដីចំការខាងលើ ហើយពេលនោះឈ្មោះ ហ៊ុ រើន ក៏បានឃាត់មិនឱ្យចូលទេ។ ភ្លាមនោះក៏បានទាស់ពាក្យសម្តី ឈ្លោះប្រកែកប្រតាយប្រតប់គ្នា រួចហើឈ្មោះ ណម ណាត្រាហៅឆាង បានដើរទៅផ្ទះមកយកកាំបិតប៉័ងតោកាប់ទៅលើឈ្មោះ ហ៊ុន រើន បណ្តាលឱ្យរងរបួសចំនួន៣កន្លែង។ ជនរងគ្រោះក៏បានដាក់ពាក្យបណ្ដឹងឲ្យសមត្ថកិច្ចជួយអន្តរាគមន៍។
នគរបាលស្រុកសំរោងទងបានបន្តឲ្យដឹងទៀតថាក្រោយពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះរួចនៅវេលាម៉ោង១១យប់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ កម្លាំងផ្នែកព្រហ្មទណ្ឌស្រុក សហការជាមួយប៉ុស្តិរលាំងចក ប៉ុស្តិវល្លិសរ បានឃាត់ឈ្មោះ ណម ណាត្រា ហៅឆាង មកសាកសួរ ។ ជនសង្ស័យដៃដល់បានឆ្លើយសារភាពថា ខ្លួនពិតជាបានយកកាំបិតប៉័ងតោកាប់ទៅលើជនរងគ្រោះពិតប្រាកដមែន។
ក្រោយឃាត់ខ្លួនជនសង្ស័យដៃដល់ខាងលើ នគរបាលស្រុកសំរោងទងបានកំពុងសាកសួរ និងកសាងសំណុំរឿងបញ្ជូនបន្តទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ៕

ចែករំលែកព័តមាននេះ