រាជធានីភ្នំពេញ ៖ តើការច្នៃប្រឌិត និងការបំពានតម្លៃវប្បធម៌ មានព្រំដែនខណ្ឌចែកត្រង់ណា? ខណៈដែលវិស័យសម្អាងការខ្មែរកំពុងរីកដុះដាលខ្លាំង ស្រាប់តែថ្មីៗនេះ បែរជាមានការយកគ្រឿងរាជសម្បត្តិ ដែលជាវត្ថុសក្ការៈខ្ពង់ខ្ពស់បំផុតរបស់ជាតិ មកប្រើប្រាស់ជាគ្រឿងលម្អក្នុងពិធីមង្គលការសាមញ្ញទៅវិញ។
តើនេះជាមោទនភាព ឬជាការមើលស្រាលដល់មរតកដូនតា?
ឆ្លើយតបនឹងបញ្ហានេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្ដីណែនាំយ៉ាងម៉ឺងម៉ាត់ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦នេះ ដើម្បីតម្រង់ទិស និងបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពដែលប៉ះពាល់ដល់តម្លៃគ្រងរាជសម្បត្តិ ។
ក្រសួងវប្បធម៌បានបញ្ជាក់យ៉ាងច្បាស់ថា គ្រឿងឥស្សរិយយស ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ គឺជាគ្រឿងមហាប្រសើរដែលត្រូវបានបង្កើតឡើងសម្រាប់ថ្វាយព្រះមហាក្សត្រតែមួយព្រះអង្គគត់។ ការយកគ្រឿងទាំងនេះមកកែច្នៃ ឬថតចម្លងតាមគំរូ ដើម្បីប្រើប្រាស់ជាលក្ខណៈឯកជន គឺជាកំហុសឆ្គងដ៏ធ្ងន់ធ្ងរដែលមិនអាចលើកលែងបាន។
អ្វីដែលគួរឱ្យកត់សម្គាល់នៅក្នុងសេចក្ដីណែនាំនេះ គឺការរំលឹកពីទិដ្ឋភាពច្បាប់។ ការកែច្នៃ ឬការប្រើប្រាស់គ្រឿងឥស្សរិយយសដោយខុសច្បាប់ នឹងត្រូវផ្ដន្ទាទោសតាមមាត្រា៤៣៧ (សូន្យ) នៃច្បាប់ស្ដីពីវិសោធនកម្មក្រមព្រហ្មទណ្ឌ។ នេះគឺជាសារដាស់តឿនយ៉ាងច្បាស់ថា វប្បធម៌មិនមែនជារឿងសម្រាប់លេងសើច ឬច្នៃតាមអំពើចិត្តនោះទេ ។
ក្រសួងបានស្នើឱ្យបុគ្គលទាំងឡាយណា ដែលបានកែច្នៃ និងកំពុងប្រើប្រាស់គ្រឿងលម្អដែលយកតាមគំរូគ្រឿងឥស្សរិយយសជាតិ ត្រូវបញ្ឈប់ និងលុបចេញរាល់រូបភាពដែលបានបង្ហោះតាមបណ្ដាញសង្គមនាពេលកន្លងមកជាបន្ទាន់។ បញ្ឈប់ការច្នៃ និងការប្រើប្រាស់ នូវគ្រឿងទាំងនោះជាដាច់ខាត។ ប្រសិនបើនៅតែបន្ត ក្រសួងនឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះបុគ្គលទាំងឡាយណាដែលនៅតែបំពាន។
ក្រសួងក៏បានដាក់បញ្ជាទៅកាន់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈទាំង២៥ រាជធានី-ខេត្ត ឱ្យចុះពង្រឹងសកម្មភាពណែនាំផ្ទាល់ដល់សិល្បករ សិល្បការិនី អាជីវករសម្អាងការ និងអ្នកពាក់ព័ន្ធទាំងអស់ ឱ្យយល់ដឹងពីតម្លៃពិតនៃគ្រឿងមង្គលការខ្មែរ។ ជាមួយគ្នានេះ ត្រូវបញ្ឈប់ការប្រើប្រាស់គ្រឿងដែលតម្រូវតាមគ្រឿងឥស្សរិយយសដ៏ខ្ពង់ខ្ពស់នេះឱ្យមានប្រសិទ្ធភាព។
ការស្រឡាញ់វប្បធម៌ ត្រូវដើរទន្ទឹមនឹងការយល់ដឹង និងការគោរព។ ភាពស្រស់ស្អាតនៃអាពាហ៍ពិពាហ៍ខ្មែរ មិនស្ថិតលើការតម្លើងឋានៈឱ្យលើសពីការពិតនោះទេ ប៉ុន្តែគឺស្ថិតលើភាពថ្លៃថ្នូរតាមគន្លងប្រពៃណី។ ចូរឱ្យ «ព្រះរាជមហាកណ្ឋាភណ្ឌ» បន្តរាយមហិទ្ធិឫទ្ធិនៅលើរាជបល្ល័ង្ក ហើយឱ្យគ្រឿងមង្គលការខ្មែរ បន្តបង្ហាញសម្រស់ដ៏ត្រកាលក្នុងពិធីមង្គលជ័យរបស់កូនខ្មែរគ្រប់រូប ដោយភាពត្រឹមត្រូវតាមច្បាប់ និងអត្តសញ្ញាណជាតិ៕
ចែករំលែកព័តមាននេះ