សង្គ្រាមអ៉ីរ៉ង់ ៖ ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ ថ្លែងនាថ្ងៃទី១ មេសា ថា នឹងបន្តវាយប្រហារអ៉ីរ៉ង់មិនបន្ធូរដៃក្នុងរយៈពេល២ ទៅ៣សប្ដាហ៍ទៀត ដោយគំរាមជាពិសេស វាយប្រហារបណ្ដាហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីរបស់ប្រទេសនោះ ។

ក្នុងសង្គថាមួយនៅឯសេតវិមានទៅកាន់ប្រជាជាតិ លោកត្រាំលើកឡើងថា យើងនឹងវាយប្រហារ
អ៉ីរ៉ង់ខ្លាំងក្លាបំផុត ក្នុងរយៈពេលពី២ ទៅ៣សប្ដាហ៍ទៀត។ យើងនឹងប្រែក្លាយអ៉ីរ៉ង់ទៅកាន់យុគសម័យថ្មវិញ តែដោយរង់ចាំការពិភាក្សាគ្នាកំពុងបន្ត ។ ប្រសិនបើគ្មានកិច្ចព្រមព្រៀងមួយទេ យើងនឹងវាយប្រហារបណ្ដាមជ្ឈមណ្ឌលអគ្គិសនីអ៉ីរ៉ង់ខ្លាំងបំផុត ហើយអាចវាយកម្ទេចទាំងអស់ដំណាលគ្នាតែម្ដង ។ នេះជាការគំរាមជាថ្មីរបស់លោកត្រាំ ។
លោកត្រាំអះអាងម្យ៉ាងទៀតថា យើងដាច់ខាតនឹងមិនអនុញ្ញាតឲ្យអ៉ីរ៉ង់មានអាវុធនុយក្លេអ៊ែរឡើយ ប្រសិនបើអ៉ីរ៉ង់មានអាវុធនុយក្លេអ៊ែរ នោះនឹងជាការគំរាមកំហែងដ៏ទារុណមួយ ។ ដាច់ខាត ខ្ញុំនឹងមិនអនុញ្ញាតឲ្យរឿងបែបនេះ កើតមានបានទេ ។
ប្រឈមមុខនឹងខ្យល់បក់ផ្ទុយទិសគ្នាខាងផ្នែកពាណិជ្ជកម្ម និងនយោបាយ ជាងមួយខែ ក្រោយការវាយប្រហារគួរឲ្យភ្ញាក់ផ្អើលលើអ៉ីរ៉ង់ លោកត្រាំកាលពីយប់ថ្ងៃទី១ មេសា បានការពារជម្លោះដែលកាន់តែគ្មានប្រជាប្រិយភាពនោះនៅសហរដ្ឋអាមេរិក ដោយអះអាងប្រាប់ប្រជាជាតិថា សកម្មភាពយោធានៅមជ្ឈឹមបូព៌ាជិតឈានដល់ទីបញ្ចប់ហើយ ។
ក្នុងសង្គថានៅសេតវិមាននោះ លោកអះអាងថា សហរដ្ឋអាមេរិកកំពុងដើរលើផ្លូវដ៏ល្អដើម្បីឲ្យសម្រេចបណ្ដាគោលដៅយោធាក្នុងពេលដ៏ឆាប់ខាងមុខនេះ តែមុនបញ្ចប់ការវាយប្រហារកាន់តែបង្កើនទ្វេដង ។ យើងនឹងវាយប្រហារអ៉ីរ៉ង់មហាខ្លាំងបំផុត។

ក្នុងរយៈពេលពី២ ទៅ៣សប្ដាហ៍ខាងមុខនេះ យើងនឹងវាយប្រហារអ៉ីរ៉ង់ឲ្យវិលទៅកាន់យុគសម័យថ្មី។ ក្នុងរយៈពេល៤សប្ដាហ៍កន្លងមកនេះ កងទ័ពយើងដណ្ដើមបាននៅលើទីលានប្រយុទ្ធនូវជ័យជម្នះដ៏ឆាប់រហ័ស ។ លោកអះអាងទៀតថា ក្រោយរយៈពេល៣២ថ្ងៃ នៃការវាយប្រហារ អ៉ីរ៉ង់លែងជាការគំរាមកំហែងពិតប្រាកដទៀតហើយ ។
មានសំណួរសួរថា តើអាមេរិកនឹងចាកចេញពីសង្គ្រាមនោះដោយរបៀបណា? នេះជារឿងមិនច្បាស់ទាំងស្រុងនៅឡើយ ។ សរុបមក ហាក់ដូចជាគ្មានអ្វីថ្មីឡើយ ក្នុងសុន្ទរកថារបស់លោកត្រាំនាពេលនេះ។

ងាកមកមើលការវាយប្រហារគ្នាវិញស្នូរស៊ីរ៉ែនបានលាន់ឮជាច្រើនលើក ក្នុងភាគកណ្ដាលអ៉ីស្រាអែល កាលពីយប់ថ្ងៃទី១ មេសា ពេលដែលអ៉ីរ៉ង់បន្តបាញ់ស្រោចគ្រាប់មីស៊ីលបាលីស្ទិកសំដៅទីនោះ ដែលនេះជាការវាយប្រហារសំខាន់របស់អ៉ីរ៉ង់ចាប់តាំងពីបណ្ដាថ្ងៃដំបូងនៃសង្គ្រាមមក។ ប៉ុន្មាននាទីក្រោយមក កងទ័ពអ៉ីស្រាអែលប្រកាសថា បានចាប់ឃើញមីស៊ីលមួយទៀតដែលជា
មីស៊ីលទី៦បាញ់ចេញនាថ្ងៃនោះ។
ការបាញ់មីស៊ីលរបស់អ៉ីរ៉ង់លើអ៉ីស្រាអែលរយៈពេល២សប្ដាហ៍ចុងក្រោយនេះ មានការចុះថយច្រើន ត្រឹមតែប្រមាណពី១០ ទៅ១៥គ្រាប់ប៉ុណ្ណោះក្នុង១ថ្ងៃ។ មនុស្សយ៉ាងតិច១៤នាក់ រងរបួសនៅអ៉ីស្រាអែលដោយការវាយប្រហារថ្មីរបស់អ៉ីរ៉ង់ ក្នុងនោះក្មេងស្រីម្នាក់់របួសធ្ងន់ ៕

ចែករំលែកព័តមាននេះ