គោកព្នៅ ជាបណ្តុំទួលមនុស្សរស់នៅ ដែលស្ថិតនៅភាគអាគ្នេយ៍ស្រះស្រង់ និងខាងនិរតីនៃប្រាសាទប្រែរូបប្រហែល៥០០ម៉ែត្រ ។ នៅតាមទួលមួយចំនួននៅគោកព្នៅ មានអំបែងភាជន៍ ដុំដីដុត និងដុំឥដ្ឋដុត នៅរាយប៉ាយពីលើជាច្រើន ។ នេះបើយោងតាមផេក។ នេះបើយោងតាមផេកអាជ្ញាធរជាតិអប្សរា បានប្រកាសនាព្រឹកថ្ងៃទី០២ ខែមេសានេះ ។
តាមរយៈការសិក្សាពីអំបែងភាជន៍ទាំងនោះ បានបង្ហាញថា មានខ្លះជាភាជន៍ប្រើប្រចាំថ្ងៃមានដូចជា ឆ្នាំងដី ក្អម ផើង។ល។ ខ្លះជាប្រភេទភាជន៍រឹងមានដូចជា ចាន ក្រឡ ដែលគ្មានស្រទាប់រលោង និងខ្លះមានស្រទាប់រលោង ។
លោក ទិន ទីណា អនុប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល និងផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់ថា គោកព្នៅជាសហគមន៍ស្មូន ដូចការសន្និដ្ឋានរបស់អ្នកស្រាវជ្រាវមួយចំនួនទើបនៅឆ្នាំ២០២៥ ផ្នែកស្រាវជ្រាវនៃនាយកដ្ឋានស្រាវជ្រាវបណ្តុះបណ្តាល និងផ្សព្វផ្សាយ បានជ្រើសរើសយកទួលត្រពាំងថ្មអណ្ដែត ធ្វើកំណាយស្រាវជ្រាវ ។
ក្រៅពីនេះ ដើម្បីប្រមូលទិន្នន័យបន្ថែមទៀតនៅឆ្នាំ២០២៦ ក្រុមអ្នកស្រាវជ្រាវ បានជ្រើសរើសទួលមួយ ដែលនៅខាងត្បូងឡថ្មត្រពាំងអណ្តែត សម្រាប់ធ្វើកំណាយ ។
លោក ឆាយ រចនា ប្រធានការិយាល័យ នៃនាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល និងផ្សព្វផ្សាយ បានបង្ហាញពីលទ្ធផលស្រាវជ្រាវដែលទទួលបានក្នុងពេលថ្មីៗនេះថា ក្រុមស្រាវជ្រាវបានរកឃើញស្លាកស្នាមឡ ក្នុងដំណាក់កាលដំបូង គឺរចនាសម្ពន្ធឡ ទាំងមូលធ្វើដីឥដ្ឋ ។ ចំណែករចនាសម្ពន្ធឡចុងក្រោយ ដូចដែលយើងបានឃើញនេះ គឺធ្វើពីឥដ្ឋដុត ហើយឡដែលទើបបានរកឃើញថ្មីនេះ ទំនងជារចនាសម្ពន្ធឡចុងក្រោយ មុនពេលដែលសហគមន៍ស្មូនបានបោះបង់ចោល ។
លោក ពិទូ ភិរម្យ បុរាណវិទូ ឱ្យដឹងថា កាសាងសង់ឡនៅទួលនេះ មានការវិវត្តខុសប្លែកពីឡផ្សេងៗ ដោយសាររចនាសម្ពន្ធឡនេះមានកម្រាល និងជញ្ជាំងធ្វើពីឥដ្ឋ ។ តាមរយៈស្លាកស្នាម ដែលនៅសេសសល់ យើងអាសន្និដ្ឋានបានថា ឡមានទំហំប្រមាណ១.៨០ម៉ែត្រ ហើយអាចមានកម្ពស់ប្រវែង១.៨០ម៉ែត្រទៅ២ម៉ែត្រ និងមានបំពង់ផ្សែងនៅលើដំបូល ។
លោក ភិរម្យ បានបញ្ជាក់បន្ថែមទៀតថា រចនាសម្ពន្ធឡ គឺជញ្ជាំងធ្វើពីដីឥដ្ឋដុត មានរន្ធខ្យល់តាមទិសចំនួន៤ មានគុកដុតភ្លើងចំនួន ៤នៅតាមជ្រុង ។ ផ្នែកកណ្តាលនៃតួឡមានជើងទម្ររាងជើងក្អែក និងគុកដុតដាក់ភាជន៍ ។ ក្រុមអ្នកស្រាវជ្រាវបានយកសំណាកធ្យូង និងបំណែកកុលាលភាជន៍មួយចំនួនចេញពីឡនេះ សម្រាប់វិភាគស្វែងរកអាយុកាល ។ ដោយឡែកទាក់ទងនឹងការស្វែងយល់ពីការលើកទួល និងកន្លែងស្មូនចោលអំបែងភាជន៍ និងសំណល់ឡ។ល។
លោក ញឹម ស៊ីដេត បុរាណវិទូ បានបង្ហាញថា ស្រទាប់ដីនីមួយៗក្នុងរណ្តៅកំណាយនៅក្បែរបរិវេណតួឡ គឺមានអំបែងភាជន៍ជាច្រើនប្រភេទ ។ អំបែងភាជន៍ទាំងនោះ មានជាភាជន៍ប្រើប្រចាំថ្ងៃដូចជា អំបែងឆ្នាំងដី ក្អម ផើង ខ្លះជាប្រភេទភាជន៍រឹងមានដូចជា ចាន ក្រឡ ហើយគ្មានស្រទាប់រលោង ។
ដោយឡែក ចំពោះកាលបរិច្ឆេទនៃឡនេះ ក្រុមអ្នកស្រាវជ្រាវពុំទាន់អាចកំណត់បាននៅឡើយទេ ។ ប៉ុន្តែបើយើងប្រៀបធៀបជាមួយលទ្ធផល ដែលទទួលបានពីការវិភាគលើសំណាកធ្យូង ដែលយកពីស្រទាប់ដី ដែលនៅសល់រចនាសម្ពន្ធឡដុតភាជន៍ខ្លះៗពីរណ្តៅកំណាយមួយចំនួន ដែលបានធ្វើដោយគម្រោង Greater Angkor Project នៅឆ្នាំ២០១១ បានបង្ហាញថា ស្រទាប់ដីនោះមានអាយុកាលចាប់ពីសតវត្សរ៍ទី៩ ទៅដល់សតវត្សរ៍ទី១២។
ដូច្នេះ យើងអាចសន្និដ្ឋានជាបឋមបានថា ឡត្រពាំងថ្មអណ្តែត និងឡដែលទើបរកឃើញនេះ អាចចាប់ដំណើរការផលិតចាប់ពីសតវត្សរ៍ទី៩ ទៅដល់សតវត្សរ៍ទី១២ ៕ អត្ថបទៈ យី សុថា









ចែករំលែកព័តមាននេះ