ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្តម ប៉ែន បូ​ណា​ ៖ ​ទោះ​ក្នុង​ពេល​ប្រារព្ធ​ពិធី​​បុណ្យចូលឆ្នាំ ក៏​រាជរដ្ឋាភិបាល និង​ថ្នាក់ដឹក​នាំ​​កម្ពុជា មិន​ភ្លេច​កាតព្វកិច្ច«​ការពារ​បូរណភាព​ទឹក​ដី និង​ប្រជាជន»

1 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ​៖ ​ទោះ​ក្នុង​ពេល​ប្រារព្ធ​ពិធី​បុណ្យចូលឆ្នាំ ក៏​រាជរដ្ឋាភិបាល និង​ថ្នាក់ដឹកនាំ​កម្ពុជា​មិន​ភ្លេច​កាតព្វកិច្ច«​ការពារ​បូរណភាព​ទឹកដី និង​ប្រជាជន» ដែល​ជា​អាទិភាព​ខ្ពស់​បំផុត​របស់​ខ្លួន​ឡើយ​ ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល ​។…

រាជធានីភ្នំពេញ ​៖ ​ទោះ​ក្នុង​ពេល​ប្រារព្ធ​ពិធី​បុណ្យចូលឆ្នាំ ក៏​រាជរដ្ឋាភិបាល និង​ថ្នាក់ដឹកនាំ​កម្ពុជា​មិន​ភ្លេច​កាតព្វកិច្ច«​ការពារ​បូរណភាព​ទឹកដី និង​ប្រជាជន» ដែល​ជា​អាទិភាព​ខ្ពស់​បំផុត​របស់​ខ្លួន​ឡើយ​ ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល ​។

ថ្លែង​ក្នុង​ស​ន្និ​សី​ទ​សារព័ត៌មាន​ នា​ព្រឹក​ថ្ងៃ​ទី​២ មេ​សា ឆ្នាំ​២០២៦​ នេះ​ ឯកឧត្តម ប៉ែន បូ​ណា អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល​បាន​លើក​ឡើង​ថា ​ការងារ​ការទូត​សកម្ម​នៅ​តែ​ដំណើរការ​ឥត​​ឈប់​ឈរ​នៅ​គ្រប់​ស្ថាប័ន​កំពូល​របស់​ជាតិ​ទាំង​ក្នុង​ស្ថាប័ន​នីតិបញ្ញត្តិ និង​នីតិប្រតិបត្តិ ក៏​ដូច​​ជា​ ក្រសួង ស្ថាប័ន ដែល​ជា​សេនាធិការ​របស់​រាជរដ្ឋាភិបាល​ ។

អ្នកនាំពាក្យ​បាន​បន្ថែម​ថា ​ទន្ទឹម​នឹង​ការ​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ដើម្បី​ផលប្រយោជន៍​សង្គម សេដ្ឋកិច្ច​ទៅ​វិញ​ទៅ​មក​ ជាមួយ​ដៃគូ​អន្តរជាតិ របៀបវារៈ​ស្តី​ពី​បញ្ហា​ព្រំដែន និង​ផល​ប៉ះពាល់​លើ​ជនភៀសសឹក និង​ជំហរ​ចង់បាន​ដំណោះស្រាយ​ដោយ​សន្តិវិធី ដោយ​ផ្អែក​លើ​គោលការណ៍​ច្បាប់​អន្តរជាតិ តែងតែ​ត្រូវ​បាន​លើក​ឡើង​ដោយ​បញ្ជាក់​ជំហរ​យ៉ាង​​ច្បាស់​ថា កម្ពុជា​មិន​ទទួល​ស្គាល់​ជា​ដាច់ខាត​នូវ​ការ​កែប្រែ​ខ្សែ​ព្រំដែន​ដោយ​ការ​ប្រើ​កម្លាំង​​ឡើយ​ ។

ជាមួយ​គ្នា​នោះ​ដែរ​ ឯកឧត្តម​អ្នកនាំពាក្យ​បាន​លើក​ឡើង​ថា ​ក្រៅពី​ជួប​សំណេះសំណាល អម​​ដោយ​កម្មវិធី​អបអរសាទរ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ ជាមួយ​បងប្អូន​ជនភៀសសឹក ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​នី រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​) ក៏​បាន​ដឹកនាំ​ក្រុមការងារ​ជួប​សំណេះសំណាល​និង​ចែក​អំណោយ​ដល់​វីរ​កងទ័ព​ដែល​កំពុង​ឈរជើង​ការពារ​ព្រំដែន​នៅ​ជួរ​មុខ​ផង​ដែរ​ ។ កម្មវិធី​នេះ​ ធ្វើ​ឡើង​ក្នុង​ស្មារតី សមរភូមិ​ក្រោយ និង​សមរភូមិ​មុខ​រួមសុខទុក្ខ​ជាមួយ​គ្នា ដើម្បី​ការពារ​បូរណភាព​ទឹកដី និង​ប្រជាជន ​។

ឯកឧត្តម​បាន​ពន្យល់​ថា ​ខុស​ពី​ការ​បកស្រាយ​ដែល​មាន​ចរិត​ញុះញង់​របស់​ក្រុមប្រឆាំង​ជ្រុលនិយម​មួយ​ចំនួន​នៅ​ក្រៅប្រទេស ដើម្បី​បំបែកបំបាក់​សាមគ្គី​នៃ​មហា​គ្រួសារ​ខ្មែរ កម្មវិធី​ជួប​សំណេះសំណាល និង​អបអរសាទរ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ជាមួយ​ពលរដ្ឋ​ភៀស​សឹក និង​វីរ​យុទ្ធ​​ជ​ន​ជួរ​មុខ បាន​បង្ហាញ​ពី​មនោសញ្ចេតនា​ផ្សារ​ភ្ជាប់​គ្នា​មិន​អាច​កាត់​ផ្តាច់​គ្នា​បាន​រវាង​សមរ​ភូមិ​មុខ និង​សមរភូមិ​ក្រោយ ក្នុង​នាម​មហា​គ្រួសារ​ខ្មែរ​តែ​មួយ ដែល​មិន​បោះបង់​ចោល​គ្នា និង​តែង​ផ្តល់​ក្តី​សង្ឃឹម និង​ភាព​កក់ក្តៅ​ដល់​គ្នា ជា​ពិសេស ​ក្នុង​គ្រា​មានទុក្ខ​លំបាក​។

សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី​ធ្លាប់​បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ឆ្នាំ​នេះ​ត្រូវ​ប្រារព្ធ​ធ្វើ​ឡើង​ក្នុង​អត្ថន័យ​លើកកម្ពស់​តម្លៃ​វប្បធម៌ ប្រពៃណី​ជាតិ ដោយ​ផ្សារ​ភ្ជាប់​ជា​មួយ​ការ​រម្លឹក​គុណ​វីរ​យុទ្ធ​ជួរ​មុខ និង​ការ​ចុះ​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​ភៀស​សឹក​នៅ​តាម​មណ្ឌល​​សុវត្ថិភាព​នា
នា​។

អ្នកនាំពាក្យ​បាន​លើក​ឡើង​ទៀត​ថា  អាច​និយាយ​បាន​ថា ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ឆ្នាំ​នេះ មិន​ត្រឹមតែ​បង្ហាញ​ពី​តម្លៃ​វប្បធម៌ និង​ប្រពៃណី​ជាតិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​បង្ហាញ​ពី​វីរភាព​ដ៏​អង់អាច​ក្លាហាន​របស់​វីរ​យុទ្ធ​ជន​ជួរ​មុខ ក្នុង​ការ​ការពារ​បូរណភាព​ទឹកដី ក៏​ដូច​ជា​ការ​ចែករំលែក​ក្តី​ស្រឡាញ់ និង​ការ​រួមសុខទុក្ខ​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ភៀស​សឹក​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ