រាជធានីភ្នំពេញ ៖ កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៣កម្ពុជា និងកងបញ្ជាការការពារព្រំដែនចន្ទបុរី-ត្រាតរបស់ថៃ គ្រោងនឹងត្រូវធ្វើនៅក្នុងអំឡុងខែតុលាខាងមុខ នេះបើតាមសេចក្តីប្រកាសព័ត៌មានក្រសួងការពារជាតិកម្ពុជា ។
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៣ នៃព្រះរាជាណាចក្រកម្ពុជា និងកងបញ្ជាការការពារព្រំដែនចន្ទបុរី-ត្រាត នៃព្រះរាជាណាចក្រថៃ គ្រោងនឹងត្រូវធ្វើនៅក្នុងអំឡុងខែតុលាខាងមុខនេះ។
យោធភូមិភាគទី៣ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជូនលិខិតអញ្ជើញរួចហើយទៅកងបញ្ជាការការពារព្រំដែនចន្ទបុរី-ត្រាត នៃព្រះរាជាណាចក្រថៃ ដើម្បីជួបប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ដែលគ្រោងនឹងរៀបចំធ្វើនៅថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ នៅខេត្តកោះកុង ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។
កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នេះមានគោលបំណង ដើម្បីជំរុញការបន្តអនុវត្តបទឈប់បាញ់រវាងកម្ពុជានិងថៃឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ព្រមទាំងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែងសំដៅលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ ៕
ចែករំលែកព័តមាននេះ