ខេត្តកំពង់ចាម៖ អាជ្ញាធរខេត្តកំពង់ចាម បានព្រមានចាត់វិធានការចំពោះអាជីវកររូបណាដែលតែងតែដំឡើងថ្លៃក្នុងការលក់ដូរតាមរមណីយដ្ឋាននានា ជាពិសេសនៅថ្ងៃឈប់សម្រាក និងពេលមានពិធីបុណ្យជាតិជាដើម។
យោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី៣០ ខែកញ្ញានេះ បានឱ្យដឹងថា
ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តបានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្តកំពង់ចាម ប្រចាំខែសីហា ដោយមានការចូលរួមពីសំណាក់ អភិបាលរងខេត្ត កងកម្លាំងទាំងបី នាយក នាយករងរដ្ឋបាលសាលាខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង ស្រុក និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត នៅសាលប្រជុំសាលាខេត្តកំពង់ចាម។
ក្នុងឱកាសនេះ ឯកឧត្តម អភិបាលខេត្តកំពង់ចាម ថ្លែងព្រមានចាត់វិធានការចំពោះអាជីវករណាដែលតែងតែដំឡើងថ្លៃក្នុងការលក់ដូរតាមរមណីយដ្ឋាននានា ជាពិសេសនៅថ្ងៃឈប់សម្រាក និងពេលមានពិធីបុណ្យជាតិជាដើម។
ឯកឧត្តម បានលើកឡើងថា រឿងដែលកើតឡើងដដែលៗដោយសារការដំឡើងតម្លៃក្នុងការលក់ដូរនាឱកាសបុណ្យជាតិ នៅតាមរមណីដ្ឋាននានា ក្នុងខេត្តកំពង់ចាម ជាពិសេសគឺនៅរមណីដ្ឋានទឹកឆាតែម្ដង គឺមានអាជីវករ តាមតូបលក់ដូរមួយចំនួនតូច នៅតែដំឡើងថ្លៃទំនិញ និងម្ហូបអាហារ នៅថ្ងៃមានពិធីបុណ្យជាតិ បើទោះបីមានការណែនាំជាច្រើនលើកច្រើនសាក៏ដោយ។
ចំពោះបញ្ហានេះ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់មន្ទីរទេសចរណ៍ខេត្ត សហការជាមួយអាជ្ញាធរមូលដ្ឋាន បន្តឱ្យក្រុមការងារចុះទៅតាមដានជាប្រចាំ គ្រប់រមណីយដ្ឋានទាំងអស់ក្នុងខេត្តកំពង់ចាម ដើម្បីដឹងថាការលក់ដូររបស់គាត់មានតម្លៃសមរម្យទៅតាមមុខទំនិញ មិនលក់ឡើងថ្លៃហួសហេតុពេក និងគោរពទៅតាមការណែនាំរបស់មន្ត្រីជំនាញ។
លើសពីនេះ ឯកឧត្តមអភិបាលខេត្តកំពង់ចាម បានបន្ថែមថា ក្នុងករណីណែនាំរួចហើយនៅតែមិនស្ដាប់ គឺត្រូវបណ្ដេញចេញ មិនអនុញ្ញាតឱ្យប្រកបអាជីវកម្មលក់ដូរនៅក្នុងបរិវេណរមណីយដ្ឋាននោះទៀតឡើយ ព្រោះថាទង្វើបែបនេះគឺធ្វើឱ្យបាត់បង់នូវភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលអញ្ជើញមកលេងកម្សាន្ត នៅរមណីយដ្ឋាននានា ក្នុងខេត្តកំពង់ចាម និងប៉ះពាល់ដល់កិត្តិយស មុខមាត់ខេត្តទាំងមូលផងដែរ៕
ចែករំលែកព័តមាននេះ