ទីក្រុងហ្កាហ្សា៖ ក្រុមហាម៉ាស់ថ្លែងថាខ្លួននឹងយកផែនការសន្តិភាពដែលស្នើឡើងដោយលោកត្រាំ និងដែលត្រូវលោកណឺតាន់យ៉ាហ៊ូឯកភាពរួចហើយនោះទៅត្រិះរិះពិចារណា។ លទ្ធផលយ៉ាងណានឹងជូនដំណឹងនៅពេលក្រោយទៀត។ សំណើនេះទាមទារឱ្យហាម៉ាស់ទម្លាក់អាវុធចុះចាញ់បើពួកគេចង់ឱ្យអ៊ីស្រាអែលបិទបញ្ចប់ការវាយប្រហារ។ បើហាម៉ាស់ធ្វើដូច្នេះបាន អ៊ីស្រាអែលនឹងជួយសម្រួលការដឹកជញ្ជូនជំនួយមនុស្សធម៌ទៅចែកជូនប្រជាជនប៉ាឡេស្ទីន និងជួយកសាងតំបន់ហ្កាហ្សាឡើងវិញ។
នៅក្នុងសម័យអន្តរកាលដែលកំពុងរង់ចាំចម្លើយពីហាម៉ាស់ សហគមន៍អន្តរជាតិបង្ហាញការគាំទ្រផែនការសន្តិភាពនោះយ៉ាងភ្លូកទឹកភ្លូកដី។ អធិការបតីអាល្លឺម៉ង់ លោកហ្វ្រីតរីច ម៊ែក (Friedrich Merz) យល់ថាផែនការនេះជាជម្រើសដ៏ល្អប្រសើរបំផុតដើម្បីរំលត់ភ្លើងសង្គ្រាមនៅហ្កាហ្សា។ លោកថ្លែងអំណរគុណចំពោះលោកត្រាំដែលតែងតែខិតខំអស់ពីកម្លាំងកាយចិត្តដោយមិនខ្លាចនឿយហត់ និងក៏អរគុណចំពោះក្រុមប្រទេសអារ៉ាប់ និងមូស្លីមនៅមជ្ឈិមបូព៌ាដែលជួយខ្នះខ្នែងនៅក្នុងរឿងនេះ។
លោកថ្លែងបន្តទៀតថាអាល្លឺម៉ង់នឹងបន្តទាក់ទងគ្នាជាមួយប្រទេសជិតខាងអឺរ៉ុប និងអាមេរិកដើម្បីតាមដានសភាពការណ៍នេះ។ លោកម៊ែកទើបតែទទួលជួបក្រុមគ្រួសារចំណាប់ខ្មាំងដែលកំពុងស្ថិតនៅក្នុងដៃរបស់ក្រុមហាម៉ាស់។ នៅក្នុងពិធីសំណេះសំណាលនោះ លោកម៊ែកថ្លែងថាការរងទុក្ខវេទនារបស់ចំណាប់ខ្មាំងគួរណាស់បិទបញ្ចប់ត្រឹមនេះ។ លោកសូមអំពាវនាវឱ្យហាម៉ាស់ដោះលែងចំណាប់ខ្មាំងទាំងអស់ត្រឡប់មកវិញ។
ប្រធានាធិបតីបារាំង លោកម៉ាក្រុង យល់ថានៅពេលនេះ ហាម៉ាស់គ្មានជម្រើសអ្វីក្រៅពីដោះលែងចំណាប់ខ្មាំង និងទទួលយកលក្ខខណ្ឌនៃផែនការសន្តិភាពនេះទេ។ លោកម៉ាក្រុងគាំទ្រឆន្ទៈរបស់លោកត្រាំដែលចង់បញ្ចប់សង្គ្រាមនៅហ្កាហ្សា និងដោះលែងចំណាប់ខ្មាំងទាំងអស់។ លោកយល់ថាលក្ខខណ្ឌទាំងនេះនឹងក្លាយជាធាតុផ្សំដ៏សំខាន់នៃការពិភាក្សាគ្នាបង្កើតរដ្ឋប៉ាឡេស្ទីននាពេលអនាគត។
មន្ត្រីជាន់ខ្ពស់របស់ក្រុមហាម៉ាស់ប្រាប់ថាថ្នាក់ដឹកនាំកំពូលៗរបស់ខ្លួននឹងបើកកិច្ចប្រជុំសម្ងាត់ ហើយនឹងពិភាក្សាជាមួយក្រុមប៉ាឡេស្ទីនដទៃទៀតមុននឹងឈានដល់ការឆ្លើយតបចំពោះផែនការរបស់លោកត្រាំ។ ហាម៉ាស់ទទួលបានផែនការនោះតាមរយៈប្រទេសអេហ្ស៊ីប និងកាតាដែលជាអ្នកសម្របសម្រួលការចរចា ហើយនឹងចាប់ផ្ដើមពិគ្រោះគ្នាចាប់ពីថ្ងៃនេះតទៅ។ ប៉ុន្តែហាម៉ាស់មិនទាន់កំណត់ថានឹងផ្ដល់ចម្លើយតបនៅពេលណាពិតប្រាកដទេ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានអេភី និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ