ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសនាថ្ងៃទី២៩ ខែកញ្ញានេះថា ៖ គណៈកម្មាធិការបញ្ចេញពូជដំណាំ បានឯកភាពទាំងស្រុងក្នុងការអនុញ្ញាតឱ្យបញ្ចេញពូជដំណាំថ្មីសំខាន់ៗចំនួនពីរប្រភេទ គឺ ពូជដំឡូងមី និងពូជស្រូវស្រងែ ដើម្បីផ្តល់ផលប្រយោជន៍ និងទិន្នផលខ្ពស់ដល់កសិករ ។

ក្នុងការសម្រេចនេះ ឯកឧត្ដម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណៈកម្មាធិការបញ្ចេញពូជដំណាំ បានអញ្ជើញដឹកនាំកិច្ចប្រជុំវាយតម្លៃលើការបញ្ចេញប្រភេទពូជដំណាំដំឡូងមីស្រឡាយ TMEB419 របស់វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) ។ កិច្ចប្រជុំនេះ មានការចូលរួមពីឯកឧត្តម លោក លោកស្រី ជាសមាជិក សមាជិកានៃគណៈកម្មាធិការ និងក្រុមការងារស្រាវជ្រាវពូជដំណាំដំឡូងមី ។
ចាប់ពីឆ្នាំ ២០២២-២០២៤ វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា និងអគ្គនាយកដ្ឋានកសិកម្ម បានអនុវត្តពិសោធន៍ពហុកន្លែងនៅតាមក្សេត្របរិស្ថានផ្សេងៗគ្នា សរុបចំនួន៨កន្លែង ក្នុងខេត្តព្រះវិហារ ក្រចេះ ត្បូងឃ្មុំ កំពង់ចាម បន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ ។

តាមការធ្វើពិសោធសម្តែងកម្ម នៅស្ថានីយចម្ការកសិករ និងការធ្វើទិវាចម្ការបង្ហាញវិទ្យាស្ថាន CARDI បានកំណត់ និងជ្រើសរើសដំណាំដំឡូងមីស្រឡាយ TMEB419 ដែលជាស្រឡាយល្អជាងគេ ដោយមានដើមដងត្រង់ល្អ មានទិន្នផលខ្ពស់ជាមធ្យមចន្លោះពី២៥ ទៅ៤៥ តោនក្នុង១ហិកតា មានកម្រិតជាតិម្សៅខ្ពស់ចន្លោះពី១៩ ដល់២៥ភាគរយ និងជាពិសេសមានភាពធន់នឹងជម្ងឺរួញស្លឹក និងអំបោសធ្មប់ ហើយសមស្របសម្រាប់លក្ខខណ្ឌដាំដុះក្នុងប្រទេសកម្ពុជា ។

ដោយឡែក នៅរសៀលថ្ងៃដដែល ឯកឧត្ដមរដ្ឋលេខាធិការ បានអញ្ជើញដឹកនាំកិច្ចប្រជុំវាយតម្លៃលើការបញ្ចេញប្រភេទពូជដំណាំស្រូវស្រងែរបស់ក្រុមហ៊ុនអេមរុរ៉ាយស៏ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោក លោកស្រីជាសមាជិក សមាជិកានៃគណៈកម្មាធិការបញ្ចេញពូជដំណាំ និងតំណាងក្រុមហ៊ុនអេមរុរ៉ាយស៏ ។
ក្រុមហ៊ុនអេមរុរ៉ាយសិ៍ បានចាប់ផ្តើមអភិវឌ្ឍប្រភេទពូជដំណាំពេញនិយមក្នុងស្រុក ដោយជ្រើសរើសពូជប្រភេទបុរាណ នៅតាមបណ្តាខេត្ត សម្រាប់ធ្វើការបន្សុតស្រឡាយ ក្នងនោះក្រុមហ៊ុនបានប្រមូលពូជស្រូវស្រងែ ស្រងែស្រាល និងក្រមុំចិន ដែលមានប្រភពដើមមកពីភូមិអូសទូក ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង និងជាប្រភេទពូជពេញនិយម មានទីផ្សារ ហើយកសិករចូលចិត្តដាំដុះសម្រាប់នាំចេញទៅប្រទេសជិតខាង ។

តាមការពិសោធលើស្រែកសិករទាំង២រដូវ គឺរដូវវស្សាឆ្នាំ២០២៤ និងរដូវប្រាំងឆ្នាំ២០២៤-២០២៥ រុក្ខជម្រើសវិទូសម្រេចជ្រើសយកលើប្រភេទពូជស្រូវស្រងែ ក្នុងស្រឡាយ០៥ ក្នុងលក្ខខណ្ឌស្រែកសិករដើមរដូវវស្សា ឆ្នាំ២០២៥ ដើម្បីតាមដានកម្រិតសេដ្ឋកិច្ច និងផលចំណេញរបស់កសិករ ដោយរកឃើញថា ពូជស្រូវប្រភេទស្រឡាយនេះ មានអាយុកាលលូតលាស់ខ្លីពី៨៧ដល់៩០ថ្ងៃ ទទួលបានបាយទន់ក្លិនក្រអូបប្រហើរ ធន់នឹងដង្កូវស៊ីរូងដើម និងសត្វមមាចត្នោត ធន់នឹងជម្ងឺប្លាស់ខ្ពស់ និងទទួលបានទិន្នផលចន្លោះពី៦ ទៅ៦,៥ តោនក្នុងមួយហិកតា ។

ជាលទ្ធផលក្នុងកិច្ចប្រជុំវាយតម្លៃ គណៈកម្មាធិការបញ្ចេញពូជដំណាំ បានឯកភាពទាំងស្រុងក្នុងការអនុញ្ញាតឱ្យបញ្ចេញប្រភេទពូជដំណាំដំឡូងមីស្រឡាយ TMEB419 តាមសំណើរបស់វិទ្យាស្ថាន CARDI និងប្រភេទពូជស្រូវស្រងែ របស់ក្រុមហ៊ុនអេមរុរ៉ាយស៍ ដើម្បីប្រើប្រាស់ និងចែកចាយ៕
ចែករំលែកព័តមាននេះ