ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិ​ដើម​ភាគតិច​ព្នង រៀបចំ​ពិធីសែនព្រេន​បួងសួង​សុំ​សេចក្តីសុខ​ជូន​វី​រៈ​កងទ័ព​ជួរ​មុខ

2 នាទី មុន
  • មណ្ឌលគិរី

ខេត្ត​មណ្ឌលគិរី​៖ នា​ព្រឹក​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០២៥ កូនចៅ​ខ្មែរ​ជា​ជនជាតិ​ដើម​ភាគតិច ព្នង ដែល​រស់នៅ​ក្នុង​ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី បាន​រួម​គ្នា​ប្រារព្ធ​ពិធីសែនព្រេន​បែប​ប្រពៃណី​ដ៏​មាន​អត្ថន័យ​ជ្រាលជ្រៅ​មួយ នៅ​ទី​សក្ការៈ…

ខេត្ត​មណ្ឌលគិរី​៖ នា​ព្រឹក​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០២៥ កូនចៅ​ខ្មែរ​ជា​ជនជាតិ​ដើម​ភាគតិច ព្នង ដែល​រស់នៅ​ក្នុង​ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី បាន​រួម​គ្នា​ប្រារព្ធ​ពិធីសែនព្រេន​បែប​ប្រពៃណី​ដ៏​មាន​អត្ថន័យ​ជ្រាលជ្រៅ​មួយ នៅ​ទី​សក្ការៈ ភ្នំ​ដោះ​ក្រមុំ​។ ពិធី​នេះ​ធ្វើ​ឡើង​ក្រោម​ការ​ចូលរួម​ពី ឯកឧត្តម ណ​យ ស្រូ​ន ទីប្រឹក្សា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​បងប្អូន​ជនជាតិ​ដើម​ភាគតិច​ព្នង​ជា​ច្រើន​រូប​។

លោក ណ​យ ច័ន្ទ​តារា ដែល​ជា​យុវជន​ជនជាតិ​ដើម​ភាគតិច​ព្នង​ម្នាក់ បាន​ថ្លែង​ថា ពិធីសែនព្រេន​នេះ ត្រូវ​បាន​រៀបចំ​ឡើង​យ៉ាង​គគ្រឹកគគ្រេង​តាម ទំនៀមទម្លាប់​ពី​ដូនតា ដូច​ជា​ការ​ថ្វាយ គ្រឿង​សក្ការៈបូជា ផ្សេង​ៗ រួម​មាន​៖ ក្របី ជ្រូក មាន់ បាយ ស្រា​ពាង ។ ជាមួយ​គ្នា​នោះ ក៏​មានការ វាយគង វាយ​ឃ្មោះ ប្រ​តន្ត្រី​ស័ក្តិសិទ្ធិ ដើម្បី​អញ្ជើញ​វត្ថុ​ស័ក្តិសិទ្ធិ​ទាំងអស់​ក្នុង​ប្រទេស​កម្ពុជា​ឲ្យ​យាង​មក​ទទួល​ដឹង​ឮ និង​ប្រសិទ្ធពរ​ជ័យ​។

លោក តារា បន្ត​ថា គោលបំណង​ដ៏​សំខាន់​នៃ​ពិធី​នេះ គឺ​ដើម្បី បួងសួង​សុំ​សេចក្តីសុខ សេចក្តីចម្រើន និង​សូម​ឲ្យ វត្ថុ​ស័ក្តិសិទ្ធិ ជួយ តាម​ថែរក្សា ការពារ ដល់ វី​រៈ​កងទ័ព​ជួរ​មុខ របស់​យើង​ទាំងអស់​គ្នា ដែល​បាន​និង​កំពុង​បំពេញភារកិច្ច​យ៉ាង​អង់អាច​ក្លាហាន​ក្នុង​ការ ការពារ​ជាតិ មាតុភូមិ​កម្ពុជា​។ លើស​ពី​នេះ បងប្អូន​ជនជាតិ​ដើម​ភាគតិច​ព្នង ក៏​បាន ឧទ្ទិស​កុសល ផល​បុណ្យ​នេះ​ជូន​ដល់ វិញ្ញាណក្ខន្ធ​វី​រៈ​កងទ័ព​កម្ពុជា គ្រប់​រូប​ដែល​បាន ពលី​ដើម្បី​ឯករាជ្យ និង​បូរណភាព​ទឹកដី​។

សកម្មភាព​ដ៏​គួរ​ឲ្យ​គោរព​នេះ​បាន​បង្ហាញ​ពី ស្មារតី​សាមគ្គីភាព និង មនសិការ​ស្នេហា​ជាតិ ដ៏​ខ្ពង់ខ្ពស់​របស់​បងប្អូន​ជនជាតិ​ដើម​ភាគតិច​ព្នង ចំពោះ​វីរភាព​និង​ការ​លះបង់​របស់​កងទ័ព​ជាតិ ដែល​ជា​អ្នក​ការពារ​សុខ​សន្តិភាព​របស់​ប្រជាជន​ទូទៅ​។

ពិធី​នេះ​មិន​ត្រឹមតែ​ជា​ការ​ថែរក្សា អត្តសញ្ញាណ​វប្បធម៌ ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជា ការ​លើកទឹកចិត្ត ដ៏​ធំធេង និង​ជា កម្លាំងចិត្ត ដ៏​ថ្លៃថ្លា​សម្រាប់​យុទ្ធ​ជន​ទាំងអស់​នៅ​ទូ​ទាំង​ប្រទេស​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ