ខេត្តតាកែវ ៖ លោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានធ្វើការណែនាំដល់ក្រុមយុវជនដែលបំពេញការងារជាអ្នកបង្កើតមាតិកាតាមបណ្តាញសង្គម ត្រូវតែមានការសិក្សា និងពិនិត្យខ្លឹមសារឲ្យបានច្បាស់លាស់ មុននឹងផ្សព្វផ្សាយ ដើម្បីធានាថា មាតិកានោះមានក្រមសីលធម៌ វិជ្ជាជីវៈត្រឹមត្រូវ និងមិនប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូររបស់អ្នកដទៃ ឬមុខមាត់ខេត្តឡើយ ។ នេះបើយោងតាមក្រសួងមហាផ្ទៃបានប្រកាសនារសៀលថ្ងៃទី០៣ ខែវិច្ឆិកានេះ។

ការណែនាំនេះ ត្រូវបានធ្វើឡើងនៅក្នុងឱកាសដែលឯកឧត្តមអញ្ជើញចូលរួមបើកបវេសនកាល ឆ្នាំសិក្សាថ្មី ២០២៥-២០២៦ នៅវិទ្យាល័យជាស៊ីម ក្នុងក្រុងដូនកែវ កាលពីព្រឹកថ្ងៃចន្ទ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ។
លោកអភិបាលខេត្ត បានលើកឡើងថា ថ្មីៗនេះ មានយុវជនម្នាក់បានបង្កើតមាតិកា ហើយបានបង្កការប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋ និងមុខមាត់របស់ខេត្តតាកែវទាំងមូល ។ ការផលិតមាតិកាដែលប៉ះពាល់ដល់មុខមាត់ខេត្តតាកែវ ជាពិសេសដល់ប្រជាពលរដ្ឋខេត្តតាកែវបែបនេះ គឺជាទង្វើខ្វះសីលធម៌ និងគ្មានវិជ្ជាជីវៈ ដែលធ្វើឱ្យប្រជាពលរដ្ឋមួយខេត្តតាកែវជាងមួយលាននាក់ ត្រូវបានគេរើសអើង ។

លោកបានបន្តទៀតថា ករណីបង្កើតមាតិកាដែលប៉ះពាល់ដល់មុខមាត់ខេត្ត និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តតាកែវ គឺជាបញ្ហាដែលមិនអាចទទួលយកបានដាច់ខាត និងបានអំពាវនាវដល់យុវជនទាំងអស់ ជាពិសេសអ្នកបង្កើតមាតិកាឱ្យចេះប្រើប្រាស់សេរីភាពនៃការបញ្ចេញមតិប្រកបដោយការទទួលខុសត្រូវខ្ពស់ គោរពតាមច្បាប់ និងមានក្រមសីលធម៌វិជ្ជាជីវៈល្អ ដើម្បីចូលរួមលើកកម្ពស់សេចក្តីថ្លៃថ្នូរនៅក្នុងសង្គមជាតិ ។

លោក វ៉ី សំណាង ក៏បានលើកទឹកចិត្តដល់យុវជនអ្នកផលិតមាតិកាឱ្យងាកមកផ្តោតលើការផលិតខ្លឹមសារដែលមានប្រយោជន៍ និងមានតម្លៃខ្ពស់សម្រាប់សង្គម ពាក់ព័ន្ធនឹង ទេសចរណ៍ វប្បធម៌ ប្រពៃណី សាសនា និងការអប់រំ ជាពិសេសខ្លឹមសារពាក់ព័ន្ធនឹងយុវជន ដែលអាចយកជាគំរូតាមបាន ការផលិតមាតិកាវិជ្ជមានទាំងនេះ គឺពិតជាជួយផ្សព្វផ្សាយមុខមាត់ខេត្តតាកែវ និងលើកកម្ពស់វប្បធម៌របស់យើងទៅកាន់ពិភពលោក ។
សូមបញ្ចាក់ថា យុវជនម្នាក់ដែលបង្កើតមាតិការធ្វើឱ្យប៉ះពាល់ដល់កិត្តយស និងសេចក្តីថ្លៃថ្នូរខេត្តតាកែវ ក៏ដូចជាប្រជាពលរដ្ឋក្នុងខេត្តតាកែវ ក្រសួងព័ត៌មាន និងស្នងការដ្ឋាននគរបាលខេត្តតាកែវ ដោយមានវិធានការម៉ឺងម៉ាត់ពីសំណាក់ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត ក៏បានកោះហៅយុវជនខាងលើនេះ មកធ្វើកិច្ចសន្យា និងអប់រំណែនាំ ទទួលស្គាល់កំហុសរួចរាល់ផងដែរ ៕
ចែករំលែកព័តមាននេះ