ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ុយ​ក្រែន​ទទួល​បាន​ខែល​ការ​ពារ​ដែន​អាកាស​​​២​គ្រឿង​ដើម្បី​ទប់​ទល់​ការ​វា.យ​ប្រ.ហារ​របស់​រុស្ស៊ី​

8 ម៉ោង មុន

ទី​ក្រុង​កៀវ៖ ថ្មី​ៗ​នេះ អ៊ុយ​ក្រែន​ទើប​តែ​ទទួល​បាន​ខែល​ការ​ពារ​ដែន​អាកាស​ម៉ាក​ផេ​ទ្រាត (Patriot)​ដែល​ផលិត​នៅ​អាមេរិក​ដើម្បី​​ទប់​ទល់​នឹង​ការ​វាយ​លុក​កាន់​តែ​ខ្លាំង​ឡើង​ៗ​ពី​រុស្ស៊ី​។ ថ្វី​ដ្បិត​ខែល​ការ​ពារ​នេះ​ផលិត​នៅ​អាមេរិក​ប៉ុន្តែ​ផ្ដល់​ដោយ​ប្រទេស​ដទៃ​ដោយ​មាន​​ការយល់​ព្រម​ពី​អាមេរិក​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ហ្សេឡិនស្គី​។ កាល​ពី​យប់​មិញ រុស្ស៊ី​បន្ត​វាយ​ប្រហារ​ដោយ​ដ្រូន​ និង​មីស៊ីល​ដូច​សព្វ​មួយ​ដង​ស្លាប់​បុរស​ម្នាក់​ និង​របួស​មនុស្ស​៥​នាក់​ដែល​ជា​សមាជិក​គ្រួសារ​របស់​គាត់​។…

ទី​ក្រុង​កៀវ៖ ថ្មី​ៗ​នេះ អ៊ុយ​ក្រែន​ទើប​តែ​ទទួល​បាន​ខែល​ការ​ពារ​ដែន​អាកាស​ម៉ាក​ផេ​ទ្រាត (Patriot)​ដែល​ផលិត​នៅ​អាមេរិក​ដើម្បី​​ទប់​ទល់​នឹង​ការ​វាយ​លុក​កាន់​តែ​ខ្លាំង​ឡើង​ៗ​ពី​រុស្ស៊ី​។ ថ្វី​ដ្បិត​ខែល​ការ​ពារ​នេះ​ផលិត​នៅ​អាមេរិក​ប៉ុន្តែ​ផ្ដល់​ដោយ​ប្រទេស​ដទៃ​ដោយ​មាន​​ការយល់​ព្រម​ពី​អាមេរិក​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ហ្សេឡិនស្គី​។ កាល​ពី​យប់​មិញ រុស្ស៊ី​បន្ត​វាយ​ប្រហារ​ដោយ​ដ្រូន​ និង​មីស៊ីល​ដូច​សព្វ​មួយ​ដង​ស្លាប់​បុរស​ម្នាក់​ និង​របួស​មនុស្ស​៥​នាក់​ដែល​ជា​សមាជិក​គ្រួសារ​របស់​គាត់​។

ប្រព័ន្ធ​ការ​ពារ​ដែន​អាកាស​ម៉ាក​ផេទ្រាត​ជា​អាវុធ​ដ៏​មាន​ប្រសិទ្ធ​ភាព​សម្រាប់​ទល់​នឹង​​គ្រាប់​មីស៊ីល​របស់​រុស្ស៊ី​។ ហ្សេឡិនស្គី​បាន​ស្នើ​សុំ​មីស៊ីល​នេះ​ជា​យូរ​មក​ហើយ​ដើម្បី​ពង្រឹង​ខ្សែ​ការ​ពារ​។ ប៉ុន្តែ​ការ​ផលិត​ប្រព័ន្ធ​នេះ​​ត្រូវ​ការ​ពេល​យូរ។​​ ម៉្លោះ​ហើយ​ទម្រាំ​បាន​ផ្ដល់​ឱ្យ​​​ម្ដង​ៗ​​​ប្រើ​ពេល​យូរ​ ហើយ​ផ្ដល់​ម្ដង​ៗ​ក៏​មិន​បាន​ច្រើន​ប៉ុន្មាន​ដែរ​។ លើក​នេះ​ផ្ដល់​ឱ្យ​​​២​គ្រឿង​។ អាមេរិក និង​ប្រទេស​ដែល​មាន​មីស៊ីល​នេះ​នៅ​ក្នុង​ដៃ​មិន​អាច​បញ្ចេញ​ឱ្យ​អស់​ពី​ក្នុង​ឃ្លាំង​បាន​ទេ​​​ព្រោះ​គេ​ត្រូវ​ការ​ទុក​ប្រើ​ប្រាស់​​សម្រាប់​ខ្លួន​គេ​ដែរ​។

លោក​ហ្សេ​ឡិនស្គី​ថ្លែង​ថា​ប្រព័ន្ធ​ការ​ពារ​ដែន​អាកាស​ម៉ាក​ផេ​ទ្រាត​មក​ដល់​អ៊ុយ​ក្រែន​ហើយ​ ហើយ​កំពុង​ដាក់​ឱ្យ​ដំណើរ​ការ​។ លោក​ថា​អ៊ុយ​ក្រែន​ត្រូវ​ការ​ប្រព័ន្ធ​នេះ​ថែម​ទៀត​ដើម្បី​ការ​ពារ​ហេដ្ឋា​រចនា​សម្ព័ន្ធ​សំខាន់​​ៗ និង​ទី​ក្រុង​តូច​ធំ​នានា​នៅ​ទូទាំង​ប្រទេស​។ លោក​សូម​អរ​គុណ​អធិការ​បតី​អាល្លឺម៉ង់ លោក​ហ្វ្រីត​រីច​ម៊ែក (Friedrich Merz) ដែល​បាន​ផ្ដល់​ខែល​ការ​ពារ​នេះ​។

កាល​ពី​បី​ខែ​មុន​ អាល្លឺម៉ង់​ប្រកាស​ថា​ខ្លួន​នឹង​ផ្ដល់​ខែល​ការ​ពារ​នេះ​ចំនួន​២​គ្រឿង​ទៅ​ឱ្យ​អ៊ុយ​ក្រែន​។ អាល្លឺម៉ង់​សម្រេច​ចិត្ត​បែប​នេះ​បន្ទាប់​ពី​ទទួល​បាន​ការ​ធានា​ពី​អាមេរិក​ថា​អាល្លឺម៉ង់​អាច​ផ្ដល់​ប្រព័ន្ធ​​ការ​ពារ​នេះ​ទៅ​ឱ្យ​អ៊ុយ​ក្រែន​បាន​។ អាមេរិក​សន្យា​ថា​មិន​យូរ​ទេ ខ្លួន​​នឹង​ផ្ដល់​ប្រព័ន្ធ​នេះ​ទៅ​ឱ្យ​អាល្លឺម៉ង់​ដើម្បី​ដាក់​បំពេញ​ឃ្លាំង​អាវុធ​របស់​ពួក​គេ​ឡើង​វិញ​​។

អង្គ​ការ​ណាតូ​កំពុង​ជួយ​សម្រួល​នៅ​ក្នុង​បញ្ហា​នេះ​ដើម្បី​ធ្វើ​យ៉ាង​ណា​ផ្ដល់​អាវុធ​ធុន​ធ្ងន់​ឱ្យ​បាន​ទៀង​ទាត់​សម្រាប់​អ៊ុយ​ក្រែន​។ ក្រុម​សម្ព័ន្ធ​មិត្ត​នៅ​អឺរ៉ុប​ និង​កាណាដា​កំពុង​ទិញ​អាវុធ​ពី​អាមេរិក​ច្រើន​ៗ​ព្រោះ​អាមេរិក​មាន​អាវុធ​ច្រើន​ស្រាប់​នៅ​ក្នុង​ឃ្លាំង​ ដូច្នេះ​អាច​​លក់​មួយ​ចំណែក​ទៅ​ឱ្យ​ប្រទេស​ដទៃ​។ ចំណែក​អាមេរិក​ខ្លួន​ឯង​ចាប់​តាំង​ពី​លោក​ត្រាំ​ឡើង​កាន់​អំណាច​ លោក​ពុំ​ដែល​អនុ​ម័ត​ផ្ដល់​អាវុធ​ទៅ​ឱ្យ​អ៊ុយ​ក្រែន​ទេ​។ អាវុធ​ដែល​អាមេរិក​ផ្ដល់​ឱ្យ​កន្លង​មក​គឺ​ជា​កិច្ច​ព្រម​ព្រៀង​ដែល​បន្សល់​ទុក​តាំង​ពី​ជំនាន់​លោក​បៃដិន​។

ក្រឡេក​ទៅ​មើល​ស្ថាន​ការណ៍​សឹក​នៅ​អ៊ុយ​ក្រែនវិញ​ម្ដង​ រុស្ស៊ី​បាញ់​មីស៊ីល​១២​គ្រាប់​ និង​បញ្ជូន​ដ្រូន​១៣៨​គ្រឿង​​ទៅ​វាយ​ប្រ​ហារ​អ៊ុយ​ក្រែន​​កាល​ពី​យប់​មិញ និង​ព្រឹក​មិញ​។ នៅ​តំបន់​ស៊ូមី (Sumy) ដ្រូន​របស់​រុស្ស៊ី​វាយ​ប្រហារ​ផ្ទះ​មួយ​ខ្នង​បណ្ដាល​ឱ្យ​ស្លាប់​បុរស​ម្នាក់​ និង​របួស​៥​នាក់​។ ពួក​គេ​ជា​មនុស្ស​នៅ​ក្នុង​គ្រួសារ​តែ​មួយ​។ នៅ​​តំបន់​​ស៊ូមី​ដដែល ​ស្ត្រី​២​នាក់​​​រង​របួស​​ដោយ​សារ​ការ​វាយ​ប្រហារ​ដាច់​ដោយ​ឡែក​មួយ​ទៀត​។

នៅ​ឌី​នីប្រូ ​​(Dnipro) គ្រាប់​មីស៊ីល​របស់​រុស្ស៊ី​វាយ​ប្រហារ​ចំ​ហាង​លក់​ទំនិញ​មួយ​កន្លែង​​បណ្ដាល​ឱ្យ​របួស​បុរស​ម្នាក់​។ ចំណែក​នៅ​តំបន់​មីកូឡាយ (Mykolaiv) ដ្រូន​របស់​រុស្ស៊ី​វាយ​ប្រហារ​ទី​តាំង​ផលិត​ថាម​ពល​។ ទន្ទឹម​នឹង​នោះ អ៊ុយ​ក្រែន​ក៏​បង្កើន​ការ​វាយ​ប្រហារ​ទៅ​លើ​វិស័យ​ប្រេង​របស់​រុស្ស៊ី​ផង​ដែរ​។ ​អ៊ុយ​ក្រែន​វាយ​ប្រហារ​រោង​ចក្រ​ចម្រាញ់​ប្រេង​របស់​រុស្ស៊ី​នៅ​រ៉ូ​ស្តូស (Rostov) កាល​ពី​យប់​មិញ​បណ្ដាល​ឱ្យ​មាន​ភ្លើង​ឆេះ​យ៉ាង​សន្ធោ​សន្ធៅ​។ នេះ​បើ​យោង​តាម​អគ្គ​សេនាធិការ​ដ្ឋាន​​នៃ​កង​ទ័ព​អ៊ុយក្រែន​។ លោក​ហ្សេឡិនស្គី​អះ​អាង​ថា​ការ​វាយ​ប្រហារ​របស់​អ៊ុយក្រែន​បាន​កាត់​បន្ថយ​បរិមាណ​ផលិត​កម្ម​ប្រេង​របស់​រុស្ស៊ី​២០%​។ នេះ​បើ​យោង​តាមការ​ផ្សាយ​របស់​អេភី (AP) និង​ប្រភព​ដទៃ​ទៀត​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ