រាជធានីភ្នំពេញ ៖ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៥ បានប្រកាសព័ត៌មាន ស្តីពីជនសង្ស័យជាជនជាតិចិនតៃវ៉ាន់ម្នាក់ ត្រូវបានចោទប្រកាន់ពាក់ព័ន្ធនឹងគ្រឿងញៀនប្រមាណ៩៩ គីឡូក្រាម នឹងសម្រេចឃុំខ្លួនជនសង្ស័យដាក់ពន្ធនាគារជាបណ្តោះអាសន្ន ។
លោក ឆាយ ហុង ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា ៖ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ សមត្ថកិច្ចនៃការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានបង្ក្រាបករណីគ្រឿងញៀននៅចំណុចផ្ទះលេខ១៥៩ ផ្លូវបេតុងលេខ BT12M ស្ថិតក្នុងភូមិព្រៃកី សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ និងនៅចំណុចផ្ទះលេខ២៩ បុរីប៉េងហួតបឹងស្នោ POLARIS ផ្លូវលេខP16 ស្ថិតនៅក្នុងភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ពេលប្រតិបត្តិការបង្ក្រាបបទល្មើសសមត្ថកិច្ចបានឃាត់ខ្លួនជសង្ស័យ១នាក់ និងដកហូតវត្ថុតាងពីជនសង្ស័យឈ្មោះ ទីង វៃស៊ឹង (DENG WEISHENG) ភេទប្រុស អាយុ២៨ឆ្នាំ ជាជនជាតិចិនតៃវ៉ាន់ នូវសារធាតុញៀនប្រភេទ កេតាមីន(K) ទម្ងន់ ៦៤.៥៧១.៥៦ក្រាម សារធាតុញៀនប្រភេទ អ៊ិចស្តាស៊ី (MDMA) ទម្ងន់ ៣១.៨៧៥.៦៣ ក្រាម សារធាតុផ្សំមិនច្បាស់លាស់ ទម្ងន់ ៣.០១០.៧ក្រាម ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន ៥គ្រឿង ម៉ាស៊ីនសម្រាប់ក្រឡុកគ្រឿងញៀន ចំនួន ១គ្រឿង កែវចម្រាញ់គ្រឿងញៀន ចំនួន ២ និងសំបកស្បោងប្លាស្ទិចសម្រាប់ច្រកគ្រឿងញៀនមួយចំនួន ។
បន្ទាប់ពីបញ្ចប់ប្រតិបត្តិការនេះ សមត្ថកិច្ចបានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យខាងលើមកកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ។ ចំណែកឯបក្ខពួក ដែលពាក់ពន្ធនឹងករណីគ្រឿងញៀនខាងលើ សមត្ថកិច្ច កំពុងស្រាវជ្រាវបន្ត ។
ក្រោយពីបានទទួល និងពិនិត្យលើសំណុំរឿងខាងលើនេះ តំណាងអយ្យការបានសម្រេចចោទប្រកាន់ លើជនសង្ស័យខាងលើ និងបក្ខពួក ពីបទ.រក្សាទុក ដឹកជញ្ជូន ជួញដូរ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៥-២៦ ខែតុលា ឆ្នាំ២០២៥ ជាបទល្មើសព្រហ្មទណ្ឌ និងត្រូវផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៤០ មាត្រា ៤៥ មាត្រា ៤៨ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ៕
ចែករំលែកព័តមាននេះ