បរទេស ៖ តម្លៃប្រេងឆៅបានធ្លាក់ចុះ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ដោយសារការកើនឡើងផលិតកម្មដែលរំពឹងទុកដោយអង្គការ OPEC+ និងការបន្តការនាំចេញប្រេងឆៅពីតំបន់ Kurdistan របស់ប្រទេសអ៊ីរ៉ាក់តាមរយៈប្រទេសតួកគី ដោយបង្កជាក្តីបារម្ភអំពីអតិរេកការផ្គត់ផ្គង់លើសតម្រូវការ។ នេះបើយោងតាមប្រភពពីទីភ្នាក់ងារសារព័ត៌មាន Reuters បានចេញផ្សាយ។
តម្លៃប្រេងឆៅនាពេលអនាគត Brent សម្រាប់ការចែកចាយខែវិច្ឆិកា ដែលផុតកំណត់នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ បានធ្លាក់ចុះ ៥៤ សេន ឬ ០,៨% មកនៅត្រឹម ៦៧,៤៣ដុល្លារអាមេរិកក្នុង១បារ៉ែល ត្រឹមម៉ោង ១០:២០នាទីព្រឹក (ម៉ោងនៅកម្ពុជា)។ ចំណែកកិច្ចសន្យាជួញដូរសម្រាប់ខែធ្នូ បានធ្លាក់ចុះ ៥៣ សេន ឬ ០,៨% មកនៅត្រឹម ៦៦,៥៦ដុល្លារក្នុង១បារ៉ែល។ ងាកទៅប្រេងឆៅនាពេលអនាគត West Texas Intermediate (WTI) របស់អាមេរិកកំពុងជួញដូរក្នុងតម្លៃ ៦២,៩៥ដុល្លារក្នុង១បារ៉ែល ធ្លាក់ចុះ ៥០ សេន ឬ ០,៨%។
ការធ្លាក់ចុះតម្លៃប្រេងបានកើតឡើង នៅពេលតំបន់ Kurdistan របស់ប្រទេសអ៊ីរ៉ាក់បានបន្តការនាំចេញប្រេងឆៅឡើងវិញ ហើយចំពេលមានរបាយការណ៍ថា OPEC+ ទំនងជានឹងយល់ព្រមលើការបង្កើនផលិតកម្មសម្រាប់ខែវិច្ឆិកា នៅក្នុងកិច្ចប្រជុំរបស់ខ្លួននៅចុងសប្តាហ៍នេះ។ នៅក្នុងកិច្ចប្រជុំដែលគ្រោងទុកសម្រាប់ថ្ងៃអាទិត្យ អង្គការប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្ត រួមទាំងរុស្ស៊ី ដែលត្រូវបានស្គាល់ថា OPEC+ ទំនងជានឹងយល់ព្រមឱ្យមានការបង្កើនផលិតកម្មប្រេងថែមទៀតយ៉ាងហោចណាស់ ១៣៧ ០០០បារ៉ែលក្នុង១ថ្ងៃ។
ទន្ទឹមជាមួយគ្នានោះ ក្រសួងប្រេងរបស់ប្រទេសអ៊ីរ៉ាក់បានប្រកាសថា ប្រេងឆៅបានបង្ហូរចេញកាលពីថ្ងៃសៅរ៍សប្តាហ៍មុន តាមរយៈបំពង់បង្ហូរប្រេងពីតំបន់ពាក់កណ្តាលស្វយ័ត Kurdistan នៅភាគខាងជើងប្រទេសទៅកាន់ប្រទេសតួកគីជាលើកដំបូងក្នុងរយៈពេល ២ឆ្នាំកន្លះ បន្ទាប់ពីកិច្ចព្រមព្រៀងបណ្តោះអាសន្នមួយបានបំបែកភាពជាប់គាំងនេះ។
ទោះយ៉ាងណាក៏ដោយ ទីផ្សារប្រេងនៅតែមានការប្រុងប្រយ័ត្នក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយធ្វើឱ្យមានក្តីបារម្ភពីហានិភ័យនៃការផ្គត់ផ្គង់ ដែលភាគច្រើនកើតឡើងពីការវាយប្រហារដោយដ្រូនរបស់អ៊ុយក្រែនលើបណ្តារោងចក្រចម្រាញ់ប្រេងរុស្ស៊ី ក៏ដូចជាក្តីបារម្ភនៃការផ្គត់ផ្គង់លើសតម្រូវការ និងការធ្លាក់ចុះតម្រូវការសកល។
អ្នកវិភាគពីធនាគារ ANZ បានលើកឡើងនៅក្នុងកំណត់ត្រាមួយ នៅថ្ងៃទី៣០ ខែកញ្ញា ថា បន្ថែមពីលើក្តីបារម្ភនេះ ហានិភ័យដែលអាចកើតមានពាក់ព័ន្ធនឹងការបិទរដ្ឋាភិបាលរបស់សហរដ្ឋអាមេរិកបានធ្វើឱ្យមានការព្រួយបារម្ភលើតម្រូវការបន្ថែមទៀត។
ការបិទរដ្ឋាភិបាលរបស់សហរដ្ឋអាមេរិកអាចរំខានដល់សេវាកម្មជាច្រើន និងពន្យារពេលការចេញផ្សាយទិន្នន័យសេដ្ឋកិច្ច រួមទាំងរបាយការណ៍ប្រាក់បៀវត្សរ៍ ដែលបានកំណត់ពេលចេញផ្សាយនៅថ្ងៃសុក្រសប្តាហ៍នេះ ជាកត្តាសំខាន់សម្រាប់ការសម្រេចចិត្តលើការបង្កើតគោលនយោបាយរបស់ធនាគារកណ្តាលអាមេរិក (Fed)។
ការផ្តល់មូលនិធិសម្រាប់រដ្ឋាភិបាលអាមេរិក នឹងត្រូវកាត់ផ្តាច់នៅផុតថ្ងៃទី៣០ ខែកញ្ញានេះ លុះត្រាតែគណបក្សសាធារណរដ្ឋរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) អាចឈានដល់ការព្រមព្រៀងគ្នាជាមួយគណបក្សប្រជាធិបតេយ្យលើសេចក្តីស្នើច្បាប់ចំណាយ។ នៅក្នុងការបិទនេះ រដ្ឋាភិបាលសហព័ន្ធត្រូវកាត់បន្ថយសកម្មភាព និងសេវាកម្មរបស់ភ្នាក់ងារ បញ្ឈប់ប្រតិបត្តិការដែលមិនសំខាន់ បញ្ឈប់បុគ្គលិកដែលមិនសំខាន់ និងរក្សាទុកតែបុគ្គលិកសំខាន់ៗក្នុងនាយកដ្ឋានប៉ុណ្ណោះ។ ការបិទក៏អាចរំខានដល់សកម្មភាពការងារកម្រិតរដ្ឋ ដែនដី និងថ្នាក់មូលដ្ឋានរបស់រដ្ឋាភិបាលផងដែរ។
លោក ត្រាំ គ្រោងនឹងជួបជាមួយសមាជិកជាន់ខ្ពស់គណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យក្នុងសភា ក្នុងពេលថ្ងៃផុតកំណត់ខិតជិតមកដល់ ដើម្បីបន្តផ្តល់មូលនិធិដល់រដ្ឋាភិបាលសហព័ន្ធ។
ក្តីបារម្ភផ្សេងទៀតបានកើតឡើង នៅពេលដែលលោក ត្រាំ បានឈ្នះការគាំទ្រពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ប៊េនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ចំពោះសំណើសន្តិភាពនៅតំបន់ហ្កាហ្សា (Gaza) ដែលគាំទ្រដោយអាមេរិក ប៉ុន្តែជំហររបស់ក្រុមហាម៉ាស (Hamas) នៅតែមិនប្រាកដប្រជា៕

ចែករំលែកព័តមាននេះ