ខេត្តស្ទឹងត្រែង ៖ ក្រោមជំនឿទុកចិត្តយ៉ាងមុតមាំចំពោះរដ្ឋបាលខេត្តស្ទឹងត្រែង លោក ជាប ចាប ជាប្រជាពលរដ្ឋដ៏មានមនសិការរស់នៅក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង បានបង្ហាញនូវទឹកចិត្តស្រឡាញ់ជាតិដ៏ប្រពៃ តាមរយៈការនាំយកនូវវត្ថុបុរាណដ៏មានតម្លៃចំនួន០២មុខ គឺ(តុម្ព និងកង) មកប្រគល់ជូនអាជ្ញាធរខេត្ត ។
វត្ថុបុរាណទាំងនេះ ត្រូវបានលោក ជាប ចាប ប្រទះឃើញដោយចៃដន្យ តាំងពីអំឡុងឆ្នាំ២០១៩ មកម្ល៉េះ នៅលើដីចំការរបស់លោក ស្ថិតក្នុងភូមិអូរពងមាន់២ សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។ ក្រោយពីបានរក្សាទុកអស់ជាច្រើនឆ្នាំ លោកបានសម្រេចចិត្តដ៏ត្រឹមត្រូវបំផុតក្នុងការប្រគល់វត្ថុដ៏កម្រទាំងនេះ ជូនទៅអាជ្ញាធរ ដើម្បីធានាបាននូវការថែរក្សាបានគង់វង្ស ។
ក្នុងឱកាសនោះ វត្ថុបុរាណទាំង០២នេះ ត្រូវបានប្រគល់ជូនបន្តទៅលោកស្រីប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ដើម្បីយកទៅរក្សាទុកយ៉ាងយកចិត្តទុកដាក់បំផុត។ មន្ត្រីជំនាញ នឹងធ្វើការសិក្សាស្រាវជ្រាវយ៉ាងលម្អិតបន្ថែមលើប្រភេទ លក្ខណៈ និងអាយុកាល នៃវត្ថុបុរាណទាំងនេះ មុននឹងចាត់ទុកជាសម្បត្តិមរតកវប្បធម៌ជាតិដ៏ពិសិដ្ឋរបស់កម្ពុជា ។
ការសម្រេចចិត្តប្រគល់វត្ថុបុរាណនេះ មិនត្រឹមតែជាការចូលរួមចំណែកយ៉ាងសកម្មក្នុងការការពារ និងអភិរក្សកេរ្តិ៍ដំណែលដូនតាប៉ុណ្ណោះទេ តែវាក៏ជាសក្ខីភាពដ៏រស់រវើកបង្ហាញពីការយល់ដឹងដ៏ខ្ពង់ខ្ពស់ អំពីតម្លៃជាប្រវត្តិសាស្ត្រ និងវប្បធម៌នៃវត្ថុបុរាណរបស់លោក ជាប ចាប ផងដែរ ។
រដ្ឋបាលខេត្តស្ទឹងត្រែង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ជាប ចាប ដែលបានក្លាយជាគំរូនៃពលរដ្ឋល្អ ក្នុងការចូលរួមថែរក្សាសម្បត្តិវប្បធម៌ជាតិដ៏មានតម្លៃមិនអាចកាត់ថ្លៃបាននេះ សម្រាប់កូនចៅជំនាន់ក្រោយ ៕










ចែករំលែកព័តមាននេះ