ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងមហាផ្ទៃ​ បដិសេធ​ការ​ភ្ជាប់​ឈ្មោះ​ឯកឧត្តម ស សុខា ជាមួយ​អាជីវកម្ម​កាស៊ីណូ

1 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នៅ​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២៥​នេះ បាន​បដិសេធ​ចំពោះ​ការ​ភ្ជាប់​ឈ្មោះ​របស់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី…

រាជធានី​ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នៅ​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២៥​នេះ បាន​បដិសេធ​ចំពោះ​ការ​ភ្ជាប់​ឈ្មោះ​របស់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ជាមួយនឹង​អាជីវកម្ម​កាស៊ីណូ ជី​ន ប៉ី (Jin Bei) ក្រុងព្រះសីហនុ ។

សេចក្ដី​បំភ្លឺ​របស់​ក្រសួងមហាផ្ទៃ បាន​បង្ហាញ​ថា ថ្មី​ៗ​នេះ មានការ​ផ្សព្វផ្សាយ​ព័ត៌មាន​មួយ​ចំនួន ដោយ​ផ្អែក​លើ​របាយការណ៍ ដែល​មាន​ចរិត​នយោបាយ ថា ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ជា​សហ​វិនិយោគិន​ជាមួយនឹង​ក្រុមហ៊ុន​កាស៊ីណូ ជី​ន ប៉ី (Jin Bei) ដែល​មាន​មូលដ្ឋាន​នៅ​ទី​ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ។

ក្រសួងមហាផ្ទៃ ជា​ថ្មី​ម្ដងទៀត មាន​កិត្តិយស​សូម​បំភ្លឺ​ជូន​សាធារណ​មតិ​ជាតិ និង​អន្តរជាតិ មេ​ត្ត ជ្រាប​ដូច​ខាងក្រោម ៖

១. ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ពុំ​មានការ​ពាក់ព័ន្ធ និង​ពុំ​មាន​ភាគហ៊ុន​ណាមួយ ជាមួយនឹង​អាជីវកម្ម​កាស៊ីណូ ជី​ន ប៉ី (Jin Bei) ដូច​ការ​លើក​ឡើង​ក្នុង​របាយការណ៍ និង​ការ​ចោទប្រកាន់​នោះ​ឡើយ ។

២. ក្នុង​នាម​ជា​សេនាធិការ​របស់​រាជរដ្ឋាភិបាល នីតិកាល​ទី​៧ នៃ​រដ្ឋសភា ដែល​មាន​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី ជា​ប្រមុខ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​និង​កំពុង​ខិតខំ​ប្រឹងប្រែង​ប្រកបដោយ​ឆន្ទៈ និង​មិន​ខ្លាច​នឿយហត់ ក្នុង​ការ សម្របសម្រួល​ដឹកនាំ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ និង​ការ​គ្រប់គ្រង​ថែរក្សា​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ សំដៅ​ទប់ស្កាត់ និង​លុប​បំបាត់​បទល្មើស​គ្រប់​ប្រភេទ ជា​អាទិ៍ បទល្មើស​បច្ចេកវិទ្យា​, អំពើ​ជួញដូរ​មនុស្ស​គ្រប់​ទម្រង់​, បទល្មើស​ជួញដូរ​គ្រឿងញៀន ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ ជា​បន្តបន្ទាប់ រួមចំណែក​ដល់​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​លើ​គ្រប់​វិស័យ ។ ជាក់ស្ដែង ក្នុង​រយៈ ពេល​៩​ខែ ឆ្នាំ​២០២៥ ក្រោម​ការ​យកចិត្តទុកដាក់ និង​ការ​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី ឯកឧត្តម អភិ​សន្តិ​បណ្ឌិត ស សុខា អាជ្ញាធរ និង​កងកម្លាំង​មាន​សមត្ថកិច្ច​បាន​ស្រាវជ្រាវ និង​បង្ក្រាប បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scam) ៤៨ លើក (​ឃាត់ខ្លួន​បញ្ជូន ទៅ​តុលាការ ១៦៨​នាក់ និង​បណ្តេញ​ចេញពី​កម្ពុជា ២.៧២២​នាក់​), បទល្មើស​ជួញដូរ​មនុស្ស ១៤៧ ករណី (​ឃាត់ខ្លួន ២០៥​នាក់ កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ និង​រំដោះ ជន​រង​គ្រោះ ៤៨៣​នាក់​), បទល្មើស​គ្រឿងញៀន ៦.៩១៤​ករណី (​ឃាត់ខ្លួន​អ្នក​ពាក់ព័ន្ធ ១៧.៤០៦​នាក់ រឹបអូស​គ្រឿងញៀន​គ្រប់​ប្រភេទ​បាន​ប្រមាណ ៧​តោន និង ៥០៩​គ​.​ក ព្រមទាំង​សារធាតុ​គីមី​ផ្សំ ប្រមាណ ៤៨​តោន​) ។

៣. ផ្អែក​លើ​សមិទ្ធផល​សម្រេច​បាន​កន្លង​មកនេះ និង​ក្នុង​ស្មារតី​បន្ត​លើកកម្ពស់​បរិយាកាស សន្តិសុខ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា កំពុង​បន្ត​ខិតខំ​ដឹកនាំ បំពេញភារកិច្ច​ស្នូល​នេះ សំដៅ​ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ឱ្យ​កាន់តែ​សកម្ម និង​ទទួល​បាន ប្រសិទ្ធភាព​កាន់តែ​ខ្ពស់​ថែម​ទៀត ដើម្បី​ធានា​បាន​រឹង​មាំ​នូវ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម ។ ជាមួយ​គ្នា​នេះ បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំង ជាតិ និង​អន្តរជាតិ ។

៤. ក្រសួងមហាផ្ទៃ ច្រានចោល​ទាំងស្រុង​ចំពោះ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត និង​ការ​ចោទប្រកាន់​ទាំងឡាយ ដែល​ភ្ជាប់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ទៅ​នឹង​បញ្ហា​ខាងលើ ។ ទ​ង្វើ​នេះ ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​កិត្តិយស នៃ​ស្ថាប័ន​ជាតិ ទាំងមូល និង​សេចក្តី​ថ្លៃថ្នូរ​របស់​បុគ្គល ជា​ពិសេស​ជះ​ឥទ្ធិពល​អវិជ្ជមាន​មក​លើ​កិច្ច​ខិតខំ​ប្រឹងប្រែង ដែល​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ដឹកនាំ និង​សម្រេច​បាន​លទ្ធផល នា​ពេល​កន្លង​មក ក្នុង​បុព្វហេតុ​បម្រើ​ជាតិ​មាតុភូមិ និង​ប្រជាជន​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ