ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​-​ថៃ​ នឹង​ចុះ​កិច្ចព្រមព្រៀង​សន្តិភាព​ឆាប់​ៗ​ខាង​មុខ​នេះ

2 ម៉ោង មុន

រាជធានី​ភ្នំពេញ​ ៖ ​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ​នឹង​មានការ​ចុះ​កិច្ចព្រមព្រៀង​សន្តិភាព​ រវាង​កម្ពុជា​-​ថៃ…

រាជធានី​ភ្នំពេញ​ ៖ ​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ​នឹង​មានការ​ចុះ​កិច្ចព្រមព្រៀង​សន្តិភាព​ រវាង​កម្ពុជា​-​ថៃ ​។

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​លើក​ឡើង​ថា​ ការ​ជជែក​ដោះស្រាយ​គ្នា​ដោយ​ជ្រើសរើស​វិធីសាស្ត្រ​សន្តិ គឺជា​ដំណោះស្រាយ​ដ៏​ល្អ​សម្រាប់​ប្រទេស​ជាប់​ព្រំដែន​ជាមួយ​គ្នា ជៀស​ជាង​ការ​ប្រើប្រាស់​កម្លាំង​កងទ័ព ​តទល់​គ្នា ​។

ការ​លើក​ឡើង​របស់​សម្តេច​បវរ​ធិ​បតី ​ហ៊ុន ម៉ា​ណែ​ត ​នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២៥ នៅ​ក្នុង​ឱកាស​ដែល​សម្តេច និង​លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​អញ្ជើញ​ជា​អធិបតីភាព​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ (TIA) លំដាប់ថ្នាក់ 4F ដែល​ចំណាយ​ថវិកា​សាងសង់​អស់​២,៣០០​លាន​ដុល្លារ​សហ​អា​មេ​រិ​ក ស្ថិត​នៅ​ខេត្តកណ្តាល​ ។

សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​ថា ប្រសិនបើ​ថ្នាក់ដឹកនាំ បន្ត​ប្រើប្រាស់​កំហឹង ទល់​នឹង​កំហឹង​ ច្បាស់​ណាស់​សង្គ្រាម​ នឹង​មិន​ងាយ​បញ្ចប់​នោះ​ទេ ដែល​អា​ចប​បង្ក​នូវ​វិនាសកម្ម ស្លាប់​ប្រជាពលរដ្ឋ​ទាំង​សង្ខាង​។ ជា​ស្តែង​នៅ​សង្គ្រាម​នៅ​តាម​បណ្តា​ប្រទេស​មួយ​ចំនួន បាន​សបញ្ជាក់​យ៉ាង​ច្បាស់​ថា ស​ង្គ្រា​មមាន​សម្លាប់​កងទ័ព និង​ប្រជាជន​ស្លូតត្រង់​រាប់​សែន​នាក់​ ។

សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា​ ៖ «​ហេតុនេះ​ហើយ ​នៅ​ថ្ងៃ​ខាង​មុខឆាប់​ៗ​នេះ​សង្ឃឹមថា នឹង​មានការ​ចុះ​កិច្ចព្រមព្រៀង​សន្តិភាព ហើយនឹង​ធ្វើ​យ៉ាងណា​ខិតខំ ​ដើម្បី​បញ្ចប់​ជម្លោះនេះ ​គឺជា​អភិក្រម​របស់​យើង នេះ​គឺជា​អ្វី​ដែល​យើង​ត្រូវធ្វើ​» ​។

ជាមួយ​គ្នា​នោះ​ដែរ ​សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ក៏​បាន​លើក​ឡើង​ថា ចំពោះ​ការ​បញ្ចេញមតិ​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​តាម​បណ្តាញ​សង្គម​ពាក់ព័ន្ធ​នឹង​ភាព​តឹងទ្រូង​ចំពោះ​បញ្ហា​ព្រំដែន​រវាង​កម្ពុជា និង​ថៃ រយៈពេល​ជាង​២​ខែ​មកនេះ​។ ត្រង់​ចំណុច​នេះ សូម​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ ​តាំងចិត្ត​ឱ្យ​នឹងនរ ខណៈ​រាជរដ្ឋាភិបាល​ បាន​និង​កំពុង​ដោះស្រាយ​បញ្ហា​ព្រំដែន យ៉ាង​យកចិត្តទុកដាក់​បំផុត ​ដើម្បី​ធ្វើ​យ៉ាងណា​ ស្តារ​ស្ថានការណ៍​ឱ្យ​វិល​មក​ប្រក្រតី​ភាព​ឡើង​វិញ ​។

សម្ដេច​បវរ​ធិ​បតី ​បាន​គូសបញ្ជាក់​ថា បញ្ហា​ព្រំដែនជា​បញ្ហា​ស្មុគស្មាញ ហើយ​ក្នុង​តំបន់​អាស៊ាន គឺ​មាន​ប្រទេស​តិច​ណាស់​ ដែល​គ្មាន​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​ជិតខាង បញ្ហា​ព្រំដែន​នេះ គឺ​បាន​បន្សល់​ពី​ជំនាន់​អាណានិគម​រាប់រយ​ឆ្នាំ​មក​ហើយ​។ ប៉ុន្តែប្រទេស​ជា​សមាជិក បាន​ជ្រើសរើស​ដោះស្រាយ​បញ្ហា​ព្រំដែន ដោយ​យក​វិធីសាស្ត្រ​សន្តិវិធី សន្តិភាព មក​ជជែក​គ្នា ​ដើម្បី​ស្វែងរក​ដំណោះស្រាយតាម​រយៈ​យន្តការ​ទ្វេភាគី ឬ​យន្តការ​ផ្លូវ​តុលាការ ជៀស​ជាង​ប្រើប្រាស់​កម្លា​ង​ទ័ព​ច្បាំង​តទល់​គ្នា​ជាដើម ​។

សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​ថា ចំពោះ​បញ្ហា​ព្រំដែន​រវាង​កម្ពុជា និង​ថៃ ភាគី​ទាំង​ពីរ បាន​ធ្វើការ​ជួប​ប្រជុំ​គ្នា​ជា​ទ្វេភាគី​ចាប់តាំងពី​ឆ្នាំ​២០០០មក ដោយ​ក្នុង​នោះ​ភាគី​ទាំង​ពីរ ក៏​បាន​កំណត់​បង្គោល​ព្រំដែន​បាន​ចំនួន ៧៤​បង្គោល​ រួច​មក​ហើយ​។ ចំពោះ​បញ្ហា​កំណត់​បង្គោល​ព្រំដែន​ភាគី​ទាំង​ពីរ ក៏​កំពុងធ្វើការ​យ៉ាង​យកចិត្តទុកដាក់ ខណៈ​ប៉ុន្មាន​ថ្ងៃ​ខា​មុខ​នេះ ​គណៈកម្មការ​ធិ​ការ​ព្រំដែន ​នឹង​ជួប​ជជែក​គ្នា ដើម្បី​ដោះស្រាយ​បញ្ហា​ព្រំដែន​ឱ្យ​កាន់តែ​ឆាប់រហ័ស​ជាដើម​ ។

ក្នុង​ឱកាស​នោះ​ដែរ​ សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ​បាន​អះអាង​ថា​ ៖ «​កម្ពុជា​គ្មាន​បំណង​រំលោភ​លើ​អធិបតេយ្យ ឬ​បូរណភាព​ទឹកដី​របស់​អ្នក​ណា​នោះ​ទេ ហើយ​ក៏​មិន​ឱ្យ​អ្នក​ណា​មក​រំលោភ​នោះ​ដែរ​ នេះ​ជា​គោលការណ៍ ប៉ុន្តែគឺ​ដោះស្រាយ​ដូច​គោលការណ៍​ប្រទេស​អាស៊ាន​ទៀត ដែល​បាន​ធ្វើ គឺ​មាន​គណៈកម្មាធិការ​ព្រំដែន មានច្បាប់​អន្តរជាតិ មាន​សន្ធិសញ្ញា អនុសញ្ញា ដែល​យើង​ធ្វើ​២០​ឆ្នាំ​ហើយ​» ​។

ចំពោះ​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ដោយ​សន្តិវិធី ត្រូវ​បាន​សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត​ ​លើក​ឡើង​ថា នឹង​ធ្វើ​ឱ្យ​ប្រជាជន​រស់នៅ​បាន​សុខក្សេមក្សាន្ត ពោល​គឺ​ឱ្យ​ប្រជាជន​ដែល​រស់នៅ​តាម​ព្រំដែន មិន​មានការ​ភ័យ​ខ្លាច​ មិន​ភៀសខ្លួន​ចេញពី​លំនៅ​ឋាន ពីព្រោះ​មាន​មន្ត្រី​ជំនាញ​ទាំង​ពីរ ជួប​ជជែក​គ្នា ដើម្បី​ដោះស្រាយ​ជូនព​យក​គាត់​។ ចំណុច​នេះ ​គឺជា​ត្រៀម​ពន្លត់​ជម្លោះព្រំដែន​រវាង​ប្រទេស​ជាប់​ព្រំដែន​នឹង​គ្នា ការ​ឯកភាព​ដោយ​ជ្រើស​យន្តការ​ទ្វេភាគី មិន​ធ្វើ​ឱ្យ​ប្រទេស​ណាមួយ​បាត់ដី​នោះ​ទេ ដូច្នេះកម្ពុជា បាន​ប្រើប្រាស់​យន្ដការ​ច្បាប់ យន្ដការ​អន្ដរជាតិ ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ព្រំដែន​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ