ខេត្តស្ទឹងត្រែង ៖ នៅរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ មន្ត្រីបច្ចេកទេស នៃមជ្ឈមណ្ឌលស្រាវជ្រាវ និងផលិតពូជវារីសត្វមេគង្គលើ ខេត្តស្ទឹងត្រែង បាននាំយកកូនត្រីពូជចំនួន ៣ប្រភេទ សរុប៤ម៉ឺនក្បាល ទៅលែងក្នុងទន្លេសេកុង ក្នុងគោលបំណងពង្រឹង និងបង្កើនធនធានជលផលធម្មជាតិ ក្នុងតំបន់ ។
ពិធីលែងកូនត្រី នៅក្រុងស្ទឹងត្រែងនេះ ត្រូវបានដឹកនាំដោយលោក សេង សុវណ្ណ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ សកម្មភាពនេះ ក៏ជាការដាស់ស្មារតីដល់អ្នកនេសាទទាំងអស់ ឲ្យរួមគ្នាអភិរក្ស និងបញ្ឈប់ការនេសាទខុសច្បាប់ ។
លោកមានប្រសាសន៍ថា កូនត្រីទាំង ៣ប្រភេទ រួមមាន ត្រីឆ្ពិន ត្រីពោ និងត្រីប្រា ជាដើម នឹងជួយបង្កើនភាពសម្បូរបែប នៃធនធានជលផលសម្រាប់រដូវបើកនេសាទ។ លោកក៏បានទទូចដល់អ្នកនេសាទឱ្យរួមគ្នាអភិរក្សធនធានជលផល និងចៀសវាងការប្រើប្រាស់ឧបករណ៍នេសាទ ដែលច្បាប់ហាមឃាត់ ។
ក្នុងឱកាសនោះ លោក ទូច គង្គា អភិបាលរងខេត្តស្ទឹងត្រែង បានបញ្ជាក់បន្ថែមថា កូនត្រី ៤ម៉ឺនក្បាលនេះ គឺជាធនធានរួមសម្រាប់ប្រជាពលរដ្ឋទាំងអស់គ្នា ជាពិសេសអ្នកនេសាទ ត្រូវតែស្រឡាញ់ធនធាននេះ និងគោរពច្បាប់ជលផលឱ្យបានខ្ជាប់ខ្ជួន ។
លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានគូសបញ្ជាក់ថា បច្ចុប្បន្ន មន្ត្រីបច្ចេកទេសវារីសត្វមេគង្គលើ កំពុងខិតខំភ្ញាស់កូនត្រីពូជជាច្រើនប្រភេទ រួមទាំងត្រីប៉ាសេអ៊ី សម្រាប់ផ្គត់ផ្គង់ដល់ក្រុមវារីវប្បករក្នុងខេត្ត និងខេត្តជិតខាង ក្នុងគោលដៅកាត់បន្ថយការពឹងផ្អែកលើការទិញកូនត្រីពីបណ្ដាខេត្តផ្សេងៗ ឬប្រទេសជិតខាង ដែលអាចចំណាយពេលវេលា និងថវិកាច្រើន ។
ចំណែកលោកស្រី សំ វិចិត្រ ប្រធានខណ្ឌជលផលខេត្ត បានអះអាងថា ក្រុមបច្ចេកទេសខណ្ឌជលផល ក៏ត្រៀមផ្ដល់បច្ចេកទេសចិញ្ចឹមត្រីដល់បងប្អូនផ្នែកវារីវប្បកម្មឱ្យបានច្រើនគ្រួសារ ដើម្បីរួមចំណែកអភិរក្សធនធានមច្ឆជាតិធម្មជាតិក្នុងទន្លេមេគង្គឱ្យកាន់តែសម្បូរបែប និងកាត់បន្ថយការនេសាទត្រីធម្មជាតិ ។
គួរបញ្ជាក់ថា ៖ កូនត្រី ដែលក្រុមការងារបានលែងទៅក្នុងទន្លេសេកុងរួមមាន ៖ ត្រីឆ្ពិនចំនួន ៣០.០០០ក្បាល, ត្រីប្រា ៧.០០០ក្បាល និងត្រីពោ ៣.០០០ក្បាល ដើម្បីជំរុញកំណើនផលស្តុកជលផលធម្មជាតិក្នុងតំបន់ ៕




ចែករំលែកព័តមាននេះ