រាជធានីភ្នំពេញ ៖ ជនសង្ស័យ២នាក់បានធ្វើសកម្មភាពឆក់យកធុងបាស JBL ពីប្ដីប្រពន្ឋកំពុងឈប់ម៉ូតូចូលតូបលក់ដូរបានសម្រេច ។ ភ្លាមនោះជនរងគ្រោះនិងបងថ្លៃបានជិះម៉ូតូដេញតាមទាន់នៅផ្លូវ១៩៣ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង២០នាទីយប់ថ្ងៃទី២០ តុលា ឆ្នាំ២០២៥ នៅចំណុចផ្លូវម៉ៅសេទុងកែង១៩៣ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
តាមប្រភពពីជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គាត់បានជិះម៉ូតូ២នាក់ប្ដីប្រពន្ឋមកពីជ្រោយចង្វារទៅផ្សារដើមគរដើម្បីលក់ដូរ លុះពេលមកដល់ក៍ឈប់ម៉ូតូរួចចុះ ភ្លាមៗនោះស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូ១គ្រឿងម៉ាក wave ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1Q-9058 មកធ្វើសកម្មភាពឆក់យកធុងបាសJBLបានសម្រេចរួចក៍បើកគេចខ្លួន។ពេលនោះជនរងគ្រោះនិងបងថ្លៃបានបើកម៉ូតូដេញតាមពីក្រោយរហូតដល់ផ្លូវ១៩៣ក៍បុកដួលរួចចាប់បានជនសង្ស័យទាំង២នាក់បង្កការភ្ងាក់ដល់សមត្ថកិច្ចចុះមកនាំខ្លួនដើម្បីទៅធ្វើការសួរនាំ។
ប្រជាពលរដ្ឋដែលឃើញហេតុការណ៍បាននិយាយថាធ្លាប់តែឃើញចោរឆក់របស់មានតំលៃចំណែកជនសង្ស័យ២នាក់នេះវិញមកឆក់ធុងបាសទៅវិញ។
បច្ចុប្បន្នសមត្ថកិច្ចបាននាំយកជនសង្ស័យទាំង២នាក់និងធុងបាសដើម្បីយកមកសួរនាំនិងអនុវត្តតាមនីតិវិធី ៕



ចែករំលែកព័តមាននេះ