ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បទ​ឈប់​បាញ់​អាមេរិក-​អ៊ីរ៉ង់​ជិត​ផុត​សុពល​ភាព​ខណៈ​ដែល​ការ​ចរ​ចា​ស្ថិត​ក្នុង​ភាព​មិន​ច្បាស់​លាស់

15 ម៉ោង មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ ធ្មេច​បើក​ៗ​ បទ​ឈប់​បាញ់​រវាង​អ៊ីរ៉ង់ និង​អាមេរិក​រយៈ​ពេល​២​សប្ដាហ៍​នោះ​ជិត​ឈាន​ដល់​ទី​បញ្ចប់​ហើយ​។ ប្រសិន​បើ​គ្មាន​អ្វី​ប្រែ​ប្រួល​ទេ សង្គ្រាម​អាច​នឹង​ផ្ទុះ​ឡើង​សា​ជា​ថ្មី​។ ការ​ចរ​ចា​គ្នា​ក៏​មិន​ទាន់​មាន​សញ្ញា​ថា​អាច​នឹង​មាន​ដំណោះ​ស្រាយ​នា​ពេល​ឆាប់​ៗ​នេះ​នៅ​ឡើយ​ដែរ​។ គេហ​ទំព័រ​អាក់​សឺស (Axios) ចុះ​ផ្សាយ​ថា​លោក​ដូណាល់​ត្រាំ​កាល​ពី​យប់​មិញ​បាន​កោះ​ប្រជុំ​នៅ​…

ទី​ក្រុង​វ៉ាស៊ីនតោន៖ ធ្មេច​បើក​ៗ​ បទ​ឈប់​បាញ់​រវាង​អ៊ីរ៉ង់ និង​អាមេរិក​រយៈ​ពេល​២​សប្ដាហ៍​នោះ​ជិត​ឈាន​ដល់​ទី​បញ្ចប់​ហើយ​។ ប្រសិន​បើ​គ្មាន​អ្វី​ប្រែ​ប្រួល​ទេ សង្គ្រាម​អាច​នឹង​ផ្ទុះ​ឡើង​សា​ជា​ថ្មី​។ ការ​ចរ​ចា​គ្នា​ក៏​មិន​ទាន់​មាន​សញ្ញា​ថា​អាច​នឹង​មាន​ដំណោះ​ស្រាយ​នា​ពេល​ឆាប់​ៗ​នេះ​នៅ​ឡើយ​ដែរ​។ គេហ​ទំព័រ​អាក់​សឺស (Axios) ចុះ​ផ្សាយ​ថា​លោក​ដូណាល់​ត្រាំ​កាល​ពី​យប់​មិញ​បាន​កោះ​ប្រជុំ​នៅ​ «​បន្ទប់​ស្ថាន​ការណ៍» នៃ​សេត​វិមាន​ជា​មួយ​មន្ត្រី​កំពូល​ៗ​របស់​លោក​។

រហូត​មក​ដល់​ពេល​នេះ ភាគី​ទាំង​២​មិន​ទាន់​កំណត់​ពេល​វេលា​ដើម្បី​ជួប​ចរ​ចា​គ្នា​ជា​ថ្មី​ទេ​។ មន្ត្រី​ជាន់​ខ្ពស់​អាមេរិក​ម្នាក់​សម្ដែង​ការ​ព្រួយ​បារម្ភ​ថា​ប្រសិន​បើ​គ្មាន​ការ​រីក​ចម្រើន​ទៅ​មុខ​ទេ​ សង្គ្រាម​អាច​នឹង​ផ្ទុះ​ឡើង​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខាង​មុខ​នេះ​។ ទី​ភ្នាក់​ងារ​ព័ត៌​មាន​រ៉យ​ទ័រ​រាយ​ការណ៍​ថាប្រធាន​រដ្ឋ​សភា​អ៊ីរ៉ង់ លោក​បាហ្គើ ហ្កា​លី​បាហ្វ​ (Bagher Ghalibaf) ថ្លែង​ថា​​ការ​ចរចា​ជា​មួយ​អាមេរិក​រីក​ចម្រើន​ទៅ​មុខ​។ ប៉ុន្តែ​នៅ​មាន​កិច្ច​ការ​ជា​ច្រើន​ទៀត​ដែល​ត្រូវ​ធ្វើ​។

ឆ្មាំ​បដិវត្ត​ឥស្លាម​របស់​អ៊ីរ៉ង់​ចោទ​ប្រកាន់​ថា​អាមេរិក​បាន​ប្រព្រឹត្ត​ល្មើស​នឹង​លក្ខ​​ខណ្ឌ​នៃ​បទ​ឈប់​បាញ់​។ ពួក​គេ​ចោទ​ថា​អា​មេ​រិក​ក្បត់​ពាក្យ​សន្យា​ និង​​បន្ត​បិទ​ខ្ទប់​កំពង់​ផែ​របស់អ៊ីរ៉ង់​មិន​​ឱ្យ​កប៉ាល់​ចេញ​ចូល​បាន​ឡើយ​។ ហេតុ​នេះ​ពួកគេ​ (អ៊ី​រ៉ង់​) ត្រូវ​តែ​បិទ​ខ្ទប់​ច្រក​សមុទ្រ​ហ័រ​ម៉ូស​ឡើង​វិញ​។ កាល​ពី​ម្សិល​មិញ មាន​សេច​ក្ដី​រាយ​ការណ៍​ថា​យោធា​អ៊ីរ៉ង់​បាញ់​ឆេះ​កប៉ាល់​២​គ្រឿង​ដែល​បើក​កាត់​ច្រក​សមុទ្រ​នោះ​។​ ឥឡូវ​នេះ​បញ្ហា​ចម្រូង​ចម្រាស​នៅ​ត្រង់​ថា​លោក​ត្រាំ​សន្យា​បិទ​បញ្ចប់​ការ​បិទ​ខ្ទប់​ដែន​សមុទ្រ​អ៊ីរ៉ង់​លុះ​ត្រា​ភាគី​ទាំង​២​សម្រេច​បានកិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​ជា​មួយ​គ្នា​ជា​មុន​សិន​។

ចំណែក​អ៊ីរ៉ង់​ថា​បើ​អាមេរិក​នៅ​តែ​បន្ត​បិទ​ដែន​សមុទ្រ​ខ្លួន ខ្លួន​ក៏នៅ​តែ​បន្ត​​បិទ​ច្រក​​សមុទ្រ​ហ័រ​ម៉ូស​។ សារ​ព័ត៌​មាន​វ៉ល​ស្ទ្រីត​ជើ​ណល (Wall Street Journal) បាន​ដក​ស្រង់​ប្រភព​ពី​មន្ត្រី​រដ្ឋាភិបាល​អាមេរិក​ជា​ច្រើន​រូប​មក​ផ្សាយ​ថា​យោធា​អាមេរិក​ត្រៀម​បញ្ជូន​កម្លាំង​ទៅ​បញ្ឈប់​នាវា​ដឹក​ប្រេង​ដែល​មាន​ទំនាក់​ទំនង​​ជា​មួយ​​អ៊ីរ៉ង់​ ហើយ​នឹង​រឹប​អូស​កប៉ាល់​ដឹក​ទំនិញ​នៅ​មជ្ឈិម​បូព៌ា​ និង​​នៅ​លើ​ដែន​សមុទ្រ​អន្តរ​ជាតិ​។ នេះ​ជា​ផ្នែក​មួយ​នៃ​ការ​ដាក់​សម្ពាធ​លើ​អ៊ីរ៉ង់​ដើម្បី​បង្ខំ​ឱ្យ​បើក​ច្រក​ហ័រ​ម៉ូស​ និង​ធ្វើ​សម្បទាន​នៅ​ក្នុង​បញ្ហា​នុយ​ក្លេអ៊ែរ​៕ ប្រភព៖ អឹន​អេច​ខេ (NHK) និង​ប្រភព​ដទៃ​ទៀត​​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ