ទីក្រុងកៀវ៖ លោកហ្សេឡិនស្គីរិះគន់ខ្លាំងៗបន្ទាប់ពីអាមេរិកបន្តផ្ដល់ការអនុគ្រោះចំពោះប្រទេសរុស្ស៊ីក្នុងការលក់ប្រេងឆៅទៅឱ្យប្រទេសនានាលើពិភពលោកនៅក្នុងស្ថានភាពដែលច្រកសមុទ្រហ័រម៉ូសបន្តបិទខ្ទប់ ហើយធ្វើឱ្យតម្លៃថាមពល (ប្រេង, ហ្គាស។ល។) ហក់ឡើងខ្ពស់។ ប៉ុន្តែហ្សេឡិនស្គីមិនយល់ស្របនឹងចំណាត់ការបន្ធូរបន្ថយនេះទេ។ លោកយល់ថាប្រាក់ដែលរុស្ស៊ីទទួលបានពីការលក់ប្រេងឆៅនឹងបានជាប្រយោជន៍សម្រាប់រុស្ស៊ីយកទៅធ្វើសង្គ្រាមបង្ហូរឈាមនៅអ៊ុយក្រែន។

លោកហ្សេឡិនស្គីបង្ហោះសារនៅលើបណ្ដាញអ៊ិចថាប្រាក់រាប់ពាន់លានដុល្លារនឹងត្រូវរុស្ស៊ីយកទៅទិញគ្រាប់រំសេវដើម្បីវាយប្រហារអ៊ុយក្រែន។ នៅក្នុងសារនោះ លោកមិនបានបញ្ចេញឈ្មោះអាមេរិកទេ។ ប៉ុន្តែគេអាចកាត់យល់ថាលោកចង់សំដៅទៅលើអាមេរិកព្រោះថ្មីៗនេះរដ្ឋបាលរបស់លោកត្រាំទើបតែបន្តសុពលភាពរយៈពេលមួយខែទៀតឱ្យរុស្ស៊ីលក់ប្រេងឆៅ និងប្រេងពាក់កណ្ដាលសម្រេច។

ការសម្រេចចិត្តរបស់អាមេរិកដូចខាងលើនេះធ្វើឡើង២ថ្ងៃបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងរតនាគារជាតិ លោកស្កុតបឺសឹន (Scott Bessent) ទើបតែនិយាយមិនទាន់រួចពីមាត់ថាអាមេរិកនឹងមិនបន្តសុពលភាពឱ្យរុស្ស៊ីទៀតទេ។ លោកហ្សេឡិនស្គីថ្លែងថាកប៉ាល់ដឹកប្រេងរបស់រុស្ស៊ីជាង១១០គ្រឿងបានធ្វើចរាចរណ៍នៅលើដែនសមុទ្រខុសពីគោលការណ៍នៃការដាក់ទណ្ឌកម្មជាអន្តរជាតិ។ កប៉ាល់ទាំងនោះដឹកប្រេងឆៅជាង១២លានតោន។ ដោយសារការអនុគ្រោះផ្នែកទណ្ឌកម្មសេដ្ឋកិច្ចពីអាមេរិក កប៉ាល់ទាំងនោះអាចលក់ប្រេងដោយមិនទទួលរងនូវផលវិបាក។

លោកហ្សេឡិនស្គីថ្លែងបន្តទៀតថាបរិមាណប្រេងទាំងនេះអាចលក់បានលុយ១០ពាន់លានដុល្លារ ហើយអាចយកមកប្រើប្រាស់សម្រាប់ធ្វើសង្គ្រាមប្រឆាំងអ៊ុយក្រែន។ មេដឹកនាំអ៊ុយក្រែនរូបនេះថ្លែងថាគ្រាន់តែមួយសប្ដាហ៍កន្លងទៅនេះ រុស្ស៊ីវាយប្រហារអ៊ុយក្រែនដោយប្រើប្រាស់ដ្រូនជាង២៣៦០គ្រឿង រួមជាមួយគ្រាប់បែកដែលមានប្រព័ន្ធបញ្ជាពីចម្ងាយជាង១៣២០គ្រាប់ និងមីស៊ីលជិត៦០គ្រាប់៕ ប្រភព៖ អារ៉ាប់ ញូស៍ (Arab News) និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ