សម្តេចព្រះឧត្តមវង្សា គូ សុភាព សមាជិកលេខាធិការដ្ឋានគណៈសង្ឃនាយក និងជាគ្រូសូត្រស្តាំ វត្តនិគ្រោធវ័ន ហៅគល់ទទឹងបានមានសង្ឃដិការថា ចង់ឲ្យពុទ្ធបរិស័ទជ្រះថ្លាទាល់តែវត្តនីមួយៗរៀបចំឲ្យមានបរិស្ថាន និងបរិយាកាសស្រស់ស្អាតត្រជាក់ត្រជុំបន្ថែមលើពុទ្ធវិន័យផ្សេងៗ ។
ចែករំលែកនៅលើបណ្តាញសង្គមនៅថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០២៦ សម្តេចព្រះឧត្តមវង្សា បានមានសង្ឃដិការថា ព្រះសង្ឃ និង គណៈកម្មការវត្តនានាមិនគួររៀបចំឫចាក់បេតុងពេញវត្តនាំឲ្យងាប់ដើមឈើអស់នោះទេ ។
សម្តេចព្រះឧត្តមវង្សាបានមានសង្ឃដិការបន្តថា ការរៀបចំបែបនោះមិនមែនក្តៅតែមេឃទេ គឺក្តៅទាំងលោកនៅក្នុងវត្ត និងក្តៅទាំងពុទ្ធបរិស័ទដែលទៅវត្តផងដែរ ។
សម្តេចព្រះឧត្តមវង្សាបានមានសង្ឃដិការបញ្ជក់ថា «អារ៉ាមប្រែមកថាសួន ហើយវត្តនីមួយៗគួររៀបចំឲ្យទៅជាសួនច្បារសហគមន៍បាន» ។
សម្តេចព្រះឧត្តមវង្សាបានមានសង្ឃដិការបន្តថា ឥឡូវនេះយើងពិបាករកទីតាំងឫទីកន្លែងរៀបចំឲ្យទៅ ជាសួនច្បារសហគមន៍ណាស់ ប៉ុន្តែវត្តមានទីធ្លារមានទីកន្លែងអាចរៀបចំបាន ។
សម្តេចព្រះឧត្តមវង្សាបានមានសង្ឃដីការបន្តថា ដើម្បីឲ្យមនុស្សសប្បាយចិត្តដើម្បីថ្វាយបង្គំព្រះ បូជាផ្កាមួយទងស្ងប់ចិត្តក៏បានបុណ្យដែរ ។
ករណីដូចជាវត្តគល់ទទឹង ជាដើមមកដល់ពេលនេះ ត្រូវបានគេដឹងថា គឺជាទីអារ៉ាមមួយដែលមានការរៀបចំយ៉ាងស្រស់ស្អាតជាមួយនឹងបរិយាកាសបៃតងដ៏ស្រស់ត្រកាល ៕




ចែករំលែកព័តមាននេះ