ទីក្រុងតេអេរ៉ង់៖ ប្រទេសអ៊ីរ៉ង់ថ្លែងថាខ្លួននឹងមិនយល់ព្រមប្រគល់សារធាតុវិទ្យុសកម្មអ៊ុយរ៉ាញ៉ូមទៅឱ្យអាមេរិកជាដាច់ខាត។ អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោកសាអ៊ីត ខាត់ទីបហ្សាដែស (Saeed Khatibzadeh) ថ្លែងថាប្រទេសរបស់លោកមិនទាន់កំណត់ពេលវេលាជាក់លាក់ថានឹងត្រូវជួបទល់មុខគ្នាជាមួយគណៈប្រតិភូអាមេរិកនៅពេលណាជាបន្តទៀតទេ។ បើតាមលោកអះអាងថាមូលហេតុដោយសារពួកអាមេរិកាំង «មិនព្រមបន្ធូរបន្ថយការប្រកាន់ជំហរយ៉ាងដាច់ណាត់របស់ខ្លួនទាល់តែសោះ»។

សូមរំលឹកថាកាលពីថ្ងៃសុក្រ លោកដូណាល់ត្រាំថ្លែងដោយប្រាកដប្រជាថាអាមេរិកនឹងបញ្ជូនក្រុមការងារទៅប្រទេសអ៊ីរ៉ង់ដើម្បីប្រមូលយកឱ្យអស់នូវសារធាតុនុយក្លេអ៊ែរកុំឱ្យនៅសេសសល់សូម្បីតែបន្តិច។ លោកចង់សំដៅទៅលើសារធាតុអ៊ុយរ៉ាញ៉ូមដែលអ៊ីរ៉ង់បានចម្រាញ់រួចហើយមានទម្ងន់សរុប៤៤០គីឡូក្រាម។ គេជឿជាក់ថាសារធាតុអ៊ុយរ៉ាញ៉ូមទាំងនេះត្រូវបានកប់ទុកនៅក្រោមដីនៃទីតាំងនុយក្លេអ៊ែរដែលអាមេរិកវាយប្រហារនៅអំឡុងសង្គ្រាម១២ថ្ងៃកាលពីឆ្នាំ២០២៥។

ទីតាំងទាំងនោះរងការខូចខាតយ៉ាងធ្ងន់ធ្ងរបន្ទាប់ពីត្រូវគ្រាប់បែកទម្ងន់ជាង២តោនក្នុងមួយគ្រាប់ ហើយទម្លាក់សុទ្ធតែផ្ទួនៗគ្នា២គ្រាប់ថែមទៀតផង។ នៅក្នុងព្រឹត្តិការណ៍ដាច់ដោយឡែកមួយទៀត ប្រធានាធិបតីអ៊ីរ៉ង់ លោកម៉ាស៊ូត ប៉េហ្សេស្គាន (Masoud Pezeshkian) ក៏មានប្រសាសន៍មិនខុសពីអនុរដ្ឋមន្ត្រីរបស់លោកប៉ុន្មានដែរ។ យោងតាមប្រធានាធិបតីរូបនេះ លោកដូណាល់ត្រាំគ្មានភាពសមហេតុផលណាមួយដើម្បីរារាំងអ៊ីរ៉ង់មិនឱ្យចម្រាញ់សារធាតុនុយក្លេអ៊ែរនោះទេ។ នេះបើយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានអ៊ីរ៉ង់។

លោកប៉េហ្សេស្គានថ្លែងដូច្នេះខណៈដែលរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់នៅតែមិនទាន់ឯកភាពគ្នានៅឡើយទេពាក់ព័ន្ធនឹងលក្ខខណ្ឌត្រង់ចំណុចនុយក្លេអ៊ែរនេះព្រោះអាមេរិកបារម្ភខ្លាចអ៊ីរ៉ង់ផលិតអាវុធនុយក្លេអ៊ែរ។ ទីភ្នាក់ងារព័ត៌មានអ៊ីរ៉ង់បានដកស្រង់ពាក្យសម្ដីរបស់លោកប៉េហ្សេស្គានមកចុះផ្សាយថា «លោកត្រាំថ្លែងថាអ៊ីរ៉ង់មិនអាចប្រើប្រាស់សិទ្ធិរបស់ខ្លួនដើម្បីចម្រាញ់សារធាតុនុយក្លេអ៊ែរទេ។ ប៉ុន្តែលោក (ត្រាំ) មិនបានបញ្ជាក់ឱ្យច្បាស់ៗថាតើទង្វើនេះល្មើសនឹងច្បាប់អ្វី។ តើគាត់ជាអ្វីដែលហ៊ានមកបំបិទសិទ្ធិរបស់ប្រទេសមួយ?» ប្រភព៖ អេភី (AP) និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ