ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពីកន្លែងភ្ជាប់ជើងមេឃមកជាទីលានសុភមង្គល ៖ សម្តេចបវរធិបតីបញ្ជាក់ពីគោលបំណងកែប្រែព្រលានយន្តហោះចាស់ជាទីតាំងបម្រើផលប្រយោជន៍សាធារណៈ

13 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​បញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​រៀបចំ​ទីតាំង​អាកាស​យាន្ត​ដ្ឋា​ន​ពោធិ៍​ចិន​តុង ពី​កន្លែង​ដែល​ធ្លាប់​ភ្ជាប់​ជើងមេឃ​កម្ពុជា​ទៅ​កាន់​ពិភពលោក ។…

រាជធានី​ភ្នំពេញ ៖ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​បញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​រៀបចំ​ទីតាំង​អាកាស​យាន្ត​ដ្ឋា​ន​ពោធិ៍​ចិន​តុង ពី​កន្លែង​ដែល​ធ្លាប់​ភ្ជាប់​ជើងមេឃ​កម្ពុជា​ទៅ​កាន់​ពិភពលោក ។

សម្តេច​បវរ​ធិ​បតី បាន​សរសេរ​លើ​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​១៩ មេ​សា ឆ្នាំ​២០២៦​ថា កម្រង​រូបភាព​បងប្អូន​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​បាន​អញ្ជើញ​ទៅ​កម្សាន្ត​នៅ​សួន​សាធារណ​អតីត​អាកាស​យាន្ត​ដ្ឋា​ន​អន្តរជាតិ​ពោធិ៍​ចិន​តុង ដែល​ត្រូវ​បាន​ដាក់​ឱ្យ​ចូល​លេង​កម្សាន្ត នា​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណី​ជាតិខ្មែរ ចាប់ពី​ថ្ងៃ​ទី​១១ ដល់​១៩ ខែមេសា ឆ្នាំ​២០២៦ អម​ជាមួយនឹង​ការ​រៀប​ចំការ​សម្តែង​របាំ​ប្រពៃណី​បុរាណ ការ​ប្រគំ​តន្ត្រី​ផ្សេង​ៗ ជា​ពិសេស​ផ្តល់​ឱកាស​ដល់​បងប្អូន​មហា​គ្រួសារ​ខ្មែរ និង​ភ្ញៀវ​ទេសចរ​អាច​ធ្វើការ​ហាត់ប្រាណ លេង​កីឡា​ជុំវិញ​តំបន់ អគារ​ប៉ម​បញ្ជាការ​ហោះហើរ និង​ផ្តិត​យក​រូបភាព​អនុស្សាវរីយ៍​ជា​ច្រើន ដែល​មាននៅ​ទីនោះ​ប្រកបដោយ​ស្នាមញញឹម ។

សម្តេច​ធិ​បតី បាន​បញ្ជាក់​ថា​៖« រាជរដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​រៀបចំ​ទីតាំង​នេះ​កែប្រែ​ពី​កន្លែង​ដែល​ធ្លាប់​ភ្ជាប់​ជើងមេឃ​កម្ពុជា ទៅ​កាន់​ពិភពលោក និង​បម្រើ​ដល់​គ្រប់ការ​ធ្វើ​ដំណើរ​របស់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ដើម្បី​បំពេញ​សេចក្តី​ត្រូវការ និង​បេសកកម្ម​របស់​ខ្លួន​បាន​យ៉ាង​សកម្ម និង​ជា​ច្រើន​ឆ្នាំ​កន្លង​ទៅ​ក្លាយទៅជា​ទីតាំង​សួន​សាធារណ​សម្រាប់​មហាជន​ចូល​កម្សាន្ត​ដោយ​សេរី ជា​ពិសេស​សម្រាប់​ជាទី​លំហែ​សាធារណ​ដែល​បម្រើ​ដល់​ការ​ធ្វើ​លំ​ហាត់ប្រាណ លើកកម្ពស់​សុខភាព​ប្រជាជន​ទាំង​ផ្លូវ​កាយ និង​ចិត្ត​» ។

ជាមួយ​គ្នា​នេះ ទីតាំង​នេះ ក៏​នឹង​ក្លាយជា​ទីតាំង​បម្រើ​ដល់​កិច្ចប្រជុំ ការ​ប្រគំ​តន្ត្រី សម្រាប់​ដល់​វិស័យ​ឯកជន​ក្នុង​ការ​ផ្តល់​ការ​កម្សាន្ត​ក៏​ដូច​ជា ការ​រៀបចំ​ព្រឹត្តិការណ៍​ជាតិ និង​អន្តរជាតិ​ផ្សេង​ៗ​ទៅ​ថ្ងៃ​មុខ​ផង​ដែរ ។ សូម​អរគុណ​ដល់​ក្រុមការងារ​ដែល​ពាក់ព័ន្ធ ជា​ពិសេស​ក្រុមការងារ​អន្តរក្រសួង​ដើម្បី​សិក្សា​អំពី​ការ​គ្រប់គ្រង និង​ប្រើប្រាស់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ (​ចាស់​) ដែល​បាន​រៀបចំ​សហការ និង​បើក​ដំណើរការ​ជូន​ដល់​បងប្អូន​ប្រជាជន​ខ្មែរ​យើង​ចូលរួម​លេង​កម្សាន្ត​ប្រកបដោយ​ភាព​សប្បាយ​រីករាយ នា​ឱកាស​នៃ​ការ​បើក​ដំណើរការ​សាកល្បង​ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ រយៈពេល​០៧​ថ្ងៃ​កន្លង​ទៅ ដែល​មាន​ចំនួន​អ្នកចូលរួម​ប្រមាណ​១៧០,០០០​នាក់ ។

ព្រម​ជាមួយ​គ្នា​នេះ​ដែរ ក៏​សូម​ថ្លែងអំណរគុណ​ដល់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​, កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​, អាជ្ញាធរ​រាជធានី​ភ្នំពេញ​, អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​គណ​:​ប​ញ្ឋា​ការ​រដ្ឋបាល​ឯកភាព​រាជធានី​ភ្នំពេញ ដែល​ផ្តល់​ការ​សហការ និង​ចូលរួម​ថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់​បាន​ដោយ​រលូន និង​បង្ក​លក្ខណ​:​យ៉ាង​ល្អ​ប្រសើរ​ជូន​ដល់​ប្រជាពលរដ្ឋ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ