ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ អំពាវនាវ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ ចូលរួម​ចលនា​ផ្សព្វផ្សាយ​វី​ដេ​អូ ​ស្ដី​ពី​ការ​បញ្ចៀស​កុមារពី​គ្រោះថ្នាក់​ចរាចរណ៍ និង​ការ​លង់ទឹក

11 ម៉ោង មុន

រាជធានី​ភ្នំពេញ​ ៖​ ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ បាន​អំពាវនាវ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ ចូលរួម​ចលនា​ផ្សព្វផ្សាយ​វី​ដេ​អូ ​ស្ដី​ពី​ការ​បញ្ចៀស​កុមារ ពី​គ្រោះថ្នាក់​ចរាចរណ៍…

រាជធានី​ភ្នំពេញ​ ៖​ ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ បាន​អំពាវនាវ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ ចូលរួម​ចលនា​ផ្សព្វផ្សាយ​វី​ដេ​អូ ​ស្ដី​ពី​ការ​បញ្ចៀស​កុមារ ពី​គ្រោះថ្នាក់​ចរាចរណ៍ និង​ការ​លង់ទឹក ​។

វី​ដេ​អូ​អប់រំ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក និង​វី​ដេ​អូ​ណែនាំ​ ស្តី​ពី​ការ​បង្ការ​ការ​លង់ទឹក ត្រូវ​បាន​ប្រារព្ធ​ពិធី​ផ្សព្វផ្សាយ ក្រោម​អធិបតីភាព​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរ​ណ៏​ផ្លូវគោក នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ នា​រសៀល​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២៥​ ។

ពិធី​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​លោក​បណ្ឌិត WILL Parks ប្រធាន​អង្គការ​យូ​នី​សេ​ហ្វ (UNICEF ) ប្រចាំ​កម្ពុជា តំណាង​ក្រសួង​ស្ថាប័ន​ថ្នាក់​ជាតិ និង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ដោយ​មានការ​សម្របសម្រួល​ពី​លេខាធិការដ្ឋាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរ​ផ្លូវគោក និង​អគ្គនាយកដ្ឋាន​រដ្ឋបាល ក្រសួងមហាផ្ទៃ​ ។

បន្ទាប់​ពី​ការ​ទស្សនា​វី​ដេ​អូ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ឧបនាយករដ្ឋមន្ត្រី ក្នុង​នាម​សម្ដេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ថ្លែងអំណរគុណ​ចំពោះ​អង្គការ​យូ​នី​សេ​ហ្វ ដែល​បាន​សហការ​គាំទ្រ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក និង​អគ្គនាយកដ្ឋាន​រដ្ឋបាល​ក្រសួងមហាផ្ទៃ ក្នុង​បេសកកម្ម​ជំរុញ​ការ​ការពារ​សុវត្ថិភាព​កុមារ ទាំង​ការ​បញ្ចៀស​ឱ្យ​បាន​ពី​គ្រោះថ្នាក់​ចរាចរណ៍ និង​ករណី​លង់ទឹក ដែល​កំពុង​ក្លាយជា​ក្ដី​ព្រួយបារម្ភ​មួយ ទាំង​សម្រាប់​ឪពុក​ម្ដាយ អាណាព្យាបាល និង​សង្គម​ជាតិ​ ។

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​គូសបញ្ជាក់​ថា ការ​រៀបចំ​ពិធី​ផ្សព្វផ្សាយ​វី​ដេ​អូ​អប់រំ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក និង​វី​ដេ​អូ​ណែនាំ​ស្តី​ពី​ការ​បង្ការ​ការ​លង់ទឹក​នេះ​ឡើង គឺ​ពិតជា​មាន​សារៈសំខាន់​ណាស់ ដើម្បី​ចូលរួម​ចំណែក​ទប់ស្កាត់​ការ​ស្លាប់ របួស ពិការ​របស់​កុមារ ពី​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក និង​ការ​លង់ទឹក ដែល​ជា​មូលហេតុ​នាំមុខ​មួយ ក្នុង​ចំណោម​មូលហេតុ​នាំមុខ​គេ នៃ​ការ​ស្លាប់​របស់​កុមារ និង​យុវជន​នៅ​កម្ពុជា​ ។

បើ​តាម​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ការ​រៀបចំ​ពិធី​ផ្សព្វផ្សាយ​នេះ គ្រាន់តែ​ជា​និមិត្តរូប​នៃ​ការ​ចាប់ផ្ដើម​សកម្មភាព​តែ​ប៉ុណ្ណោះ ពោល​គឺ​ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ​នោះ ទាមទារ​ជា​ចាំបាច់ ការ​ចូលរួម​ពី​គ្រប់​តួអង្គ​ក្នុង​សង្គម ទាំង​ស្ថាប័នរដ្ឋ អង្គការ​សមាគម វិស័យ​ឯកជន សិល្បករ​សិល្ប​ការិនី និង​ជន​មាន​ប្រជាប្រិយភាព​ក្នុង​គ្រប់​បណ្ដាញ​សង្គម ដើម្បី​ជំរុញ​ការ​ផ្សព្វផ្សាយ​ឱ្យ​បាន​ផុលផុស ជា​ដរាប​គ្មាន​ទី​បញ្ចប់​ ។

ក្រៅពី​ការ​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម ប្រមុខ​ក្រសួងមហាផ្ទៃ​កម្ពុជា បាន​លើក​ឡើង​ពី​ជម្រើស​ជំរុញ​ចលនា​ផ្សព្វផ្សាយ​នេះ ឱ្យ​បាន​កាន់តែ​សកម្ម និង​ទូលំទូលាយ ជា​អាទិ៍ ក្នុង​កម្មវិធី​សាសនា កម្មវិធី​ជួបជុំ​ជា​សាធារណៈ ការ​ផ្សព្វផ្សាយ​តាម LED ផ្សាយពាណិជ្ជកម្ម​លើ​ដងផ្លូវ ការ​ផ្សព្វផ្សាយ​តាម​វិទ្យុ និង​ទូរទស្សន៍​រដ្ឋ​គ្រប់​រាជធានី ខេត្ត រួម​ទាំង​ការ​ផ្សព្វផ្សាយ​នៅ​តាម​តំបន់​គោលដៅ​ទេសចរណ៍​នានា​ជាដើម​ ។

ក្នុង​ឱកាស​នោះ​ដែរ លោក​បណ្ឌិត វី​ល ផាក​ស៍ នាយក​អង្គការ​យូ​នី​សេ​ហ្វ ប្រចាំ​កម្ពុជា បាន​បង្ហាញ​ចំណាប់អារម្មណ៍​ថា ជា​រៀង​រាល់​ព្រឹក កុមារ នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​បាន​ចេញដំណើរ​ទៅ​សាលារៀន កុមារ​ខ្លះ​ដើរ​តាម​ផ្លូវ​មមាញឹក អ្នកខ្លះ​ទៀត​ឆ្លងកាត់​ទន្លេ ឬ​វាលទំនាប​លិច​ទឹក ភាគច្រើន​ទៅ​ដល់​សាលារៀន ប៉ុន្តែ​ជា​រឿង​ដ៏​សោកសៅ គឺ​មាន​កុមារ​មួយ​ចំនួន មិន​បាន​ទៅ​ដល់​សាលា ដោយ​សុវត្ថិភាព​នោះ​ទេ ដោយសារ​ជួប​គ្រោះថ្នាក់​ចរាចរណ៍ និង​លង់ទឹក គណៈ​ករណី​ផ្សេង​ទៀត ក៏​បណ្ដាល​ឱ្យ​កុមារ ជួប​គ្រោះថ្នាក់​ដូច​គ្នា​នេះ​ដែរ​។ ក្នុង​នាម​យូ​នី​សេ​ហ្វ លោក​បណ្ឌិត មាន​មោទនភាព​ដែល​បាន​ចូលរួម​គាំទ្រ​យុទ្ធនាការ​ជំរុញ​ការ​ផ្សព្វផ្សាយ​នេះ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ ។

សូម​បញ្ជាក់​ថា ក្នុង​ឆ្នាំ​២០២៤ មាន​ពលរដ្ឋ​កម្ពុជា ប្រមាណ ៧,៦​នាក់ ក្នុង​ចំណោម ១០​ម៉ឺន​នាក់ បាន​ស្លាប់​ដោយសារ​ការ​លង់ទឹក ហើយ​ភាគច្រើន​ជា​កុមារ អាយុ​ក្រោម​១៥​ឆ្នាំ​។ អគ្គនាយក​រដ្ឋបាល​ក្រសួងមហាផ្ទៃ បាន​រំលេច​ដោយ​យោង​លើ​របាយការណ៍​អង្គការ​សុខភាព​ពិភពលោក​។

ចំណែក​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក ឆ្នាំ​២០២៤ បាន​សម្លាប់​មនុស្ស ចំនួន ១ ៥៨៨​នាក់ ក្នុង​នោះ​កុមារ និង​យុវជន អាយុ​ចន្លោះ​ពី​១៥-១៩​ឆ្នាំ ស្ថិត​ក្នុង​ចំណោម​តួលេខ​អ្នក​ស្លាប់​ដ៏​គួរ​ឱ្យ​បារម្ភ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ