រាជធានីភ្នំពេញ ៖ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានបើកកិច្ចប្រជុំហើយ នឹងបើកកិច្ចប្រជុំនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ ដើម្បីជំរុញបន្ថែមការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព នេះបើតាមអ្នកនាំពាក្យក្រសួងការពារិជាតិ ។
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ថា កិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានចាប់ផ្តើមកិច្ចប្រជុំហើយ នាវេលាម៉ោង ១៨:០០នាទី នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ។
អ្នកនាំពាក្យបានគូសបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរ បានធ្វើការពិភាក្សានូវខ្លឹមសារ និងធ្វើការផ្លាស់ប្តូរឯកសារគ្នាទៅវិញទៅមក ដើម្បីត្រៀមរៀបចំ កិច្ចប្រជុំពិសេស លើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលនឹងប្រព្រឹត្តនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ ដើម្បីជំរុញបន្ថែមការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ព្រមទាំងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែងសំដៅលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ ។
គណៈប្រតិភូក្រុមលេខាធិការរបស់កម្ពុជា ដឹកនាំដោយ ឧត្តមសេនីយ៍ទោ ញ៉ែម បូរ៉ាដែន ប្រធានក្រុមលេខាធិការ (GBC) កម្ពុជា និងគណៈប្រតិភូក្រុមលេខាធិការរបស់ថៃ ដឹកនាំដោយ ឧត្តមសេនីយ៍ ឯក ណាត់ថាផុង ប្រាវកែវ ប្រធានក្រុមលេខាធិការ (GBC ) ថៃ។
សូមគូសបញ្ជាក់ផងដែរថា កិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ក្រោមការសង្កេតការណ៍ពីប្រធានក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) របស់កម្ពុជា និងថៃ តំណាងការិយាល័យអនុព័ន្ធយោធាអាមេរិកប្រចាំនៅប្រទេសកម្ពុជា ប្រទេសថៃ និងប្រទេសម៉ាឡេស៊ី រួមទាំងតំណាងភាគីម៉ាឡេស៊ីចូលរួមផងដែរ៕






ចែករំលែកព័តមាននេះ