ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កសិករបង្កបង្កើនផលស្រូវវស្សាលើសផែនការជាង១០៣% នៅខេត្តព្រៃវែង

1 នាទី មុន

ខេត្តព្រៃវែង៖ មកដល់ពេលបច្ចុប្បន្ននេះ ប្រជាកសិករ​បង្កបង្កើនផលស្រូវវស្សា ជាង៣០ម៉ឺនហិកតា ស្មើនឹង ១០៣,១៦% ​ដែលចំនួននេះលើសផែនការ។ យោងតាមការចុះផ្សាយរបស់ក្រសួងធនធានទឹក បានឱ្យដឹងថា នាថ្ងៃ​ទី២០…

ខេត្តព្រៃវែង៖ មកដល់ពេលបច្ចុប្បន្ននេះ ប្រជាកសិករ​បង្កបង្កើនផលស្រូវវស្សា ជាង៣០ម៉ឺនហិកតា ស្មើនឹង ១០៣,១៦% ​ដែលចំនួននេះលើសផែនការ។

យោងតាមការចុះផ្សាយរបស់ក្រសួងធនធានទឹក បានឱ្យដឹងថា នាថ្ងៃ​ទី២០ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម តន់ វ៉ាន់ថារ៉ា រដ្ឋលេខាធិការ និងជាប្រធានក្រុមសម្របសម្រួលការងារធនធានទឹក និងឧតុនិយមខេត្តព្រៃវែង ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹកនិងឧតុនិយម បានដឹកនាំក្រុមការងារក្រសួង សហការជាមួយប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង និងសហការី ចុះពិនិត្យស្ថានភាពទឹកនៅតាមបណ្តាអាងទឹក និងការងារបង្កបង្កើនផលស្រូវវស្សាក្នុងភូមិសាស្រ្តខេត្តព្រៃវែង។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ ព្រមទាំងក្រុមការងារ បានអញ្ជើញចុះពិនិត្យជាក់ស្តែង ១)ស្ថានីយបូមទឹកទី១ នៃប្រព័ន្ធស្រោចស្រពវ៉ៃកូជំហាន១ ស្ថិតក្នុងឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម ដែលបម្រើឱ្យការស្រោចស្រពនៅក្នុងស្រុកចំនួន៥ នៃខេត្តព្រៃវែង រួមមាន ស្រុកស៊ីធរកណ្ដាល ស្រុកកញ្ជ្រៀច ស្រុកកំចាយមារ ស្រុកស្វាយអន្ទរ និងស្រុកមេសាង និង ២)ស្ថានភាពទឹកនៅអាងទឹកបឹងកំពិត ស្ថិតក្នុងឃុំមៀន ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំដែលជាប្រភពទឹកដ៏សំខាន់ក្នុងការស្តុកទឹកទុកសម្រាប់បង្ហូរទៅសង្រ្គោះស្រូវ។

ក្នុងគ្រានោះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ឱ្យដឹងថា ស្ថានភាពប្រព័ន្ធធារាសាស្ត្រមិនមានបញ្ហាអ្វីនោះទេ ចំណែកការងារបង្កបង្កើនផលស្រូវវស្សា មកដល់ពេលបច្ចុប្បន្ននេះអនុវត្តបាន ៣០៩.៤៧៨ហិកតា ស្មើនឹង ១០៣,១៦% នៃផែនការ ៣០០.០០០ហិកតា។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានមានប្រសាសន៍ណែនាំដល់អាជ្ញាធរមូលដ្ឋាន មន្ទីរធនធានទឹក និងឧតុនិយមខេត្ត និងតំណាងសហគមន៍កសិករប្រើប្រាស់ទឹក សូមបន្តការផ្សព្វផ្សាយដល់ប្រជាកសិករកុំឱ្យបង្កបង្កើនផលស្រូវលើសផែនការ ជៀសវាងមានការខាតបង់៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ