ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កងទ័ពជួរមុខមិននៅឯកោឡើយ៖ កងរាជអាវុធហត្ថមណ្ឌលគិរីនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាចែកជូនគ្រួសារយោធិន

3 នាទី មុន
  • មណ្ឌលគិរី

ខេត្ត​មណ្ឌលគិរី ៖ តាម​អនុសាសន៍ និង​ការ​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ដែល​តែងតែ​ផ្តាំផ្ញើ និង​ជំរុញ​ឲ្យ​មេបញ្ជាការ​កងរាជអាវុធហត្ថ​តាម​បណ្តា​រាជធានី​-​ខេត្ត​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​…

ខេត្ត​មណ្ឌលគិរី ៖ តាម​អនុសាសន៍ និង​ការ​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ដែល​តែងតែ​ផ្តាំផ្ញើ និង​ជំរុញ​ឲ្យ​មេបញ្ជាការ​កងរាជអាវុធហត្ថ​តាម​បណ្តា​រាជធានី​-​ខេត្ត​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​ ដល់​នាយ​-​នាយ​រង​អាវុធហត្ថ​ក្រោម​ឱវាទ​ទាំងអស់ ជា​ពិសេស ​គ្រួសារ​យោធិន​ និង​នគរបាល​ជួរ​មុខ ដែល​កំពុង​ជាប់​ភារកិច្ច​ការពារ​បូរណភាព​ទឹកដី ។

ជាក់ស្តែង ​នៅ​​រសៀល​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០២៥ លោក​ឧត្តមសេនីយ៍ត្រី ហែម បូ​ណា​រ៉ែ​ល មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តមណ្ឌលគិរី បាន​ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ នាំ​យក​គ្រឿង​ឧបភោគបរិភោគ និង​ថវិកា​មួយ​ចំនួន ចែក​ជូន​ដល់​ក្រុម​គ្រួសារ​វីរ​កងទ័ព​និង​វីរ​នគរបាល ដែល​កំពុង​បំពេញភារកិច្ច​ការពារ​បូរណភាព​ទឹកដី នៅ​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ ។

ក្រុម​គ្រួសារ​វីរ​កងទ័ព​ចំនួន​៣​គ្រួសារ ដែល​រស់នៅ​ស្រុក​ពេ​ជ្រា​ដា ទទួល​បានការ​សួរសុខទុក្ខ​រួម​មាន ១-គ្រួសារ​លោក​ពលបាលឯក ម៉​ន ភក្ដី ដែល​ជា​យោធិន​នៃ​កងពលតូច​ថ្មើរជើង​លេខ ២១ ចំណុះ​យោធភូមិ​ភាគ​ទី​២ ហើយ​កំពុង​ឈរជើង​ការពារ​នៅ​តំបន់ (​ប្រាសាទតាមាន់ធំ​) ស្នាក់​នៅ​វរ​សេនា​តូច ២១២​។ ២-គ្រួសារ​លោក​ពលបាលឯក យ៉ូ​ត ញ៉ាម ដែល​ជា​យោធិន​នៃ​កងពលតូច​លេខ​១២៨ ចំណុះ​យោធភូមិ​ភាគ​ទី​១ កំពុង​ឈរជើង​នៅ​តំបន់ (​មុំ​បី​) ហើយ​ក្រុម​គ្រួសារ​រស់នៅ​ភូមិ​ប៊ូ​ស្រា ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌល​គិរី​។ ៣-គ្រួសារ​លោក​ពលទោ ខែ​ន សុខ​មៀង ដែល​ជា​យោធិន​នៃ​កងពលតូច​លេខ ១២៨ ចំណុះ​យោធភូមិ​ភាគ​ទី​១ កំពុង​ឈរជើង​នៅ​តំបន់ (​អានសេះ​) ហើយ​ក្រុម​គ្រួសារ​រស់នៅ​ភូមិ​ពូ​រាំង ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី​។

ក្នុង​ឱកាស​នោះ លោក​ឧត្តមសេនីយ៍ត្រី មេបញ្ជាការ បាន​នាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ និង​ក្តី​នឹករលឹក​ពី​សំណាក់​នាយ​ឧត្តមសេនីយ៍​មេបញ្ជាការ សៅ សុខា ព្រមទាំង​បាន​ថ្លែង​នូវ​ពាក្យ​លើកទឹកចិត្ត ដល់​គ្រួសារ​វីរ​កងទ័ព​ទាំងអស់ «​សូម​បងប្អូន​ជា​ភរិយា មាតាបិតា របស់​វីរ​កងទ័ព​ជួរ​មុខ​ទាំងអស់ មាន​មោទកភាព និង​ជឿជាក់​ថា កងទ័ព​ដែល​កំពុង​ឈរជើង​ការពារ​ជាតិ មិន​នៅ​ឯកោ​ឡើយ​។ កងរាជអាវុធហត្ថ​ខេត្តមណ្ឌលគិរី នឹង​បន្ត​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​សុខុមាលភាព​របស់​ក្រុម​គ្រួសារ​ទាំងអស់​។

សូម​បងប្អូន​បន្ត​ជា​កម្លាំងចិត្ត និង​បង្អែក​ដ៏​រឹង​មាំ​ពីក្រោយ​ខ្នង​ដើម្បី​ឲ្យ​ស្វាមី និង​កូន​ៗ របស់​ខ្លួន​មាន​កម្លាំងចិត្ត​កាន់តែ​មោះមុត​ក្នុង​ការ​បំពេញភារកិច្ច​ការពារ​ជាតិ​មាតុភូមិ​ប្រកបដោយ​ជោគជ័យ​»​។

ចំពោះ​គ្រឿង​ឧបភោគបរិភោគ និង​ថវិកា​ឧបត្ថម្ភ​ផ្តល់​ជូន​ក្នុង​មួយ​គ្រួសារ​ៗ​រួម​មាន​៖ មី០២​កេះ ទឹក​សុទ្ធ០៣ កេះ​ទឹកស៊ីអ៊ីវ០២​យួរ ទឹកត្រី០២​យួរ ទឹក​ផ្លែ​ឈើ០២​កេះ ប៊ី​ចេ​ង០១​កញ្ចប់ អង្ករ៥០​គីឡូក្រាម ថវិកា៤០​ម៉ឺ​រៀល ។

ក្រុម​គ្រួសារ​វីរ​កងទ័ព​ដែល​ទទួល​បានការ​ជួយ​ឧបត្ថម្ភ​លើកទឹកចិត្ត​ពី​នាយ​ឧត្តមសេនីយ៍ សៅ សុខា បាន​ថ្លែងអំណរគុណ​និង​ជូនពរ​ដល់​ឯកឧត្តម​មេបញ្ជាការ​និង​សហការី​ទាំងអស់ ទទួល​បាន​នូវ​សេចក្តីសុខ សុភមង្គល និង​សម្រេច​បាន​ជោគជ័យ​គ្រប់​ភារកិច្ច ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ