ខេត្តកំពង់ចាម ៖ អភិបាលរងខេត្តកំពង់ចាម លោក ឃន ប្រុស ណែនាំដល់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ចាម ដើម្បីធានាសុវត្ថិភាពជូនពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងត្រូវធ្វើការទប់ស្កាត់ការលក់ ឬប្រើប្រាស់ឱសថគ្មានលេខទិដ្ឋាការ បញ្ញិកា ហើយបន្តខិតខំយកចិត្តទុកដាក់ចំពោះការងារប្រយុទ្ធនឹងឱសថក្លែងក្លាយ សេវាសុខាភិបាលឯកជនខុសច្បាប់ ដែលនាំឲ្យប៉ះពាល់ដល់សុខភាពបងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ។ នេះបើយោងតាមផេក ភ្នាក់ងារសារព័ត៌មានកម្ពុជាខេត្តកំពង់ចាមបានប្រកាសនារសៀលថ្ងៃទី២០ ខែតុលានេះ ។

ថ្លែងបែបនេះ នាឱកាសលោកអភិបាលរងខេត្ត ដឹកនាំកិច្ចប្រជុំរួមនៃក្រុមការងារពិសេសថ្នាក់ខេត្ត សម្រាប់លុបបំបាត់ជំងឺគ្រុនចាញ់ ជំងឺអេដស៍ ឱសថក្លែងក្លាយ សេវាសុខាភិបាល ឯកជនខុសច្បាប់ និងផ្នែកហិរញ្ញប្បទានសុខាភិបាល ប្រចាំត្រីមាសទី៣ ឆ្នាំ២០២៥ ។ ពិធីនេះធ្វើនៅសាលប្រជុំមន្ទីរសុខាភិបាល ខេត្តកំពង់ចាម នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ។

លោក ឃន ប្រុស បានបន្តថា មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ត្រូវសហការជាមួយរដ្ឋបាលក្រុង-ស្រុក បន្តពង្រឹង និងអភិវឌ្ឍប្រព័ន្ធសុខាភិបាល នៅគ្រប់មូលដ្ឋានសុខាភិបាលក្នុងខេត្ត សំដៅលើកកម្ពស់សុខុមាលភាពសង្គម និងការលើកកម្ពស់ការផ្តល់សេវាប្រកបដោយប្រសិទ្ធភាពដោយត្រូវធ្វើការត្រួតពិនិត្យមូលដ្ឋានសុខាភិបាល ឯកជនទាំងអស់ដែលកំពុងផ្តល់សេវា ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនអំពីលិខិតអនុញ្ញាត បើកសេវាឯកជន អាជ្ញាប័ណ្ណ គណៈវិជ្ជាជីវៈ សញ្ញាបត្រវិជ្ជាជីវៈ របស់បុគ្គលិក បច្ចេកទេស ការអនុវត្តតាមបទដ្ឋានបច្ចេកទេស និងឯកសារប្រើប្រាស់សម្រាប់អ្នកជំងឺ ។

លើសពីនេះ ត្រូវធ្វើការពិនិត្យគុណភាពឱសថ និងការថែរក្សាទុកដាក់ឱសថដែលមានបញ្ញិកាត្រឹមត្រូវឱ្យបានជាប់ជាប្រចាំ និងត្រូវបញ្ឈប់មិនឱ្យដំណើរការរាល់ទីតាំងផ្តល់សេវាសុខាភិបាលឯកជន ឬឱសថស្ថានគ្មានច្បាប់អនុញ្ញាត ដើម្បីធានាសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងត្រូវធ្វើការទប់ស្កាត់ការលក់ ឬប្រើប្រាស់ឱសថគ្មានលេខទិដ្ឋាការ បញ្ញិកា ឱសថហាមឃាត់ ឬឱសថគ្មានប្រភពច្បាស់លាស់ នៅតាមបណ្តាឱសថស្ថាន ឱសថស្ថានរង មូលដ្ឋាន សុខាភិបាលឯកជន និងសាធារណៈគ្រប់ប្រភេទ ៕

ចែករំលែកព័តមាននេះ