ទីក្រុងកៀវ៖ ជាថ្មីម្ដងទៀត លោកត្រាំនៅតែចង់ឱ្យអ៊ុយក្រែនធ្វើសម្បទានទៅឱ្យរុស្ស៊ីដើម្បីបិទបញ្ចប់សង្គ្រាមឱ្យបានឆាប់។ ប្រភពដែលស្នើសុំមិនបញ្ចេញឈ្មោះ និងដែលបានដឹងកិច្ចការផ្ទៃក្នុងរវាងអាមេរិក និងអ៊ុយក្រែនបានទម្លាយអាថ៌កំបាំងប្រាប់អ្នកសារព័ត៌មានថានៅពេលជួបគ្នាកាលពីថ្ងៃសុក្រសប្ដាហ៍មុន លោកត្រាំស្នើឱ្យលោកហ្សេឡិនស្គីកាត់ទឹកដីអ៊ុយក្រែនមួយផ្នែកទៅឱ្យរុស្ស៊ីដើម្បីជាថ្នូរនឹងសន្តិភាព។ ប្រភពដដែលនោះប្រាប់ថាការជួបគ្នាកាលនោះប្រព្រឹត្តទៅនៅក្នុងបរិយាកាសដ៏តឹងតែងបំផុតដល់ថ្នាក់គណៈប្រតិភូអ៊ុយក្រែនខកចិត្តយ៉ាងខ្លាំង។ នេះបើតាមប្រភព២នាក់ដែលសូមមិនបញ្ចេញឈ្មោះ។
ចំពោះសំណូមពររបស់អ៊ុយក្រែនដែលចង់បានមីស៊ីលម៉ាកថូម៉ាហកនោះ លោកត្រាំមិនបានផ្ដល់ការសន្យាដោយប្រាកដប្រជាឡើយ។ ប៉ុន្តែប្រហែលជាអត់ច្រើនជាងបាន។ សូម្បីតែអនុប្រធានាធិបតីអាមេរិក លោកជេឌីវេន (JD Vance) ក៏បញ្ជាក់ត្រង់ចំណុចនេះផងដែរថាលោកត្រាំចង់ផ្ដោតសំខាន់ទៅលើការបន្ធូរបន្ថយភាពតានតឹង និងរំលត់ភ្លើងសង្គ្រាម។ លោកចង់មានន័យថាបើផ្ដល់មីស៊ីលនេះទៅឱ្យអ៊ុយក្រែនមិនមែនធ្វើឱ្យសង្គ្រាមឆាប់ចប់នោះទេ ប៉ុន្តែអាចធ្វើឱ្យឆាបឆេះកាន់តែខ្លាំង។
ប្រភពដដែលនេះប្រាប់ថានៅក្នុងពេលជួបគ្នានោះ លោកត្រាំមិនបានសន្យាដោយប្រាកដប្រជាថានឹងផ្ដល់ការធានាសន្តិសុខជាតិសម្រាប់អ៊ុយក្រែនទេ។ និយាយដល់ចំណុចនេះធ្វើឱ្យគណៈប្រតិភូអ៊ុយក្រែនចាប់ផ្ដើមងឿងឆ្ងល់ព្រោះមិនដឹងថាតើលោកត្រាំមានជំហរបែបណា។ គេនៅចាំបានថាក្រោយពេលជួបគ្នារួច លោកត្រាំអំពាវនាវឱ្យមានបទឈប់បាញ់។ លោកស្នើឱ្យកងទ័ពទាំងសងខាងដែលកំពុងឈរជើងនៅទីណាសូមឈរជើងនៅទីនោះជាបន្តទៀតចុះ។
ប្រភពមួយទៀត (ប្រភពទីបី) ប្រាប់ថាលោកត្រាំអំពាវនាវដូចខាងលើនេះបន្ទាប់ពីលោកហ្សេឡិនស្គីនិយាយប្រាប់លោកដោយសម្ដីមុតមាំថាអ៊ុយក្រែននឹងមិនកាត់ទឹកដីរបស់ខ្លួនឱ្យរុស្ស៊ីជាដាច់ខាត។ ចំពោះសំណួរថាតើលោកចង់ឱ្យអ៊ុយក្រែនកាត់តំបន់ដុនបាស់ទាំងស្រុងទៅឱ្យរុស្ស៊ី ឬយ៉ាងណា? លោកត្រាំឆ្លើយតបថាមិនអីចឹងទេ កងទ័ពរុស្ស៊ី និងអ៊ុយក្រែនគួររក្សាទីតាំងដដែលនៅតំបន់ដែលខ្លួនកាន់កាប់។ លោកគិតថារុស្ស៊ីកាន់កាប់តំបន់ដុនបាស់៧៨%។ ប្រភពដែលដឹងកិច្ចការផ្ទៃក្នុងរបស់អ៊ុយក្រែនប្រាប់ថាការជួបគ្នាកាលពីថ្ងៃសុក្រនោះធ្វើឱ្យលោកហ្សេឡិនស្គីខកចិត្តបំផុត។ ប៉ុន្តែលោករក្សាទុកតែក្នុងចិត្ត។
គួរកត់សម្គាល់ថាមុនពេលជួបលោកហ្សេឡិនស្គីតែប៉ុន្មានម៉ោងប៉ុណ្ណោះ លោកត្រាំ និងលោកពូទីនបានសន្ទនាគ្នាតាមទូរស័ព្ទ។ សារព័ត៌មានវ៉ាស៊ីនតោនប៉ុស្តិ៍ចុះផ្សាយថាលោកពូទីនចង់ឱ្យអ៊ុយក្រែនប្រគល់តំបន់ដុនបាស់ និងលូហានទាំងអស់ទៅឱ្យរុស្ស៊ី។ ជាថ្នូរត្រឡប់ទៅវិញ រុស្ស៊ីយល់ព្រមកាត់តំបន់ហ្សាប៉ូរីហ្សៀ និងខឺសុនមួយផ្នែកទៅឱ្យអ៊ុយក្រែនវិញ។ តាមពិត ហ្សាប៉ូរីហ្សៀ និងខឺសុនក៏ជាទឹកដីរបស់អ៊ុយក្រែនដែរ។ ដូច្នេះបើតាមសំណើរបស់លោកពូទីនមានន័យថាយកដីអ៊ុយក្រែនដូរជាមួយដីអ៊ុយក្រែន។ គ្រាន់តែថាតំបន់ទាំងនោះកំពុងកាន់កាប់ដោយរុស្ស៊ី។ បើមិនព្រមដូរគ្នាទេ រុស្ស៊ីនៅតែបន្តកាន់កាប់ទាំងអស់។
រហូតមកដល់ពេលនេះ គេមិនទាន់ដឹងថាតើលោកហ្សេឡិនស្គីនឹងគិតយ៉ាងដូចម្ដេចទៀត។ ដូញ៉ែត និងលូហានជាទីតាំងយុទ្ធសាស្ត្រដ៏សំខាន់ដែលអ៊ុយក្រែនពិបាកនឹងបណ្ដោយឱ្យធ្លាក់ទៅក្នុងដៃរបស់រុស្ស៊ីណាស់។ បើរុស្ស៊ីបានតំបន់ទាំងនេះទៀតគឺប្រៀបដូចខ្លាដុះស្លាបព្រោះកម្លាំងការពាររបស់អ៊ុយក្រែននឹងចុះខ្សោយ។ ប្រភពដែលស្នើសុំមិនបញ្ចេញឈ្មោះរហូតដល់ទៅហ៊ាននិយាយថាបើសិនអ៊ុយក្រែនរបូតពីដៃនូវតំបន់ដូញ៉ែត និងលូហានគឺប្រៀបបាននឹងការធ្វើអត្តឃាតខ្លួនឯងដូច្នោះដែរ។ នេះបើយោងតាមរ៉យទ័រ និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ