ទីក្រុងប៉េកាំង ៖ សេដ្ឋកិច្ចរបស់ប្រទេសចិននៅក្នុងត្រីមាសទី ៣ បង្ហាញកំណើនទាបត្រឹម ៤,៨% ដោយសារភាពតានតឹងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក និងការធ្លាក់ចុះតម្រូវការក្នុងស្រុក។ នេះបើតាមប្រភពពី AP, Reuters និង BBC ចេញផ្សាយនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥។
រដ្ឋាភិបាលចិនបានបញ្ជាក់ក្នុងរបាយការណ៍ស្ថិតិជាតិ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ថា ទិន្នន័យសេដ្ឋកិច្ចក្នុងត្រីមាសទី ៣ ចាប់ពីខែកក្កដាដល់ខែកញ្ញា ឆ្នាំនេះ មានកំណើនទាបបំផុត ចាប់តាំងពីត្រីមាសទី ៣ ឆ្នាំមុន ហើយបើធៀបនឹងកំណើន ៥,២% កាលពីត្រីមាសមុន (ត្រីមាសទី ២)។ ប៉ុន្តែទោះយ៉ាងណាក៏ដោយ សេដ្ឋកិច្ចសម្រាប់រយៈពេល៩ខែដំបូងនៃឆ្នាំនេះ (៣ត្រីមាស) បានកើនឡើង ៥,២% ដែលបង្ហាញថា កំណើនសេដ្ឋកិច្ចកំពុងស្ថិតលើផ្លូវ ដើម្បីឈានដល់គោលដៅប្រចាំឆ្នាំរបស់រដ្ឋាភិបាលប្រហែល ៥% ។
ទោះបីជាប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ដំឡើងពន្ធខ្ពស់លើការនាំចូលទំនិញពីចិនក៏ដោយ ក៏ការនាំចេញរបស់ប្រទេសសេដ្ឋកិច្ចធំបំផុតទី២ពិភពលោកមួយនេះ នៅតែររក្សាភាពធន់ និងរឹងមាំដដែល នៅពេលបណ្តាក្រុមហ៊ុនបានពង្រីកការលក់ទៅកាន់ទីផ្សារពិភពលោកផ្សេងទៀត ដ្បិតការនាំចេញរបស់ចិនទៅកាន់សហរដ្ឋអាមេរិកបានធ្លាក់ចុះ ២៧% គិតត្រឹមខែកញ្ញា ធៀបនឹងឆ្នាំមុន។
ការិយាល័យស្ថិតិជាតិចិន (NBS) បានអះអាងថា សេដ្ឋកិច្ចចិនបានបង្ហាញអំពីភាពធន់ប្រឆាំងនឹងសម្ពាធ ដោយលើកឡើងពីសន្ទុះនៅក្នុងវិស័យបច្ចេកវិទ្យា និងសេវាកម្មអាជីវកម្មរបស់ខ្លួន ដែលជាកត្តាជំរុញកំណើនដ៏សំខាន់។ រដ្ឋាភិបាលចិនបានកំណត់គោលដៅនៃកំណើនសេដ្ឋកិច្ចប្រហែល ៥% នៅឆ្នាំនេះ ហើយរហូតមកដល់ពេលនេះ សេដ្ឋកិច្ច ចិនបានជៀសពីការធ្លាក់ចុះខ្លាំង ដែលជួយប៉ះប៉ូវដោយវិធានការគាំទ្ររបស់រដ្ឋាភិបាល។
ប្រធានាធិបតីចិន លោក ស៊ី ជិនភីង (Xi Jinping) ព្រមទាំងសមាជិកបក្សកុម្មុយនិស្តផ្សេងទៀត កំពុងតែរៀបចំកិច្ចប្រជុំគោលនយោបាយដ៏សំខាន់បំផុតមួយរបស់ប្រទេសសម្រាប់ឆ្នាំនេះ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ដើម្បីរៀបចំផែនការគោលនយោបាយសេដ្ឋកិច្ច និងសង្គមកិច្ចប្រទេសជាតិ សម្រាប់រយៈពេល៥ឆ្នាំខាងមុខ៕

ចែករំលែកព័តមាននេះ