រាជធានីភ្នំពេញ ៖ ករណីឃាតកម្មសម្លាប់រួចដឹកសព តាមរថយន្តម៉ាកតូយ៉ូតាព្រូស ១គ្រឿង យកប្លុងចោលទាំងសព និងរថយន្ត នៅលើដីវាលស្ថិតនៅជិតទីលានចាក់សំរាម ក្នុងភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦នោះ ត្រូវបានស្គាលអត្តសញ្ញាណជនរងគ្រោះ និងដឹងពីមូលហេតុ នៃការស្លាប់នោះហើយ ករណីខាងលើនោះ គឺជាអំពើចាប់ជម្រិត ដោយក្រុមឧក្រិដ្ឋជនទារប្រាក់ចំនួន២លានដុល្លារ ពីប្រពន្ធជនរងគ្រោះមិនបាន ក៏បានសម្លាប់ចោលតែម្ដង ។
បុរសរងគ្រោះជាជនជាតិចិនឈ្មោះ Yang Weixin អាយុ៥៣ឆ្នាំ មុខរបរម្ចាស់ក្រុមហ៊ុនអចលនទ្រព្យ ស្នាក់នៅបន្ទប់លេខZ១២ ជាន់ទី១៩ ខុនដូរ VIEW ASTON ស្ថិតនៅក្នុងភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
សមត្ថកិច្ចប្រាប់ថា បុរសរងគ្រោះស្លាប់ដោយអំពើឃាតកម្ម ដោយក្រុមឧក្រិដ្ឋជនធ្វើទារុណកម្មខ្ទប់ដង្ហើម ចាក់ និងវាយ រហូតដល់ស្លាប់បាត់បង់ជីវិត បន្ទាប់មកបានដឹកសព យកទៅប្លុងចោលទាំងរថយន្ត និងសពនៅចំណុចខាងលើ។ ចំណែកសព ត្រូវបានក្រុមអ្នកបើកបររថយន្តដឹកទំនិញធុនធំ ដែលតែងតែទៅឈប់សំចតនៅលើដីវាលនោះ ប្រទះឃើញដេកស្លាប់នៅលើកៅអីខាងក្រោយ នៃរថយន្ត ១គ្រឿង ម៉ាកToyota Prius ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BH-1311 ទើបបង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹក ។
ស្ត្រីជាប្រពន្ធជនរងគ្រោះ ដែលជាជនជាតិចិនដែរនោះ បាននិយាយប្រាប់សមត្ថកិច្ចថា ជនរងគ្រោះគឺជាប្ដីរបស់គាត់ ដែលបានបាត់ខ្លួនកាលពីវេលាយប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ ពេលនោះ គាត់បានតាមរកមិនឃើញ ក៏បានស្វែងរកការអន្តរាគមន៍ពីសមត្ថកិច្ចទាំងយប់ ។ បន្ទាប់មកសមត្ថកិច្ចបានឆែកមើលកាមេរ៉ាសុវត្ថិភាពនៅអគារ ដែលប្ដីគាត់ស្នាក់នៅ ហើយបានឃើញជនសង្ស័យចំនួន៣នាក់ ចាប់ប្ដីគាត់នៅចំណតរថយន្ត នៃអគារស្នាក់នៅនោះ រួចដាក់ចូលទៅក្នុងរថយន្ត ១គ្រឿង នៅវេលាម៉ោងប្រមាណ៨យប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ បន្ទាប់មកបានបើកចេញទៅបាត់ស្រមោល ។
ភរិយាជនរងគ្រោះ បាននិយាយបន្តទៀតថា ពេលនោះគាត់មិនបានដឹងពីគោលដៅ ឬទីកន្លែង ដែលជនសង្ស័យយកប្ដីគាត់ទៅលាក់ទុកនោះទេ រហូតដល់វេលាម៉ោងប្រមាណ៣ទៀបភ្លឺ ឈានចូលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ ស្រាប់តែជនសង្ស័យយកលេខទូរសព្ទប្ដីរបស់គាត់ ផ្ញើសារចូលមកទូរសព្ទគាត់ បង្ខំឲ្យផ្ញើប្រាក់ឌីជីថល(គ្រីបតូ) ចំនួន២លានដុល្លារ តែពេលនោះ គាត់ពុំមានប្រាក់ ដើម្បីផ្ញើទៅឡើយ ។
គាត់បានបញ្ជាក់ទៀតថា បន្ទាប់មកជនសង្ស័យនៅតែបន្តផ្ញើសារមកទូរសព្ទគាត់បន្តបន្ទាប់ទៀត រហូតដល់វេលាម៉ោងជិត៩ព្រឹកថ្ងៃទី៣០ ខែឧសភាដដែលនោះ ក្រុមឧក្រិដ្ឋជន ក៏បានផ្ញើសារមកជាលើកចុងក្រោយ ដោយប្រាប់ថា បញ្ចប់ត្រឹមហ្នឹងទៅ។ ចាប់ពីពេលនោះមក គាត់ក៏ទាក់ទងទៅកាន់លេខទូរសព្ទប្ដីគាត់វិញ លែងបានរហូតដល់តែម្ដង ដែលបានធ្វើឲ្យគាត់ខ្វល់ខ្វាយ និងបារម្ភខ្លាំងណាស់ លុះវេលាម៉ោងជាង១១ថ្ងៃដដែល ស្រាប់តែទទួលដំណឹងដ៏អកុសលថា ប្ដីគាត់ស្លាប់ក្នុងរថយន្តបាត់ទៅហើយ ៕





















ចែករំលែកព័តមាននេះ