ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មនុស្ស៥នាក់ ត្រូវបានសង្គ្រោះចេញពីរូងភ្នំលិចទឹកនៅឡាវ​ ក្រោយជាប់គាំង ១០ថ្ងៃ​

5 ម៉ោង មុន

ទីក្រុងវៀងចន្ទន៍៖ ប្រតិបត្តិការសង្គ្រោះដ៏ធំនៅក្នុងរូងភ្នំលិចទឹក នាខេត្តសៃសូមប៊ូន​ប្រទេសឡាវ បានឈានដល់របត់ជោគជ័យថ្មីមួយនៅក្នុងថ្ងៃទី១០ នេះ ដោយជនរងគ្រោះចំនួន ៥ នាក់ ត្រូវបានក្រុមការងារនាំខ្លួនចេញមកក្រៅរូងភ្នំដោយសុវត្ថិភាព និងមានជីវិតរស់រានមានជីវិត។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Laotian Times នៅថ្ងៃទី៣០ ខែឧសភានេះ។

នៅក្នុងនោះ ជនរងគ្រោះម្នាក់ដំបូងត្រូវបានសង្គ្រោះចេញមកកាលពីថ្ងៃទី២៩ ឧសភា និង ៤ នាក់ទៀត ត្រូវបាននាំចេញមកក្រៅជាបន្តបន្ទាប់នៅ​រសៀល ថ្ងៃទី៣០ ឧសភានេះ ក្រោមការជួយជ្រោមជ្រែងពីក្រុមគ្រូពេទ្យ និងកម្លាំងសង្គ្រោះបន្ទាន់។

ទោះជាយ៉ាងណា បេសកកម្មនេះមិនទាន់បញ្ចប់នៅឡើយទេ ដោយសារនៅមានអ្នកភូមិចំនួន ២ នាក់ទៀតកំពុងបន្តជាប់គាំងនៅខាងក្នុង។ នៅថ្ងៃដដែលនេះ ក្រុមអ្នកជំនាញមុជទឹករូងភ្នំអន្តរជាតិបន្ថែមបានធ្វើដំណើរមកដល់ទីតាំងកើតហេតុ ដើម្បីវាយតម្លៃស្ថានភាព និងរៀបចំយុទ្ធសាស្ត្រចូលទៅរុករកអ្នកដែលនៅសល់។

បច្ចុប្បន្ន ក្រុមសង្គ្រោះឡាវ និងថៃ កំពុងបន្តបូមទឹកចេញ និងស្វែងរកផ្លូវរំដោះទឹកបន្ថែមនៅតាមអាងស្តុកទឹក និងតំបន់អណ្តូងរ៉ែនៅក្បែរនោះ។ ឧបសគ្គដ៏គួរឱ្យព្រួយបារម្ភគឺនៅវេលាម៉ោង ៤:៤៧ នាទីល្ងាច មេឃបានចាប់ផ្ដើមធ្លាក់ភ្លៀងខ្លាំងសាជាថ្មី ដែលអាចធ្វើឱ្យកម្រិតទឹកក្នុងរូងភ្នំឡើងខ្ពស់ និងបង្កការលំបាកកាន់តែខ្លាំងដល់យុទ្ធនាការស្វែងរកអ្នកទាំង ២ នាក់ចុងក្រោយ៕