រាជធានីភ្នំពេញ ៖ សំណុំរឿងមន្ត្រីកងកម្លាំងប្រមាណជាង៣០នាក់ ពាក់ព័ន្ធចូលលួចយកសម្ភារក្នុងទីតាំងបិតសៀល នៅកាស៊ីណូព្រែកចាក ខេត្តកំពត ត្រូវបានផ្ទេរតាមដីកាសម្រេចផ្ទេររបស់អយ្យការអមសាលាដំបូងខេត្តកំពត គឺបានមកដល់ដែនសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ហើយសំណុំរឿងក៏បានដល់ដៃលោកស្រីព្រះរាជអាជ្ញារង មួយរូប នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦នេះផងដែរ ។
ប៉ុន្តែជនសង្ស័យទាំង៣២នាក់ សមត្ថកិច្ចមិនទាន់បាននាំខ្លួនយកទៅជូនតំណាងអយ្យការ ឲ្យបើកការស៊ើបសួរនៅឡើយទេ អាចនឹងដំណើរការតាមនីតិវិធីពេញលេញ នៅថ្ងៃទី៣១ ខែឧសភា ព្រឹកស្អែកនេះ ។
ទាក់ទិនការផ្ទេរសំណុំរឿងដ៏រសើបខាងលើនេះ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានសរសេរបង្ហោះលើបណ្តាញសង្គមនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦នេះ បានលើកឡើងថា “ច្បាប់មិនបានបែងចែកថា ជាកងកម្លាំង ឬជាប្រជាពលរដ្ឋ ត្រូវអនុវត្តច្បាប់ខុសៗគ្នានោះទេ ច្បាប់ត្រូវអនុវត្តដោយតម្លាភាព និងស្មើភាពគ្នា ចំពោះសមត្ថកិច្ច ដែលបានធ្វើខុស” ។
លោកស្នងការ បានលើកឡើងថា ចំពោះការពាក់ព័ន្ធចូលយកសម្ភារក្នងទីតាំងបិទសៀលនៅក្នុងការស៊ីណូព្រែកចាករបស់សមត្ថកិច្ចដែលបានប្រចាំការនៅទីនោះកន្លងមក ករណីខាងលើនេះ ត្រូវបានផ្ទេរសំណុំរឿងទៅតុលាការរាជធានីភ្នំពេញរួចហើយ មានមតិជាច្រើនបានលើកឡើងថា ហេតុអ្វីមិនបង្ហាញមុខសមត្ថកិច្ចដែលពាក់ពន្ធនោះ។ លោកស្នងការបានបញ្ជាក់ថា “ខ្ញុំសូមជម្រាបថា ករណីនេះ ត្រូវបន្តនីតិវិធីជាបន្តបន្ទាប់ទៀត គ្មានអ្វីដែលត្រូវលាក់បាំង និងការពារចំពោះបុគ្គលដែលល្មើសច្បាប់ និងបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសរបស់កងកម្លាំងនគរបាលជាតិនោះទេ ។
លោកស្នងការ បន្តថា “ខ្ញុំសូមជម្រាបបន្ថែមថា ការមិនបញ្ចេញរូបថតជនសង្ស័យ ចំពោះករណីនេះ តំណាងអយ្យការនៅបន្តធ្វើការសាកសួរនិងស្រាវជ្រាវបន្តទៀត ចំពោះជនសង្ស័យទាំងអស់ មាន៣២នាក់ រួមនិងអ្នកទទួលផលចំនួន៤នាក់ បានបញ្ជូនទៅដល់រាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី មុននិងក្រោយ អ្នកពាក់ព័ន្ធនឹងត្រូវធ្វើការផ្សព្វផ្សាយ មិនហួសពេលនោះទេ។ មិនមែនគ្រាន់តែចង់ឲ្យសមត្ថកិច្ចបង្ហាញមុខជនសង្ស័យទាំងនោះ នៅពេលនេះ ហើយត្រូវបំផ្លាញទៅដល់ការងារស្រាវជ្រាវរកអ្នកពាក់ព័ន្ធផ្សេងៗទៀតនោះទេ។ សូមបងប្អូនមានការយោគយល់ចំពោះករណីនេះ បើសមត្ថកិច្ចមានចេតនាអ្វីមួយនោះ មិនមែនយើងខ្ញុំខិតខំស្រាវជ្រាវរហូតដល់ឃាត់ខ្លួនជនសង្ស័យចំនួន៣២ នាក់ រួមនិងអ្នកទទួលផលបន្ថែម ៤នាក់ទៀតនោះទេ” ៕

ចែករំលែកព័តមាននេះ