ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​លែងឱ្យចូលហ្វ្រីហើយ! ក្រុងហាណូយត្រៀមយកលុយពីឡាន-ម៉ូតូដែលបើកចូលកណ្ដាលក្រុង ចាប់ពីឆ្នាំ២០២៨​

5 ម៉ោង មុន

ប្រទេសវៀតណាម៖ ទីក្រុងហាណូយ ​គ្រោងនឹងយកថ្លៃសេវាពីយានយន្តទាំងអស់ដែលបើកបរចូលមកកាន់តំបន់កណ្ដាលក្រុង ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៨ ខាងមុខនេះ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ដ៏រ៉ាំរ៉ៃ និងសម្អាតបរិយាកាសកុំឱ្យពុល។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress នាពេលថ្មីៗនេះ។

តាមគម្រោង ការប្រមូលលុយនេះនឹងត្រូវធ្វើឡើងជាបីដំណាក់កាល ដោយចាប់ផ្ដើមដំបូងនៅក្នុងឆ្នាំ២០២៨ នៅតំបន់ស្នូលកណ្ដាលក្រុង ឬខ្សែក្រវាត់ក្រុងទី១ ដែលជាកន្លែងណែនណាន់តាន់តាប់ និងស្ទះខ្លាំងជាងគេ បន្ទាប់មកនឹងពង្រីកទៅដល់តំបន់ខ្សែក្រវាត់ក្រុងទី២ នៅក្នុងឆ្នាំ២០៣០ និងពង្រីកទៅដល់តំបន់ខ្សែក្រវាត់ក្រុងទី៣ នៅឆ្នាំ២០៣២។

បច្ចុប្បន្ន ទីក្រុងហាណូយមានយានយន្តណែនណាន់តាន់តាប់រហូតដល់ជាង ៨ លានគ្រឿង ដែលក្នុងនោះមានម៉ូតូប្រើសាំងដល់ទៅ ៧ លានគ្រឿង និងមានឡានម៉ូតូជាង ១ លានគ្រឿងទៀត បើកចាក់ចូលពីតាមបណ្តាខេត្តជារៀងរាល់ថ្ងៃ។ ក្រៅពីការយកលុយថ្លៃផ្លូវនេះ ទីក្រុងហាណូយក៏ត្រៀមបង្កើតតំបន់បញ្ចេញផ្សែងទាបនៅពាក់កណ្ដាលឆ្នាំ២០២៦ ខាងមុខ ដើម្បីរឹតបន្តឹង និងឈានទៅរកការហាមឃាត់ម៉ូតូប្រើសាំងមិនឱ្យចូលក្នុងក្រុងទាំងស្រុងនៅពេលអនាគត ក្នុងបំណងបង្ខំឱ្យពលរដ្ឋងាកទៅជិះរថយន្តក្រុង ឬរថភ្លើងសាធារណៈវិញ៕