ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ជំទាស់​ដាច់ខាត​ដែល​ថៃ​សាងសង់​ព្រះពុទ្ធ​បដិមា​៣៦​អង្គ និង​បង្គោល​ទង់ជាតិ​ចំនួន​២ នៅ​ក្នុង​ខេត្តព្រះវិហារ និង​ឧត្តរមានជ័យ

4 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ កម្ពុជា បាន​ជំទាស់​ចំពោះ​ភាគី​ថៃ ទៅ​នឹង​ការ​សាងសង់​ព្រះពុទ្ធ​បដិមា​យ៉ាងតិច​ចំនួន ៣៦​អង្គ នៅ​ទីតាំង​មួយ​ចំនួន​ក្នុង​ខេត្តព្រះវិហារ និង​ឧត្តរមានជ័យ ព្រមទាំង​ការ​ដំឡើង​បង្គោល​ទង់ជាតិ​ចំនួន​២ នៅ​ក្នុង​ខេត្តព្រះវិហារ ។

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរ​ទស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០២៦ ថា រាជរដ្ឋាភិបាល​កម្ពុជា បាន​ធ្វើការ​តវ៉ា​ជា​ផ្លូវការ​ប្រឆាំង​នឹង​ការ​បន្ត​រំលោភ​បំពាន​របស់​ភាគី​ថៃ​មក​លើ​អធិបតេយ្យ និង​បូរណភាព​ទឹកដី​របស់​កម្ពុជា នៅ​ក្នុង​តំបន់ ដែល​កងទ័ព​ថៃ​បាន​កាន់កាប់​ដោយ​ខុសច្បាប់ ចាប់តាំងពី​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥​។ ការ​តវ៉ា​ថ្មី​ៗ​នេះ​ពាក់ព័ន្ធ​នឹង​ការ​សាងសង់​ព្រះពុទ្ធ​បដិមា​យ៉ាងតិច​ចំនួន ៣៦​អង្គ នៅ​ទីតាំង​មួយ​ចំនួន​ក្នុង​ខេត្តព្រះវិហារ និង​ឧត្តរមានជ័យ ព្រមទាំង​ការ​ដំឡើង​បង្គោល​ទង់ជាតិ​ចំនួន​២ នៅ​ក្នុង​ខេត្តព្រះវិហារ ។

បន្ទាប់​ពី​បទ​ឈប់​បាញ់​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ កងកម្លាំង​យោធា​ថៃ បាន​បន្ត​ពង្រឹង​ការ​គ្រប់គ្រង និង​ការ​កាន់កាប់​ដោយ​ខុសច្បាប់​លើ​ទឹកដី​កម្ពុជា តាម​រយៈ​ការ​សាងសង់​សំណង់​អចិន្ត្រៃយ៍​នានា ដូច​ជា ផ្លូវ ព្រះពុទ្ធ​បដិមា​ធំ​ៗ ការ​ដំឡើង និង​ពង្រឹង​របាំង​បិទផ្លូវ ដោយ​ប្រើ​ទូ​កុងតឺន័រ និង​បន្លា​លួស ការ​សាងសង់​បង្គោល ទង់ជាតិ​នៅ​ទីតាំង​មួយ​ចំនួន ព្រមទាំង​ការ​រៀបចំ​សកម្មភាព​វប្បធម៌ និង​ទេសចរណ៍​ផ្សេង​ៗ​។

សកម្មភាព​ទាំងនេះ មិន​អាច​ចាត់​ទុក​បាន​ថា ជា​វិធានការ​រក្សា​ទីតាំង​ឈរជើង​កងទ័ព​នោះ​ទេ វា​ផ្ទុយ​យ៉ាង​ច្បាស់​ទៅ​នឹង​វិធានការ ដែល​ចែង​នៅ​ក្នុង​ចំណុច​រ៉ូ​ម៉ាំង I នៃ​សេចក្តី​ប្រកាស​រួម នៃ​កិច្ចប្រជុំ​ពិសេស​លើក​ទី​៣ របស់​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) កាលពី​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ ជា​ពិសេស​ក្នុង​ចំណុច​ទី​២ និង​ទី​៣ ៖

ចំណុច​ទី​២៖ “​ភាគី​ទាំង​ពីរ​ឯកភាព​គ្នា​រក្សា​ការ​ឈរជើង នៃ​កងកម្លាំង​របស់​ខ្លួន​នៅ​ទីតាំង​បច្ចុប្បន្ន ដោយ​មិន​ត្រូវធ្វើ​សកម្មភាព​ចល័ត​កងកម្លាំង​បន្ថែម​ទៀត​។ មិន​ត្រូវ​ឱ្យ​មានការ​ធ្វើ​សកម្មភាព​ចល័ត​កងកម្លាំង ដោយ​រាប់​បញ្ចូល​ទាំង​ការ​ល្បាត​ចូល​ទៅ​ទីតាំង​របស់​ភាគី​ម្ខាង​ទៀត​»​។

ចំណុច​ទី​៣៖ “​ភាគី​ទាំង​ពីរ​ឯកភាព​គ្នា​ថា រាល់​ការ​ព្រមព្រៀង​ក្រោម​សេចក្តី​ប្រកាស​រួម​នេះ​មិន​ត្រូវធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​ខណ្ឌសីមា​ព្រំដែន និង​ព្រំដែន​អន្តរជាតិ​រវាង​ប្រទេស​ទាំង​ពីរ​នោះ​ទេ​។ ភាគី​ទាំង​ពីរ​ឯកភាព គ្នា​ប្រគល់​តួនាទី​ឱ្យ​គណៈកម្មការ​ចម្រុះ​ព្រំដែន​បន្ត​អនុវត្ត​ការងារ​វាស់វែង និង​ខណ្ឌសីមា​ព្រំដែន​ឱ្យ​បាន ឆាប់រហ័ស​បំផុត ស្រប​តាម​កិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់​រវាង​ប្រទេស​ទាំង​ពីរ ដើម្បី​សម្រេច​បាន​នូវសន្តិភាព​យូរអង្វែង​តាម​បណ្ដោយ​ព្រំដែន​។ ភាគី​ទាំង​ពីរ​ឯកភាព​គ្នា​ថា នឹង​ប្រើប្រាស់​យន្តការ​ដែល​មាន​ស្រាប់ នៃ​គណៈកម្មការ​ចម្រុះ​ព្រំដែន ដើម្បី​ធានា​សុវត្ថិភាព និង​សន្តិសុខ របស់​ក្រុមការងារ​វាស់វែង​ចម្រុះ នៅ​លើ​ទីតាំង​ជាក់ស្ដែង ដោយ​រាប់​បញ្ចូល​ទាំង​សុវត្ថិភាព​ពី​ជាន់​មីន​។ ភាគី​ទាំង​ពីរ​ឯកភាព​គ្ន​ថា គណៈកម្មការ​ចម្រុះ​ព្រំដែន នឹង​ផ្តល់​អាទិភាព​ខ្ពស់​បំផុត ចំពោះ​ការងារ​វាស់វែង និង​ខណ្ឌសីមា​ព្រំដែន​នៅ​តំបន់ រង​ផល​ប៉ះពាល់ ដែល​មាន​ជន​ស៊ី​វិល​រស់នៅ​» ។

រាជរដ្ឋាភិបាល​កម្ពុជា សូម​បញ្ជាក់​ជា​ថ្មី​ថា កម្ពុជា​មិន​ទទួលស្គាល់​ខ្សែ​ព្រំដែន​តាម​រយៈ​ការ​ប្រើប្រាស់​កម្លាំង​ជា​ដាច់ខាត ឬ​ការ​ទាមទារ​ទឹកដី​ជា​ឯកតោភាគី​ដោយ​ប្រទេស​ថៃ​នោះ​ទេ ហើយ​សកម្មភាព​ដូច​បាន​រៀបរាប់​ខាងលើ នឹង​មិន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ​ស្របច្បាប់ ឬ​ជំហរ​របស់​ព្រះរាជាណាចក្រ​កម្ពុជា ទាក់ទង នឹង​ព្រំដែន​អន្តរជាតិ​របស់​ខ្លួន​នោះ​ឡើយ ។

រាជរដ្ឋាភិបាល​កម្ពុជា សូម​អំពាវនាវ​ឱ្យ​ប្រទេស​ថៃ គោរព​តាម​ការ​ប្តេជ្ញា​ចិត្ត ដែល​បាន​ធ្វើ​ឡើង​ក្នុង​សេចក្តី​ប្រកាស​រួម នៃ​កិច្ចប្រជុំ​ពិសេស​លើក​ទី​៣ របស់​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) ដើម្បី​ស្ដារ​ឡើង​វិញ នូវ​ជំនឿ និង​ទំនុកចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ព្រមទាំង​លើកកម្ពស់​សន្តិភាព ស្ថិរភាព និង​ទំនាក់ទំនង​ភាព​ជា​អ្នក​ជិតខាង​ល្អ តាម​បណ្ដោយ​ព្រំដែន​រួម​រវាង​ប្រទេស​ទាំង​ពីរ ស្រប​តាម​គោលការណ៍ នៃ​ច្បាប់​អន្តរជាតិ ធម្មនុញ្ញ​អង្គការ សហប្រជាជាតិ ធម្មនុញ្ញ​អាស៊ាន និង​សន្ធិសញ្ញា​មិត្តភាព និង​សហប្រតិបត្តិការ​នៅ​អាស៊ី​អាគ្នេយ៍ (TAC) ៕