កម្ពុជាមានគម្រោងនឹងតភ្ជាប់អាកាសយានដ្ឋានអន្តរជាតិតេជោ ទៅកាន់ព្រែកជីកហ្វូណនតេជោ ដើម្បីពង្រីកមធ្យោបាយដឹកជញ្ជូនអោយកាន់តែមានភាពប្រទាក់ក្រឡាគ្នា និងបំពេញមហិច្ចតាពង្រីកមធ្យោបាយដឹកជញ្ជូននៅកម្ពុជា ។

លោក ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ដែលជាអ្នកកសាងអាកាសយាន្តដ្ឋានអន្តរជាតិតេជោ បានអះអាងថា ក្រុមហ៊ុននឹងបន្តអភិវឌ្ឍន៍គម្រោងបន្ថែមដោយរួមទាំងការកសាងផ្លូវទឹក និងក្រុងរណបថែមទៀត ។

លោកបានអះអាងថា អ្វីដែលសម្រេចបាន គឺដំណាក់កាលទី១ ដែលមានសមត្ថភាពអាចទទួលអ្នកដំណើរបាន១៣លាននាក់ក្នុងមួយឆ្នាំ តែក្រុមហ៊ុននឹងសាងសង់ដំណាក់កាលទី២ ដើម្បីអាចទទួលអ្នកដំណើរបាន៣០លាននាក់ក្នុងមួយឆ្នាំ និងដំណាក់កាលទី៣ រំពឹងថាទទួលអ្នកដំណើរបាន ៥០លាននាក់ក្នុងមួយឆ្នាំ ។

លោកបានបន្តថា ក្រៅពីនោះយើងមានផែនការសាងសង់ផ្លូវទឹកដឹកជញ្ជូនថ្មីប្រវែង១០គីឡូម៉ែត្រ ដែលគ្រោងចំណាយទុនវិនិយោគសរុបចំនួន១០០លានដុល្លារអាមេរិក សម្រាប់ធ្វើការតភ្ជាប់ពីបឹងជើងលោង ដែលនៅប៉ែកខាងត្បូងនៃអាកាសយានដ្ឋាន ទៅភ្ជាប់នឹងទន្លេបាសាក់ និងព្រែកជីកហ្វូណនតេជោ រហូតដល់ក្រុងកែប ដែលជាច្រកសមុទ្ររបស់ប្រទេសកម្ពុជាយើង ដើម្បីឲ្យតំបន់នៃអាកាសយានដ្ឋានថ្មីក្លាយទៅជាមជ្ឈមណ្ឌលដឹកជញ្ជូនផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក ។

លោកបានបន្តទៀតថា ក្រុមហ៊ុនក៏បានចាប់ផ្តើមអភិវឌ្ឍន៍ទីក្រុងរណបអាកាសយានដ្ឋាន រួមមានការសាងសង់លំនៅដ្ឋានតម្លៃសមរម្យសម្រាប់បុគ្គលិករាប់ពាន់នាក់នៅ អាកាសយានដ្ឋាន និងមជ្ឈមណ្ឌលពាណិជ្ជកម្ម នៅក្នុងទីក្រុងរណបអាកាសយានដ្ឋាននេះ ។

លោកបានបន្តថា ទីក្រុងរណបអាកាសយានដ្ឋាន មានផែនការរួម (Master Plan) សម្រាប់អភិវឌ្ឍលំនៅដ្ឋាន តំបន់ពាណិជ្ជកម្ម មជ្ឈមណ្ឌលពិពណ៌អន្តរជាតិ រោងចក្រ និងឃ្លាំង រួមមានតំបន់សេដ្ឋកិច្ចពិសេស ក្នុងការលើកកម្ពស់ការផលិត និងការនាំចេញទំនិញ ។ល។
ចែករំលែកព័តមាននេះ