ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ងប់ស្ងាត់តែប្រុងប្រយ័ត្ន ! ភូមិព្រៃចាន់-ជោគជ័យ បន្តជីវិតធម្មតា ហើយភ្នែក និងចិត្តនៅតែប្រុងការពារជានិច្ច

56 វិនាទី មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ​ភូមិ​ព្រៃ​ចាន់ និង​ភូមិ​ជោគជ័យ ដែល​ស្ថិត​ក្នុង​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ បាន​បន្ត​រស់នៅ​ក្នុង​ស្ថានភាព​ស្ងប់ស្ងាត់ ដូច​សព្វមួយដង នៅ​ព្រឹក​ថ្ងៃ​ទី​២០…

ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ​ភូមិ​ព្រៃ​ចាន់ និង​ភូមិ​ជោគជ័យ ដែល​ស្ថិត​ក្នុង​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ បាន​បន្ត​រស់នៅ​ក្នុង​ស្ថានភាព​ស្ងប់ស្ងាត់ ដូច​សព្វមួយដង នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២៥ ដោយ​ពុំ​មាន​សកម្មភាព​យាយី ឬ​រំខាន​ណាមួយ​ពី​សំណាក់​កងទ័ព​ថៃ​ដូច​កាលពី​ប៉ុន្មាន​ស​ប្តា​ហ៍​មុន​ឡើយ ។ នេះ​បើ​យោង​តាម​ផេ​ក​ក្រសួង​ព័ត៌មាន​បាន​ផ្សាយ​នា​ព្រឹក​ថ្ងៃ​ទី​២០ ខែតុលា​នេះ ។

ទោះជា​យ៉ាងណា​ក៏​ដោយ ជីវិត​ប្រចាំ​ថ្ងៃ​របស់​អ្នក​ភូមិ​រាប់​ពាន់​នាក់​នៅ​ទី​នេះ នៅ​តែ​ប្រព្រឹត្ត​ទៅ​ក្នុង​ភាព​ប្រុង​ប្រយ័ត្ន​ខ្ពស់ ដោយ​ពួក​គេ មិន​ត្រឹមតែ​ប្រកប​របរ​ចិញ្ចឹមជីវិត​ធម្មតា​តែ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ត្រៀមខ្លួន​រួច​ជា​ស្រេច ដើម្បី​រួម​កម្លាំង​ជាមួយ​អាជ្ញាធរ ក្នុង​ការ​ការពារ​បូរណភាព​ទឹកដី​ដែល​ខ្លួន​បាន​រស់នៅ និង​តស៊ូ​អស់​រយៈពេល​ជិត​៤០ ឆ្នាំ​មក​ហើយ ។

ភូមិ​ព្រៃ​ចាន់ និង​ភូមិ​ជោគជ័យ មិនមែន​ជាទី​កន្លែង​ធម្មតា​នោះ​ទេ ប៉ុន្តែ​ជា​សក្ខីភាព​នៃ​ស្មារតី​រឹង​មាំ តស៊ូ អត់ធ្មត់ និង​មិន​ចុះ​ញ៉ម របស់​ប្រជាពលរដ្ឋ​ខ្មែរ ។ ភូមិ​ទាំង​ពីរ​នេះ បាន​ចាប់ផ្តើម​កកើត​ឡើង​តាំងពី​អំឡុង​ទសវត្សរ៍​ឆ្នាំ​៨០ ដែល​ជា​ពេលវេលា​មួយ​ដ៏​ស្រួច​ស្រាវ​នៃ​ភ្លើង​សង្គ្រាមស៊ីវិល ក្រោយ​ការ​ដួល​រលំ​របប​ប្រល័យពូជសាសន៍ ប៉ុ​ល ពត ។ ទឹកដី​នេះ គឺជា​ជម្រក​សុវត្ថិភាព​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​រាប់រយ​គ្រួសារ ដែល​បាន​រត់គេច​ចេញពី​សង្គ្រាម ។

យោង​តាម​របាយការណ៍​របស់​ឯកឧត្តម អ៊ុំ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ ភូមិ​ព្រៃ​ចាន់ បច្ចុប្បន្ន​មាន​ប្រជាពលរដ្ឋ​២៥៥ គ្រួសារ ស្មើនឹង​៧៣៧​នាក់ រីឯ​ភូមិ​ជោគជ័យ មាន​ប្រជាពលរដ្ឋ ៧៣៥ គ្រួសារ ស្មើនឹង​២,៥៥០​នាក់ ។ ក្នុង​រយៈពេល​ប្រមាណ ៤០​ឆ្នាំ​នេះ អ្នក​ភូមិ​បាន​បង្កាត់ភ្លើង​ជីវិត​រស់នៅ​ដោយ​ក្រាញននៀល លើ​ទឹកដី​ដែល​ធ្លាប់​ជា​សមរភូមិ​ដ៏​ខ្លាំងក្លា និង​បន្សល់​ទុក​នូវ​គ្រោះថ្នាក់​ពី គ្រាប់​មីន និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​រាប់​មិន​អស់​។ ពួក​គេ​បាន​តស៊ូ​រស់​ជាមួយ​ភាព​អត់ឃ្លាន គេច​ពី​គ្រាប់​ផ្លោង និង​គ្រោះថ្នាក់​មីន អស់​រយៈពេល​ជា​យូរ រហូត​ដល់​ក្រោយ​កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុងប៉ារីស​ឆ្នាំ​១៩៩១ និង​ការ​អនុវត្ត នយោបាយ​ឈ្នះ​-​ឈ្នះ នៅ​ឆ្នាំ​១៩៩៨ ទើប​ពួក​គេ​ចាប់ផ្តើម​ទទួល​បាន​សុវត្ថិភាព និង​ចាប់ផ្តើម​កសាង​ជីវភាព​ឡើង​វិញ ។

នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែតុលា​នេះ គេ​សង្កេត​ឃើញ​ថា សកម្មភាព​សេដ្ឋកិច្ច របស់​អ្នក​ភូមិ​ព្រៃ​ចាន់ និង​ជោគជ័យ​បាន​ដំណើរការ​ធម្មតា ។ ប្រជាពលរដ្ឋ​បាន​ចេញ​ទៅ​ធ្វើស្រែ​ចម្ការ និង​ប្រកប​របរ​លក់ដូរ​តូចតាច​ជា​ប្រចាំ ។ មុខរបរ​សំខាន់​ៗ​របស់​ពួក​គេ​រួម​មាន កសិកម្ម និង​ពាណិជ្ជកម្ម​ខ្នាត​តូច នៅ​តំបន់​ព្រំដែន ។

លោក ជា ណា​រិ​ន ជា​ពលរដ្ឋ​ភូមិ​ព្រៃ​ចាន់​ម្នាក់ បាន​លើក​ឡើង​ទាំង​ញញឹម​បង្កប់​ភាពរឹងមាំ​ថា «​ទោះបីជា​ថ្ងៃនេះ យើង​មើលឃើញ​ថា ស្ងាត់ជ្រងំ ក៏​យើង​មិន​ដែល​បន្ធូរ​អារម្មណ៍​ឡើយ ។ ពួក​យើង​នៅ​តែ​ប្រុង​ប្រយ័ត្ន​ជា​និច្ច ហើយ​ត្រៀមខ្លួន​ជួយ​កងកម្លាំង នៅ​ពេល​ចាំបាច់ ព្រោះ​ទឹកដី​នេះ​ជា​ឆ្អឹង​ជា​សរសៃ​របស់​យើង ។ យើង​ចិញ្ចឹមជីវិត​ធម្មតា តែ​ភ្នែក និង​ចិត្ត​នៅ​តែ​ប្រុងប្រៀប​ការពារ​»​។

ចំណែកឯ​អ្នកស្រី ស៊ឹ​ម ស្រី​ណែ​ត វ័យ​៤២ ឆ្នាំ ជា​អ្នក​ភូមិ​ជោគជ័យ​ដែល​ប្រកប​របរ​លក់​បន្លែ បាន​បង្ហាញ​ពី​ការ​រឹង​មាំ​របស់​ស្ត្រី​ខ្មែរ​នៅ​តំបន់​ព្រំដែន «​ខ្ញុំ​ចង​ចាំ​នូវ​ការ​លំបាក​កាលពីដើម និង​ការ​លុកលុយ​ថ្មី​ៗ​នេះ ។ យើង​អាច​រង​របួស​ផ្លូវចិត្ត តែ​យើង​មិន​ចុះ​ញ៉ម​ទេ ។ ការ​លំបាក​បាន​បង្រៀន​យើង​ឱ្យ​ចេះ​តស៊ូ ហើយ​យើង​ជឿជាក់​លើ​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា អាជ្ញាធរ និង​កងកម្លាំង​របស់​យើង​» ។ ដំណឹង​ដ៏​គួរ​ឱ្យ​សប្បាយ​រីករាយ​បំផុត​សម្រាប់​ប្រជាពលរដ្ឋ​នៅ​ភូមិ​ព្រៃ​ចាន់ និង​ជោគជ័យ​នា​ពេល​នេះ គឺ​ការ​ត្រៀម​ចុះហត្ថលេខា​លើ កិច្ចព្រមព្រៀង​សន្តិភាព រវាង​កម្ពុជា និង​ថៃ ដែល​ត្រូវ​បាន​រំពឹង​ថា នឹង​ធ្វើ​ឡើង​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី នា​ចុងខែ​តុលា ឆ្នាំ​២០២៥ នេះ ក្រោម​ការ​សម្របសម្រួល និង​ចូលរួម​ជា​សាក្សី​ពី​សហរដ្ឋអាមេរិក (​លោក ដូ​ណា​ល់ ត្រាំ​) និង​នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី ។

ព័ត៌មាន​នេះ​ត្រូវ​បាន​ប្រកាស​ឡើង ក្រោយ​កិច្ចប្រជុំ​ចតុ​ភាគី​ដ៏​មាន​ផ្លែផ្កា​នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួ ដែល​បាន​បញ្ចប់​នៅ​ថ្ងៃ​ទី​១៧ ខែតុលា កន្លង​ទៅ ។ ពលរដ្ឋ​ជា​ច្រើន​បាន​សម្តែង​នូវ​សេចក្តី​សប្បាយ​រីករាយ និង​ក្តី​សង្ឃឹម​យ៉ាង​មុតមាំ​ចំពោះ​កិច្ចព្រមព្រៀង​ជា​ប្រវត្តិសាស្ត្រ​នេះ ។

លោក សុខ លី​ម អាយុ​៥៥ ឆ្នាំ ជា​អ្នក​ភូមិ​ជោគជ័យ ដែល​មាន​ដីស្រែ​ជាប់​ព្រំដែន​បាន​សម្តែង​អារម្មណ៍​ថា​«​ពួក​យើង​រីករាយ​ខ្លាំង​ណាស់ ពេល​លឺដំណឹង​ពី​កិច្ចព្រមព្រៀង​សន្តិភាព​នេះ ។ យើង​សង្ឃឹមថា​នេះ​ជា ទី​បញ្ចប់​នៃ​ភាព​តានតឹង តាម​បណ្តោយ​ព្រំដែន ហើយ​ពួក​យើង​អាច​ដកដង្ហើម​ធំ រស់នៅ​ប្រកប​របរ​ដោយ សុវត្ថិភាព និង​និរន្តរភាព ដោយ​មិន​ចាំបាច់​ព្រួយបារម្ភ​ពី​ការ​លុកលុយ​ទៀត​ទេ​»​។ លោក​បន្ថែម​ថា «​ប្រសិនបើ​សន្តិភាព​ពិតប្រាកដ​ត្រូវ​បាន​បង្កើត​ឡើង​វា​នឹង​ធ្វើ​ឱ្យ​យើង​អាច​ចាប់ផ្តើម​កសាង​ជីវិត​ឡើង​វិញ​ដោយ​ពេញលេញ​» ។

ដំណឹង​នេះ​បាន​ផ្តល់​នូវ​ពន្លឺ​ថ្មី​មួយ​សម្រាប់​អ្នក​ភូមិ​ទាំង​ពីរ ខណៈ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ក៏​បាន​បញ្ជាក់​ច្បាស់​ៗ​កាលពី​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០២៥ នេះ​ថា ខ្លួន​នឹង​មិន​ឯកភាព លើ​កិច្ចព្រមព្រៀង​ណាមួយ​ដែល​ធ្វើ​ឱ្យ​បាត់បង់​ទឹកដី នោះ​ឡើយ ដែល​ការ​អះអាង​នេះ​បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មាន​ភាព​កក់ក្តៅ និង​មាន​ជំនឿ​ទុកចិត្ត​កាន់តែ​ខ្លាំង​ឡើង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ