សង្គ្រាមអ៊ុយក្រែន ៖ អាជ្ញាធររុស្ស៊ី និងកាហ្សាក់ស្ថានប្រកាស នាថ្ងៃទី១៩ តុលា ថា បណ្ដាដ្រូនអ៊ុយក្រែន បានវាយប្រហាររោងចក្រឧស្ម័នសំខាន់មួយនាភាគខាងត្បូងរុស្ស៊ី បណ្ដាលឲ្យមានភ្លើងឆាបឆេះ និងបង្ខំឲ្យរោងចក្រនោះផ្អាកបណ្ដោះអាសន្នការផ្គត់ផ្គង់ឧស្ម័ន្មដល់កាហ្សាក់ស្ថាន ។
ចំណែកប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំវិញ ស្នើថា អ៊ុយក្រែនអាចត្រូវចាប់បង្ខំឲ្យលះបង់ដែនដីមួយចំនួន ជាថ្នូរនឹងការបញ្ចប់សង្គ្រាមជាមួយរុស្ស៊ី ដែលមានរយៈពេលជាង៣ឆ្នាំកន្លះមកហើយ។ នេះជាសញ្ញាមួយលើផ្លូវឆ្ពោះទៅរកសន្តិភាព។
រោងចក្រORENBOURGគ្រប់គ្រងដោយក្រុមហ៊ុនឧស្ម័នយក្សរុស្ស៊ី GAZPROM ស្ថិតក្នុងតំបន់មានឈ្មោះដូចគ្នានេះ ស្ថិតនៅជិតព្រំដែនកាហ្សាក់ស្ថាន ជារោងចក្រឧស្ម័នធំជាងគេបំផុតមួយនៃពិភពលោក ជាមួយផលិតកម្មឧស្ម័នក្នុងមួយឆ្នាំដល់ទៅ៤៥ពាន់លានម៉ែត្រគូប។ រោងចក្រនោះចម្រាញ់ឧស្ម័នមកពីការ៉ាឆាហ្គាណាក់នៅកាហ្សាក់ស្ថាន និងមកពីអណ្ដូងប្រេងនិងឧស្ម័ននៅORENBOURG។
តាមអភិបាលតំបន់ORENBOURG លោកអេវហ្គេនីស៊ូនសេវថា ការវាយប្រហារដោយដ្រូននោះបណ្ដាលឲ្យឆេះរោងជាងមួយរបស់រោងចក្រ និងបណ្ដាលឲ្យខូចខាតអស់មួយផ្នែក។ ក្រសួងថាមពលកាហ្សាក់ស្ថានអះអាងនាថ្ងៃទី១៩តុលាថា រោងចក្រនេះជាបណ្ដោះអាសន្នមិនអាចចម្រាញ់ឧស្ម័នមកពីកាហ្សាក់ស្ថាន មកពីសភាពការណ៍បន្ទាន់ក្រោយការវាយប្រហារដោយដ្រូន។
សេនាធិការដ្ឋានកងទ័ពអ៊ុយក្រែនក្នុងសេចក្ដីប្រកាសមួយ គូសបញ្ជាក់នាថ្ងៃទី១៩តុលាថា អគ្គិភ័យធំមួយកើតមានក្នុងរោងចក្រORENBOURGនិងផ្នែកចម្រាញ់ព្រមទាំងបន្សុតឧស្ម័នរងការខូចខាត។ រយៈពេលប៉ុន្មានខែចុងក្រោយនេះក្រុងគៀវបានបង្កើនការវាយប្រហារ បណ្ដាទីតាំងថាមពល
រុស្ស៊ីដែលខ្លួនថា ជាប្រភពនៃការផ្គត់ផ្គង់ដោយផ្ទាល់ ដល់ការខិតខំប្រឹងប្រែងធ្វើសង្គ្រាមរបស់
រុស្ស៊ី ។
ចំណែកប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ ពេលនេះហាក់ដូចជាវិលទៅរកជំហរដើមរបស់លោក ដែលធ្វើការគាបសង្កត់លើអ៊ុយក្រែន ឲ្យបោះបង់ចោលគំនិតវាយដណ្ដើមយកវិញបណ្ដាដែនដីដែលបាត់បង់ ធ្លាក់ក្នុងការកាន់កាប់របស់រុស្ស៊ី ជាថ្នូរនឹងការបញ្ចប់សង្គ្រាម។ នេះជាការផ្លាស់ប្ដូរជាថ្មីជំហររបស់លោកត្រាំ លើសង្គ្រាមនៅអ៊ុយក្រែន។
រយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ លោកហាក់សម្ដែងពីការអស់ការអត់ធ្មត់កាន់តែខ្លាំងចំបោះជំហររបស់ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀរពូទីន រហូតដល់ត្រៀមជួយអ៊ុយក្រែនឲ្យឈ្នះសង្គ្រាមលើរុស្ស៊ីទៀតផង ។
អ៊ុយក្រែនមុននេះសង្ឃឹមថា លោកត្រាំអាចផ្ដល់ដល់ខ្លួននូវមីសីុលTOMAHAWK តែបែរមិនធានាផ្ដល់មីស៊ីលនោះវិញ ក្រោយជួបជាមួយប្រធានាធិបតីអ៊ុយក្រែននៅសេតវិមានកាលពីថ្ងៃទី១៧តុលា ៕
ចែករំលែកព័តមាននេះ