ទីក្រុងហ្សាការតា ៖ ប្រទេសឥណ្ឌូណេស៊ីបានចាប់ផ្តើមកញ្ចប់ជំរុញសេដ្ឋកិច្ចថ្មីមួយ ដែលរួមមានទាំងការផ្តល់ជាសាច់ប្រាក់សរុបចំនួន ៣០ទ្រីលានរូពី ឬ ១,៨១ពាន់លានដុល្លារអាមេរិក សម្រាប់ ៣៥លានគ្រួសារ និងពង្រីកគម្រោងកម្មសិក្សាមានប្រាក់ឈ្នួល ដែលបានគ្រោងទុក។ នេះបើតាមប្រភពពីទីភ្នាក់ងារសារព័ត៌មាន Reuters ចេញផ្សាយកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥។
បើតាមលោក Airlangga Hartarto រដ្ឋមន្ត្រីសេដ្ឋកិច្ចឥណ្ឌូណេស៊ី កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ បានប្រាប់សន្និសីទកាសែតឱ្យដឹងថា សាច់ប្រាក់នឹងត្រូវចែកចាយនៅដើមសប្តាហ៍ក្រោយ ហើយនឹងមានរហូតដល់ដំណាច់ឆ្នាំតែម្តង។
កញ្ចប់ថ្មីនេះ បានបន្ថែមលើកញ្ចប់ជំរុញទឹកចិត្តជិត១ពាន់លានដុល្លារ ដែលបានប្រកាសក្នុងខែកញ្ញាកន្លងទៅ ដោយរួមមាន ជំនួយអាហារ ការងារបណ្តោះអាសន្នផ្នែកសាងសង់ ហើយក៏បានចាប់ផ្តើមកម្មវិធីកម្មសិក្សាផងដែរ។
លោក Airlangga បានបន្តថា កញ្ចប់ថ្មីនេះ នឹងត្រូវបានពង្រីកដល់បណ្តានិស្សិតបញ្ចប់ការសិក្សាថ្នាក់សកលវិទ្យាល័យសរុបចំនួន ១០ម៉ឺននាក់ កើនឡើងពី ២ម៉ឺននាក់ ក្រោមផែនការពីមុន។
រដ្ឋលេខាធិការ លោក Prasetyo Hadi បានឱ្យដឹងថា ថវិកាសម្រាប់អ្នកហាត់ការបន្ថែមចំនួន ៨ម៉ឺននាក់ ត្រូវបានបែងចែកជាង ៨៤លានដុល្លារ។ ចំណែកក្រសួងហិរញ្ញវត្ថុរបស់ឥណ្ឌូណេស៊ីបានចេញផ្សាយបទប្បញ្ញត្តិមួយ ដោយបញ្ជាក់ថា រដ្ឋាភិបាលនឹងរ៉ាប់រង ៦% នៃពន្ធអាករលើតម្លៃបន្ថែម (VAT) និង ១១% លើតម្លៃសំបុត្រយន្តហោះក្នុងស្រុកប្រភេទកៅអីធម្មតា (Economy Class) សម្រាប់រយៈពេលធ្វើដំណើរ ចាប់ពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦។ ការបញ្ចុះតម្លៃសម្រាប់ការធ្វើដំណើរតាមយន្តហោះសម្រាប់ថ្ងៃឈប់សម្រាកចុងឆ្នាំ ក៏ត្រូវបានរួមបញ្ចូលក្នុងកញ្ចប់ជំរុញទឹកចិត្ត ដែលរដ្ឋាភិបាលឥណ្ឌូណេស៊ីបានប្រកាសកាលពីខែមុន ដើម្បីលើកទឹកចិត្តដល់ការចំណាយផងដែរ។
ឥណ្ឌូណេស៊ី ដែលជាប្រទេសសេដ្ឋកិច្ចធំបំផុតនៅតំបន់អាស៊ីអាគ្នេយ៍ ជួបប្រទះនឹងបញ្ហាខ្លាំង ដោយសារការតវ៉ាពីខែសីហាដល់ខែកញ្ញាកន្លងទៅ។ កំណើនសេដ្ឋកិច្ចប្រទេសនេះ មានស្ថិរភាពក្នុងរង្វង់អត្រា ៥% ចាប់តាំងពីជំងឺរាតត្បាតកូវីដ១៩។ ទោះជាយ៉ាងណាក៏ដោយ លោកប្រធានាធិបតី ប្រាបូវូ ស៊ូប៊ៀនតូ (Prabowo Subianto) បានសន្យាថានឹងបង្កើនកំណើនសេដ្ឋកិច្ចដល់ ៨% អំឡុងអាណត្តិដឹកនាំរបស់លោក ដែលនឹងមានរយៈពេលរហូតដល់ឆ្នាំ២០២៩៕
ចែករំលែកព័តមាននេះ