ខេត្តកំពង់ធំ ៖ ផ្សារផលិតផលខ្មែរខេត្តកំពង់ធំ បាននឹងកំពុងដំណើរលក់កសិផល និងផលិតផលខ្មែរ ដែលបានដាំដុះ និងកែច្នៃដោយកសិករខ្មែរយើង នៅក្នុងខេត្តកំពង់ធំ នៅរៀងរាល់ថ្ងៃសុក្រ-សៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង ០៦៖០០ នាទីព្រឹក ដល់ម៉ោង ៦៖០០ នាទីល្ងាច។ នេះបើយោងតាមផេកក្រសួងក្រសួងពាណិជ្ជកម្ម បានផ្សាយនាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ ។

ស្វែងរកផ្សារផលិតផលខ្មែរខេត្តកំពង់ធំ៖ https://maps.app.goo.gl/yRL49ftQu36MaMWg9?g_st=ipc
សូមបញ្ជាក់ថា ក្រោមការដឹកនាំ និងការគាំទ្ររបស់ក្រសួងពាណិជ្ជកម្ម និងការសម្របសម្រួលផ្តល់ទីតាំងរបស់រដ្ឋបាលខេត្ត មន្ទីរពាណិជ្ជកម្មខេត្តកំពង់ធំ ក្រោមគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) នៃក្រសួងពាណិជ្ជកម្ម បានរៀបចំ និងដាក់ឲ្យដំណើរការផ្សារលក់ផលិតផលខ្មែរ ចាប់តាំងពីឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ន។

ផ្សារផលិតផលខ្មែរនេះ មានគោលបំណងផ្ដល់ឱកាសទីផ្សារបន្ថែមដល់កសិករ ផលិតករអាជីវករខ្នាតតូច ជាតំណាងពីក្រុមកសិករផលិត និងជាការតភ្ជាប់ទំនាក់ទំនងទីផ្សារឱ្យកាន់តែប្រសើរ ដល់ក្រុមផលិតដែលអាចរកប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅពួកគេ ។
ការចូលរួមលើកកម្ពស់ និងប្រើប្រាស់ផលិតផលខ្មែរ ជាការរួមចំណែកបង្កើនផលិតភាពផលិតផលក្នុងស្រុក បង្កើនប្រាក់ចំណូល និងលើកស្ទួយជីវភាពប្រជាជន និងជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឲ្យកាន់តែប្រសើរឡើង។ សូមចូលរួមគាំទ្រផ្សារផលិផលខ្មែរ ដើម្បីលើកស្ទួយជីវភាពកសិករ និងផលិតករខ្មែរ៕
ចែករំលែកព័តមាននេះ