ខេត្តកំពង់ស្ពឺ៖ ជនជាប់ឃុំនៅក្នុងពន្ធនាគារម្នាក់ ត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារវិញហើយ ក្រោយរូបគេនិងបក្ខពួកម្នាក់ទៀត បានហែកគុកលួចរត់គេចពីការឃុំខ្លួនអស់រយៈពេល ជិត៣ខែ នេះបើយោងតាមសម្តី មន្ត្រីពន្ធនាគារខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ ។
មន្ត្រីពន្ធនាគារខេត្តកំពង់ស្ពឺបាននិយាយឱ្យដឹងថា ជនជាប់ឃុំឈ្មោះ សុខ មករា ភេទប្រុស អាយុ៣៦ឆ្នាំ បានលួចរត់ចេញពីពន្ធនាគារកាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ រួមនិងបក្ខពួកម្នាក់ទៀត។ ក្រោយរត់គេចខ្លួន កម្លាំងអនុរក្សពន្ធនាគារ បានដេញប្រផាប់ចាប់ប្រភីង ហើយជនជាប់ឃុំបានវាយតប់បណ្តាលឱ្យកម្លាំងអនុរក្សម្នាក់រងរបួស ហើយពួកគេក៏បានគេចខ្លួនបាត់ស្រមោល។ បន្ទាប់មកកម្លាំងអនុរក្ស បានបន្តតាមរុករកជនជាប់ឃុំទាំង២នាក់ ដែលបានរត់គេចដោយសុំកិច្ចសហការជាមួយអាជ្ញាធរ សមត្ថកិច្ចតាមបណ្តាខេត្ត រាជធានី និងស្រុកក្រុង តែមិនមានដំណឹង។ លុះនៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ ជនជាប់ឃុំឈ្មោះ សុខ មករា បានបង្ហាញខ្លួននៅចំណុចផ្ទះជួលមួយកន្លែង ដែលស្ថិតនៅក្រោយតុលាការចាស់ ក្នុងភូមិស្វាយក្រវ៉ាន់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ក្រោមការឃ្លាំមើលរបស់អាជ្ញាធរ និងមន្ត្រីអនុរក្សពន្ធនាគារ ក៏បានឡោមព័ទ្ធ និងចាប់ខ្លួនត្រឡប់មកវិញ ។
មន្ត្រីពន្ធនាគារខេត្តកំពង់ស្ពឺ បានបន្តថា នៅក្នុងប្រតិបត្តិការឡោមព័ទ្ធចាប់ខ្លួននោះ ជនជាប់ឃុំឈ្មោះ សុខ មករា បានយកកាំបិតរារាំងការចាប់ខ្លួន តែក្រោយផ្ទុះអាវុធគម្រាមទើបជនជាប់ឃុំ ព្រមប្រគល់ខ្លួនឱ្យកម្លាំងអនុរក្សពន្ធនាគារចាប់ខ្លួននាំមកចូលពន្ធនាគារវិញ។ ក្រោយចាប់ខ្លួន ជនជាប់ឃុំឈ្មោះ សុខ មករា បានសារភាពថា ខ្លួននិងបក្ខពួក ដែលឃុំខ្លួនក្នុងបន្ទប់ជាមួយគ្នា បានពិគ្រោះគ្នាដើម្បីកាច់សោរបន្ទប់លួចរត់ ។ ក្រោយស្រុះស្រួលនៅយប់កើតហេតុ ក៏បានយកដែកស្មាហាលខោអាវ រួសឱ្យស្តើង ហើយចាក់សោរបន្ទប់ និងយកភួយចងតគ្នា ដើម្បីចងទៅបង្គោលប៉មយាមពេលដែលមន្ត្រីអនុរក្សដូរវេនម៉ោង ២យប់ ហើយតោងឡើងលោតចុះពីកំផែងគេចខ្លួនតែម្តង។
បច្ចុប្បន្នជនជាប់ឃុំឈ្មោះ សុខ មករា ត្រូវបានបញ្ជូនទៅឃុំខ្លួនវិញហើយ តែបក្ខពួកម្នាក់ទៀតដែលរត់គេចខ្លួនជាមួយ កម្លាំងជំនាញបាននិងកំពុងបន្តស្វែងរកដើម្បីចាប់ខ្លួនបញ្ជូនមកឃុំខ្លួនវិញផងដែរ ៕


ចែករំលែកព័តមាននេះ