លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជាបានអោយដឹងថា តាមរយ:កិច្ចព្រមព្រៀងសន្តិភាពដែលសម្រេចបានក្នុងកិច្ចប្រជុំនាថ្ងៃទី១៧ តុលា នៅម៉ាឡេស៊ីនោះ ភាគីថៃបានយល់ព្រមដោះលែងទាហានកម្ពុជា១៨នាក់ ដែលថៃបានចាប់ខ្លួន និងបច្ចុប្បន្នស្ថិតក្នុងការគ្រប់គ្រងរបស់ខ្លួន។
កម្ពុជានិងថៃបានសម្រេចលើឯកសារមួយ ដែលអាចហៅថា កិច្ចព្រមព្រៀងសន្តិភាព បន្ទាប់ពីមានកិច្ចប្រជុំមួយនៅម៉ាឡេស៊ី កាលពីថ្ងៃទី១៧ ខែ តុលា រវាងរដ្ឋមន្ត្រីកាបរទេសកម្ពុជា និងថៃដោយមានរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី និងមន្ត្រីជាន់ខ្ពស់អាមេរិកអ្នកសម្របសម្រួល។
នេះបើយោងតាមរដ្ឋមន្ត្រីកាបរទេសកម្ពុជា លោក ប្រាក់ សុខុន បានប្រាប់ទូរទស្សន៍ជាតិកម្ពុជាកាលពីថ្ងៃទី១៨ ខែតុលា នៅពេលដែលលោកបានត្រឡប់មកពីកិច្ចប្រជុំនៅម៉ាឡេស៊ី ។
លោករដ្ឋមន្ត្រីសង្ឃឹមថា ឯកសារនេះនឹងត្រូវបានចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីប្រទេសកម្ពុជានិងថៃ ដោយមានលោកដូណាល់ត្រាំនឹងចូលរួមជាសាក្សី និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ជាម្ចាស់ផ្ទះ។
ការចុះហត្ថលេខានេះ នឹងត្រូវធ្វើឡើងនៅពេលដែលមេដឹកនាំអាស៊ាន លោកដូណាល់ត្រាំ និង មេដឹកនាំជាច្រើនប្រទេសទៀត នឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ានពីថ្ងៃទី២៦ ទៅ២៨ ខែតុលា៕
ចែករំលែកព័តមាននេះ