ទីក្រុងវ៉ាស៊ីនតោន៖ កាលពីយប់មិញនៅក្នុងកិច្ចជំនួបជាមួយប្រធានាធិបតីអ៊ុយក្រែននៅសេតវិមាន លោកត្រាំមិនបាននិយាយដោយប្រាកដប្រជាថានឹងផ្ដល់មីស៊ីលថូម៉ាហក (Tomahawk) ទៅឱ្យអ៊ុយក្រែនទេ។ ការជួបគ្នាលើកនេះក៏មានលក្ខណៈតឹងតែងមិនធម្មតានោះទេ។ គ្រាន់តែថាលោកទាំង២មិនបានប្រកែកគ្នាបែកពពុះមាត់ដូចកាលពីពេលមុន។
លោកត្រាំបង្ហាញជំហរយ៉ាងមុតមាំថាលោកចង់ឃើញការបិទបញ្ចប់សង្គ្រាមអ៊ុយក្រែន។ ក្រោយមក លោកបង្ហោះសារនៅលើបណ្ដាញសង្គមថាលោកសូមអំពាវនាវយ៉ាងទទូចទៅប្រធានាធិបតីរុស្ស៊ីលោកពូទីនថាល្មមដល់ពេលដែលត្រូវបញ្ឈប់ការកាប់សម្លាប់គ្នាហើយ ហើយងាកមកចរចាគ្នាដើម្បីឱ្យមានកិច្ចព្រមព្រៀង។ លោកថាភាគីទាំង២បង្ហូរឈាមគ្នាប៉ុណ្ណឹងគ្រប់គ្រាន់ហើយ។
លោកត្រាំសរសេររៀបរាប់បន្តទៀតថាទាំងកងទ័ពអ៊ុយក្រែន និងរុស្ស៊ីគួរបញ្ឈប់សកម្មយោធា និងរក្សាទីតាំងដែលខ្លួនកំពុងស្ថិតនៅ។ ភាគីទាំង២សុទ្ធតែអះអាងថាខ្លួនមានជ័យជម្នះ។ លោកទុកឱ្យប្រវត្តិសាស្ត្រជាអ្នកវិនិច្ឆ័យទៅចុះ។ លោកត្រាំបង្ហោះសារបែបនេះនាំឱ្យគេកាត់យល់ថាលោកគាំទ្រឱ្យរុស្ស៊ីទទួលបានទឹកដីអ៊ុយក្រែនដែលខ្លួនកំពុងកាន់កាប់នៅក្នុងសង្គ្រាម។
លោកត្រាំសរសេររៀបរាប់បន្តទៀតថាគួរឈប់បាញ់គ្នា។ ពេលនោះមនុស្សក៏លែងស្លាប់តទៅទៀត, លុយប្រើសម្រាប់ធ្វើសង្គ្រាមក៏លែងចំណាយតទៅទៀត។ ចំពោះគ្រាប់មីស៊ីលថូម៉ាកហកដែលអ៊ុយក្រែនទទូចចង់បាននោះ លោកត្រាំមុនដំបូងបង្ហើបឱ្យដឹងថាលោកចង់ផ្ដល់ឱ្យអ៊ុយក្រែនបើរុស្ស៊ីនៅតែមិនព្រមបញ្ចប់សង្គ្រាម។ ប៉ុន្តែក្រោយពេលសន្ទនាគ្នាជាមួយលោកពូទីនកាលពីយប់ថ្ងៃព្រហស្បតិ៍តែប៉ុន្មានម៉ោងមុនជួបលោកហ្សេឡិនស្គី លោកត្រាំបានផ្លាស់ប្ដូរពាក្យសម្ដីនិយាយ។
លោកថាការផ្ដល់មីស៊ីលនេះទៅឱ្យអ៊ុយក្រែនអាចនឹងក្លាយជាការពង្រីកសង្គ្រាមទៅវិញទេ ខណៈដែលលោកចង់ដើរតួជាអ្នកសម្រុះសម្រួលបញ្ហាដើម្បីឱ្យភាគីទាំង២ចរចាឆាប់ត្រូវរ៉ូវគ្នា។ ប្រភពខ្លះថានៅក្នុងការសន្ទនាគ្នាតាមទូរស័ព្ទនោះ លោកពូទីនបង្ហាញការប្រឆាំងជំទាស់ដ៏ខ្លាំងក្លា។ ខាងលើនេះជាការដកស្រង់ប្រភពពីញូស្វីក (Newsweek) និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ