ខេត្តកំពង់ឆ្នាំង៖ ផ្លូវចំនួន ៦ខ្សែ ប្រវែងជាង៤០គីឡូម៉ែត្រ ស្ថិតនៅក្នុងស្រុកទឹកផុស និងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នឹងរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចនៅតំបន់ជនបទ។
យោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្ដម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត បានអមដំណើរឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញជាអធិបតីក្នុងពីធីបើកការដ្ឋានសាងសង់ផ្លូវជនបទដោយក្រាលកៅស៊ូពីរជាន់ (DBST) និងក្រាលបេតុង សរុបចំនួន ៦ខ្សែ ប្រវែងសរុប ៤០,៥០គ.ម. ស្ថិតនៅក្នុងស្រុកទឹកផុស និងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដើម្បីលើកកម្ពស់សេដ្ឋកិច្ចនៅតំបន់ជនបទ។
ក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋមន្រ្ដីបានលើកឡើង អំពីគោលនយោបាយអភិវឌ្ឍន៍ជនបទ ដែលមានចក្ខុវិស័យ “កសាងសង្គមជនបទកម្ពុជាឱ្យមានវិបុលភាពប្រកបដោយបរិយាបន្ន និងចីរភាពទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌” ដោយក្រសួងកំពុងយកចិត្តទុកដាក់លើការលើកកម្រិតគុណភាពហេដ្ឋារចនាសម្ព័ន្ធ និងគមនាគមន៍ជនបទ ដូចពាក្យស្លោក “មានផ្លូវគឺមានក្តីសង្ឃឹម”៕
ចែករំលែកព័តមាននេះ