ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុនមានឈ្មោះក្នុងបញ្ជីខ្មៅហើយនៅតែទទួលយក​ឱ្យធ្វើផ្លូវទៀត​

3 ម៉ោង មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង​ ៖​ ផ្លូវ​បេតុង​គម្រោង​លទ្ធកម្ម​ឃុំ​ដែល​ទើបនឹង​សាងសង់​រយៈពេល​ប្រមាណ​ជា ​២​ខែ​ត្រូវ​គេ​ប្រទះឃើញ​មាន​ស្នាម​ប្រេះ​ជា​ច្រើន​កន្លែងជាមួយនឹង​សាច់​បេតុង​ផុយ​ដែល​គេ​សង្ស័យ​ថា ​ការ​លាយ​ល្បាយ​បញ្ចូល​គ្នា​ទៅ​ជា​បេតុង មិន​ស​មទៅ​តាម​ស្តង់ដារ ។ ពលរដ្ឋ​នៅ​ភូមិ​កណ្ដាល​ ឃុំ​ព្រះ​រំកិលស្រុក​បុរី​អូ​ស្វាយ​សែន​ជ័យ ​ដែល​អ្នក​រស់នៅ​ប្រប​នឹង​បណ្ដោយ​ផ្លូវ​បេតុង​នោះ​បាន​រៀបរាប់​ថា…

ខេត្តស្ទឹងត្រែង​ ៖​ ផ្លូវ​បេតុង​គម្រោង​លទ្ធកម្ម​ឃុំ​ដែល​ទើបនឹង​សាងសង់​រយៈពេល​ប្រមាណ​ជា ​២​ខែ​ត្រូវ​គេ​ប្រទះឃើញ​មាន​ស្នាម​ប្រេះ​ជា​ច្រើន​កន្លែងជាមួយនឹង​សាច់​បេតុង​ផុយ​ដែល​គេ​សង្ស័យ​ថា ​ការ​លាយ​ល្បាយ​បញ្ចូល​គ្នា​ទៅ​ជា​បេតុង មិន​ស​មទៅ​តាម​ស្តង់ដារ ។ ពលរដ្ឋ​នៅ​ភូមិ​កណ្ដាល​ ឃុំ​ព្រះ​រំកិលស្រុក​បុរី​អូ​ស្វាយ​សែន​ជ័យ ​ដែល​អ្នក​រស់នៅ​ប្រប​នឹង​បណ្ដោយ​ផ្លូវ​បេតុង​នោះ​បាន​រៀបរាប់​ថា ​៖ ចាប់តាំងពី​ផ្លូវ​បេតុង​នេះ​សាងសង់​ឡើង ​និង​រួចរាល់ជា​ស្ថាពរ​មិន​បាន​ប៉ុន្មានផង​ក៏​ស្រាប់តែ​មាន​ស្នាម​ប្រេះ​បេតុង​ជា​ច្រើន​កន្លែង​ និង​បណ្ដោយ​ចំ​កណ្តាល​សាច់​បេតុង​ផង​ដែរ ជា​ពិសេស​ចំណុច​ខ្លះ​សាច់​បេតុង​ផុយ​ដែល​មើលទៅ​ហាក់ដូច​មាន​តែ​ខ្សាច់​ និងថ្ម​ ចំណែក​ស៊ីម៉ង់​ត៌​តិចតួច​បំផុត ។​

បេតុង​នោះ​សូ​ម្បី​តែ​យកដៃ​ទៅ​កេះ​ក៏​របើក​ដុំ​ថ្ម​ចេញ​មក​ដែរ ​។ ​ពួក​គាត់​បន្ត​ថា ​​សូ​ម្បីប្រឡាយ​អូរ​ដាក់​លូ​ក៏​កសាង​មិន​ត្រឹមត្រូវ​ដែរ ពោល​គឺ​ប្រឡាយ​អូរ​នោះ​កាយមុខទឹក​បន្តិចបន្តួច​ដាក់​តម្រប​លូ​មូល​មុខ​ ១​ម៉ែត្រ​រួច​ចាក់​បេតុង​ពីលើ​ភ្ជាប់​ទៅ​នឹង​ផ្លូវថ្នល់​តែ​ម្ដង​ ។

ក្រោយ​ការ​ផ្ដល់​ព័ត៌មាន​ពី​ប្រជា​ពលរដ្ឋ​ សារព័ត៌​មានបាន​ចុះ​ទៅ​ពិនិត្យ​ និង​ផ្ទៀងផ្ទាត់​លើ​កំណត់​ផ្លូវ​បេតុង​នោះ​ក៏​ឃើញជាក់ស្ដែង​ដូច​ការ​រៀបរាប់​របស់​ប្រជាពលរដ្ឋ​ពិតប្រាកដ​មែន​ ។ មន្ត្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ព្រះរំកិល​បាន​ទទួលស្គាល់​ថា​ ផ្លូវ​មួយ​ខ្សែ​នេះ​ទើបនឹង​សាងសង់ ហើយ​ក៏​ពុំ​មាន​រថយន្ត​ធុន​ធ្ងន់​បើកបរ​ឆ្លងកាត់​នោះ​ដែរ មិន​គួរ​រលេះរលួយ​ដូច្នេះ​សោះ ​។

ទាក់ទិន​ករណី​ខាងលើ ​កោះ​សន្តិភាព ​មិន​អាច​ទំនាក់ទំនង​ទៅ​លោក ភិ​វមឿង​ឃុន មេឃុំ​ព្រះ​រំកិល និង​ជា​ម្ចាស់គម្រោង​បាន​នោះ​ទេ​ដោយសារ​ទូរស័ព្ទចូល​ជា​ច្រើន​ថ្ងៃ​ពុំ​មាន​អ្នក​ទទួល ​។ ពាក់ព័ន្ធ​ទៅ​នឹង​ការ​សាងសង់​ផ្លូវ​បេតុង​ក្នុង​ខេត្តស្ទឹងត្រែង​ក្នុង​គម្រោងលទ្ធកម្ម​ឃុំ​សង្កាត់ ​២០២៥ ក្រុមហ៊ុនដែល​មានឈ្មោះ​លេចធ្លោ គឺក្រុមហ៊ុន វេ​ង លាប ដែលឆ្នើម​ក្នុង​ការ​ដេញថ្លៃ​​ទាប​ជាងគេ​បំផុត​ស្ទើរគ្រប់​គម្រោង​ ។

គេ​សង្កេត​ឃើញ​ក្រោយ​ការ​ដេញថ្លៃ​ប្រ​កួត​ប្រជែង​ដណ្ដើម​គម្រោង​សាងសង់​ផ្លូវ​បេតុង​បាន​ជោគជ័យ ហើយ​ក្រុមហ៊ុន​បាន​អនុវត្តន៍​នីតិវិធី​ចុះ​កិច្ចសន្យា​ជាមួយ​ម្ចាស់​គម្រោង​ឈាន​ទៅ​អនុវត្តន៍​ការ​សាងសង់ ស្ទើរ​រាល់​ផ្លូវ​បេតុង​សាងសង់​ដោយ​ក្រុមហ៊ុន វេ​ង លាប ពុំ​ទទួល​បាន​លទ្ធផល​ល្អ​នោះ​ទេ ពោល​គឺ​ស្ទើរ​គ្រប់​ផ្លូវ​មាន​ស្នាម​ប្រេះជា​ច្រើន​កន្លែង ទាំង​ទទឹង ​និង​ប​ណ្តោយ​ទ្រូងផ្លូវ ។ ដូច​ជា​ផ្លូវ​បេតុង​សង្កាត់​ស្ទឹង​ត្រែង ត្រូវ​ម្ចាស់​គម្រោង​ចាប់​អោយ​សាងសង់​ផ្លូវ​សង ជំនួស​អោយ​ការ​គាស់​កាយ​សាងសង់​ថ្មី បន្ទាប់​ពី​រក​ឃើញ​មាន​កំហុស​លើ​គុណភាព ​។ ​ផ្លូវបេតុង​ក្នុង​ឃុំ​តា​ឡា​ត ស្រុក​សេ​សានក៏​បាន​ទទួល​នូវ​សកម្មភាព​ដូច​គ្នា​នេះដែរ ​។

លោក មូ​ន ខឹ​ប មេឃុំ​តា​ឡា​ត ស្រុកសេ​សាន បាន​ប្រាប់​កោះសន្តិភាព​ ថា គោល​ជំហរ​របស់​គណៈកម្មការ​លទ្ធកម្ម​ គឺ​អោយ​ក្រុមហ៊ុន​ជួសជុល​ឡើងវិញ ហើយ​ក្រុមហ៊ុន​ក៏​បាន​ឯកភាព​ផង​ដែរ​តែ​រហូត​មក​ទល់​ពេល​នេះ​បាត់ស្ងាត់ឈឹង​មិន​ទាន់​ឃើញ​មក​ធ្វើ ​។ ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ថា ​ផ្លូវ​បេតុង​ធ្វើ​មិន​បាន​ប៉ុន្មាន​ងាក​ប្រេះ​ខូច​ៗ មិនដឹង​ថា​ ធ្វើ​យ៉ាងម៉េច​ទេ ដឹង​ថា​លោក​មេឃុំ​គាត់​មិនសូវ​យល់ អ្នកសាងសង់​ និង​ដេញថ្លៃ​បាន​ហើយ​ម៉េច​មិន​ធ្វើ​អោយ​ជាប់​ល្អ ។

លោក វេ​ង លាប ក្រុមហ៊ុន វេ​ង លាប បាន​និយាយ​ថា ផ្លូវ​បេតុង​ណា​ធ្វើ​មិន​ប្រេះ ។ ឆ្លើយ​តប​ទៅ​នឹង​ការ​លើក​ឡើង​របស់​ក្រុមហ៊ុន​មួយ​នេះ ជាក់ស្តែង​ផ្លូវ​បេតុង​សរុប​ប្រវែង ​១៦០ម៉ែត្រ​ត្រូវ​បាន​ធ្វើ​សង​ទៅ​ម្ចាស់​គម្រោង​សង្កាត់​ស្ទឹង​ត្រែង ដោយ​មិន​មាន​ស្នាម​ប្រេះ​នោះ​ឡើយ​ ។

នាយករង​ទីចាត់ការ​ផែនកា​រវិ​និយោគ​រដ្ឋបាល​ខេត្តស្ទឹងត្រែង​លោក មី សោភា មិន​អាច​ទំនាក់ទំនង​តាម​ទូរស័ព្ទ​បាន​ទេ​ដោយសារ​បេសកកម្ម​ចុះទៅ​មូលដ្ឋាន​ពុំ​មាន​សេវា ។

ពាក់ព័ន្ធ​ទៅ​និង​មន្ត្រី​បច្ចេកទេសគួរ​រំលឹក​ថា ​ក្រុមហ៊ុន វេ​ង លាប ត្រូវបាន​ដាក់​ចូល​បញ្ជីខ្មៅ​ជា​រៀង​រហូត​នៅ​ខេត្តព្រះវិហារ ដោយ​ក្រុមហ៊ុន​បាន​អនុវត្ត​ខុស​ពី​នីតិវិធី​លទ្ធកម្ម​គម្រោង​មូលនិធិ​ឃុំ សង្កាត់ ដោយបង្ខំ​គណៈកម្ម​ការ​លទ្ធកម្ម​ឃុំ​ឱ្យ​អនុវត្ត​ខុស​ពី​នីតិវិធី តែ​គណៈកម្មការ​លទ្ធកម្មមិន​ព្រម ហើយ​សុំ​ថត​សំណុំ​ឯកសារ​ដេញថ្លៃ​ក្រុមហ៊ុន​ដែល​បាន​ដាក់​សំណើដេញថ្លៃ និង​បង្ក​ការ​អុកឡុក​យ៉ាង​អ​នា​ធិ​បតេ​យ្យ មិន​គោរព​តាម​នីតិវិធី​គោល​ការណ៍​ណែនាំ ដូច​មាន​ចែង​ក្នុង​សៀវភៅ​ណែនាំ​ស្តី​ពី​ការ​អនុវត្ត​គម្រោង​មូលនិធិឃុំ សង្កាត់ និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​ជា​ធរមាន ​។

ក្រុមហ៊ុននេះ​ក៏​បាន​បដិសេធពី​គណៈកម្មការ​លទ្ធកម្ម​ឃុំ សង្កាត់​ចំពោះ​ការ​ចូលរួម​ដាក់​សំណើរ​ដេញថ្លៃ​គម្រោង​មួយ​ចំនួន​​នៅ​តាម​បណ្តា​ខេត្ត​ផង​ដែរ​ ។

ព័ត៌មានបន្ថែមនឹងមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ